ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាល ខេត្តព្រះសីហនុ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានធ្វើការទទួលស្វាគមន៍យ៉ាងកក់ ក្តៅចំពោះវត្តមាន សាជាថ្មីម្តងទៀត របស់នាវាវេស្ទើរដាម (MS Westerdam) ដែលបាននាំអ្នកទេសចរចម្រុះជាតិសាសន៍ ជាង ២០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ការចូលចតជាថ្មី នាពេលនេះ គឺជាខួប ១៥០ឆ្នាំ របស់ក្រុមហ៊ុន Holland America Line ដែលជាក្រុមហ៊ុនកាន់ កាប់ដំណើរការនាវា MS Westerdam ។ ពិធីរំលឹកខួប ១៥០ឆ្នាំនេះ ត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅលើនាវា Westerdam ក្នុងអំឡុងពេលចុះចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី បង្ហាញពីទំនាក់ទំនងជិតស្និទ្ធនិងអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅជាមួយកម្ពុជា។ ការត្រឡប់មកវិញនេះ គឺជាការ រំលឹកដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអា យុជីវិត ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដ និយមរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិតមនុស្ស លើកកម្ពស់ សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ ធ្វើឲ្យកម្ពុជា ទទួលបានការកោតសរសើរពីពិភបលោក ថា “កម្ពុជា តូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរ ជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ ដោយអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិ សណ្ឋារកិច្ចអ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ៕


