ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ នៃមន្ទីរបរិស្ថាន បានចេញមុខបដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ (N3) ដែលបានលើកឡើងថា មានជនជាតិវៀតណាម លួចលាក់ធ្វើអាជីវកម្មរ៉ែមាស យ៉ាងអនាធិបតេយ្យ នៅក្នុង តំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះ បានចុះទៅពិនិត្យ និងស្វែងរកដល់ទីតាំងជាក់ស្តែង រយៈពេល ២ថ្ងៃ ជាប់ៗគ្នា ប៉ុន្តែពុំមានឃើញស្លាកស្នាមអ្វីឡើយ។
យោងតាមរបាយការណ៍របស់ការិយាល័យឧទ្យានជាតិ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កា លពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអន្តរាគមន៍ចម្រុះ រួមមាន ៖ មន្ត្រីឧទ្យានុរក្ស កងរាជអាវុធហត្ថស្រុកសៀមប៉ាង ប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំង យោធាផ្នែកសឹករងសៀមប៉ាង បានចុះទៅដល់ចំណុចភ្នំតូច ត្រង់និយាមការ (687719-1555118) ជាបន្ទាន់។

នៅទីតាំងនោះ កម្លាំងជំនាញ ពុំបានរកឃើញសកម្មភាពល្មើសច្បាប់ណាមួយឡើយ ហើយថែមទាំងបាន សម្រាកដេកព្រៃល្បាត ដើម្បីឃ្លាំមើលការចេញចូលយ៉ាងតឹងរ៉ឹងទៀតផង។ តាមការបញ្ជាក់ពីមន្ត្រីឧទ្យានជាតិ ធានាឱ្យកាន់តែច្បាស់លាស់ នៅថ្ងៃទី២៧ ខែឧសភា លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំកម្លាំងបន្ថែម ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសៀមប៉ាង និងសហគមន៍តំបន់ការពារធម្មជាតិ អូរកាពីន ចុះទៅពិនិត្យម្តងទៀត នៅត្រង់ចំណុចនិយាមការ (687726-1555114) ស្ថិតក្នុងភូមិសាស្ត្រគិរីបាសក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជាលទ្ធផល គឺមិនមានស្លាកស្នាម ឬសកម្មភាពកាយដីរុករករ៉ែ ដូចការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។

បច្ចុប្បន្នមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏បានដំឡើងកិច្ចសហការទ្វេដង ជាមួយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី ដើម្បីរួមគ្នាបង្កើនការល្បាត ការពារ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រ ភេទ នៅតាមបណ្តោយព្រំប្រទល់រវាងខេត្តទាំងពីរ ស្របតាមច្បាប់ជាធរមាន៕

