ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនថា រូបភាពវីដេអូ នៃការជិះម៉ូតូរបស់កម្លាំងនគរបាល (ស្លៀកពាក់ស៊ីវិល) ដោយមិនពាក់មួក និងដាក់កញ្ចក់ គឺជាកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាដែលបង្កគ្រោះថ្នាក់ និងទើបចេញពីពន្ធនាគារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះកំហុសឆ្គង នៃការមិនគោរពច្បាប់ចរាចរណ៍របស់កង កម្លាំង ទាំងការមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ ការបញ្ចេញអាវុធសៀតចង្កេះ ដោយគ្មានការបិទបាំង និងមិនពាក់កាតសម្គាល់ខ្លួន។ ទន្ទឹមគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏សូមធ្វើការពន្យល់ជូនសាធារណៈ និងអ្នកសារព័ត៌មាន ឱ្យបានជ្រាបអំពីស្ថានភាពជាក់ស្តែង នៃប្រតិបត្តិការរបស់កម្លាំងជំនាញ ៖

– ការជិះម៉ូតូ មិនពាក់មួក ៖ នៅពេលទទួលបានព័ត៌មានអំពីបទល្មើសដែលកើតឡើងភ្លាម កម្លាំងជំនាញ ប្រញាប់រួសរាន់ដើម្បីចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការពាក់មួកសុវត្ថិ ភាព ដែលខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ មួយវិញទៀត ការពាក់មួកសុវត្ថិភាព ក្នុងការជិះម៉ូតូប្រដេញ ដែលមានល្បឿនលឿន (ពេលខ្លះអាច១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង) ក៏ជាឧបសគ្គមួយផងដែរ ដោយកម្លាំងមើលមិនបានច្បាស់ និងគ្រប់ជ្រុងជ្រោយ អាចបង្កគ្រោះថ្នាក់ពេលប្រដេញ។

– ការសៀតអាវុធ ដោយមិនបានបិទបាំង ៖ វីដេអូនោះ គឺក្រោយប្រតិបត្តិការ ដូច្នេះនៅពេលកំពុងប្រតិបត្តិការ កម្លាំងប្រើប្រាស់ម៉ូតូ ក្នុងល្បឿនលឿន ដូច្នេះធ្វើឱ្យប៉ើងអាវ ចេញអាវុធមកខាងក្រៅ និងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញ ព្រោះកម្លាំងជំនាញកំពុងដឹកមុខ សញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

– ការមិនដាក់កញ្ចក់ ៖ ថ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើស ដោយសារពេលខ្លះ ជនល្មើសជិះគេចចូលតាមផ្លូវដែលតូចចង្អៀត ដែលងាយនឹងប៉ះជាមួយកញ្ចក់ ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំង។

ជាថ្មីម្តងទៀត នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ ប៉ុន្តែទិសដៅតែមួយគត់ គឺការបង្ក្រាបបទល្មើស ឱ្យខាងតែបាន ដោយពេលខ្លះមិនបានគិតសូម្បីសុវត្ថិ ភាពផ្ទាល់ខ្លួន។ ចំពោះមុខនេះ អង្គភាពក៏បានអប់រំណែ នាំដល់កម្លាំងជំនាញទាំងអស់ ត្រូវកែប្រែរាល់កំហុស ឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ។

អាស្រ័យដូចបានជម្រាបជូនខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាយោគយល់ដោយក្តីអនុគ្រោះ៕

