ខេត្តកំពត ៖ បន្ទាប់ពីបានឃើញអ្នកឧកញ៉ា សុខ គង់ ថតរូបក្រោយរៀបការ (Post-Wedding) ៥១ឆ្នាំ ជាមួយ លោកស្រីអ្នកឧកញ៉ា គឹម ឡេង ជាភរិយា នៅភូមិគ្រឹះផ្ទាល់ខ្លួន ដ៏ធំស្កឹមស្កៃ តម្លៃប្រមាណ ១០ លានដុល្លារ ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត នោះមក ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសអ្នកដែលបានឃើញតាមបណ្តាញសង្គម មានការភ្ញាក់ផ្អើល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ ស្ងើចសរសើរថា ពិតជាភូមិគ្រឹះធំទូលាយ ល្អដាច់គេ របស់មហាសេដ្ឋីនៅស្រុកខ្មែរ។

តាមប្រភពព័ត៌មាន ឲ្យដឹងថា ភូមិគ្រឹះដ៏ធំស្កឹមស្កៃ តម្លៃប្រមាណ ១០លានដុល្លារ របស់អ្នកឧកញ៉ា សុខ គង់ នេះ បានសម្ពោធកាលពាក់កណ្តាលឆ្នាំ២០២២ កន្លងទៅ។

រូបភាព អ្នកឧកញ៉ា សុខ គង់ និងភរិយា ថតរូបក្រោយរៀបការ (Post-Wedding) ជាមួយសម្លៀកបំពាក់សម័យ បុរាណ នៅភូមិគ្រឹះរបស់អ្នកឧកញ៉ា ត្រូវបានក្រុមការងារថតរូប Winter Photography បង្ហោះនៅលើបណ្តាញ សង្គម កាលពីពេលពេលថ្មីៗនេះ ដែលមានទាំងរូបថតនៅក្នុងភូមិគ្រឹះ និងក្រៅភូមិគ្រឹះ ស្ថិតលើកំពូលភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ដែលបង្ហាញឲ្យឃើញនូវភូមិគ្រឹះដ៏ប្រណីត ធំស្កឹមស្កៃ ទីធ្លាធំទូលាយ ជាមួយគ្រឿង សង្ហារិម និងសម្ភារ:តែងលម្អទំនើបៗ ថ្លៃៗជាច្រើន ធ្វើឲ្យមើលទៅស្រស់ស្អាត ថ្លៃថ្នូរ អស្ចារ្យ ដែលអ្នកបាន ឃើញមិនអាចអត់ទ្រាំមិនស្ងើចសរសើរមិនបាន ។

គួរបញ្ជាក់ថា តាមឯកសារដែលនិយាយពីដំណើរជីវិតរបស់អ្នកឧកញ៉ា សុខ គង់ បានឲ្យដឹងថា អ្នកឧកញ៉ា សុខ គង់ និងលោកស្រីអ្នកឧកញ៉ា គឹម ឡេង ជាភរិយា បានរៀបអាពាហ៍ពិពាហ៍ កាលពីចុងឆ្នាំ១៩៧២ ។ ចំណងអាពាហ៍ពិពាហ៍ ៥១ឆ្នាំ កន្លងមកនេះ អ្នកឧកញ៉ា សុខ គង់ និងភរិយា មានបុត្រាបុត្រីចំនួន ៦នាក់ ក្នុងនោះកូនប្រុសស្រី ចំនួន ៥រូប មានគោរមងារ «ឧកញ៉ា» រួមមាន ១-ឧកញ៉ា សុខ យាក ២-ឧកញ៉ា សុខ ហុង ៣-លោក សុខ សុវណ្ណនិត ៤-លោកស្រីឧកញ៉ា សុខ ចន្ថា ៥- លោកស្រីឧកញ៉ា សុខ ចន្ធី ៦-លោក ស្រីឧកញ៉ា សុខ ចន្ធូ ។

អ្នកឧកញ៉ា សុខ គង់ សព្វថ្ងៃមានវ័យជាង ៧០ឆ្នាំ អ្នកឧកញ៉ា សុខ គង់ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប ជាពាណិជ្ជករដ៏មានឥទ្ធិពលមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រប់គ្រងជំនួញក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្រុង បូកគោ និងបណ្តាខេត្តសំខាន់ៗជាច្រើន៕ ខៀវទុំ





