ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនស្ត្រីសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅក្នុងទំហំទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ។
ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះអ៊ឹង ជុងហុង ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានដាក់ពាក្យប្តឹងចូលទៅកាន់នគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពីបទរំលោភលើទំនុកចិត្ត លើទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ។
ស្ត្រីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕