Thursday, July 3, 2025
Homeសង្គម និងជីវិតតារា៣១៨គីឡូ ខ្លាចស្លាប់ដូចធុង-ឆាង ប្រឹងសម្រក៣ខែ បានជាង៣០គីឡូ

តារា៣១៨គីឡូ ខ្លាចស្លាប់ដូចធុង-ឆាង ប្រឹងសម្រក៣ខែ បានជាង៣០គីឡូ

ភ្នំពេញ ៖ តារាកំប្លែងក្រុមទម្ងន់យក្ស ដែលមានគីឡូធ្ងន់ជាងគេ នាយស្មាច់ អតីតដៃគូនាយធុង នាយឆាង បានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំង បន្ទាប់ពីបានព្យាយាមសម្រកទម្ងន់បានជោគជ័យ ពី៣១៨គីឡូ មកនៅត្រឹម ២៨០គីឡូ ពោលគឺស្រកបានជាង៣០គីឡូក្រាម ត្រឹមរយៈពេលជាង ៣ខែ ដោយក្នុងនោះ មូលហេតុចម្បងដែល នាំឱ្យលោកប្រឹងសម្រកគីឡូ ក៏ដោយសារតែភ័យខ្លាចស្លាប់ នៅពេលឃើញមិត្តរូមក្រុម ២នាក់ (នាយធុង និងនាយឆាង) បានបាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារតែជំងឺធាត់ ហេតុនេះលោកព្យាយាមហាត់ប្រាណផង គ្រប់គ្រងរបបអាហារផង ពិសេសបានទទួលទាន អាហារសម្រកទម្ងន់ផង។

នាយស្មាច់ ដែលមានអាយុ ៤៧ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ថា ចំពោះការងារសិល្បៈរបស់លោក តាំងពីបាត់នាយធុង និងនាយឆាង ធ្វើឱ្យការងារសិល្បៈរបស់លោក ត្រូវស្ងាត់សូន្យ។ ជាក់ស្តែង កាលពីនាយធុង នៅមានជីវិត ចំណូលសិល្បៈរបស់លោក ក្នុង១ខែ អាចរកប្រាក់កម្រៃបាន ពី៦០០ ទៅ៧០០ដុល្លារ ដើម្បីទប់ទល់ជីវភាព លុះអស់ពីនាយធុង ទៅបាន១ឆ្នាំ លោកជាមួយនិងដៃគូម្នាក់ទៀត គឺនាយឆាង អាចរកចំណូលបានត្រឹមតែ ១៥០ ទៅ ២០០ដុល្លារប៉ុណ្ណោះ ក្នុង១ខែ ស្រាប់តែថ្មីៗនេះ នាយឆាង ក៏បានចាកចេញទៅបាត់ម្នាក់ទៀត ធ្វើឱ្យចំណូលរបស់លោកលែងមាន និងថែមទាំងធ្វើឱ្យលោកភ័យខ្លាច និងអស់សង្ឃឹមក្នុងជីវិតយ៉ាងខ្លាំងទៀតផង។

នាយស្មាច់ បានបន្តថា ចំពោះរឿងសុខភាព ក្នុងចំណោមពួកលោកទាំង៤នាក់ ដែលមិត្តរួមក្រុមសម្តែង គឺនាយធុង មានសុខភាព រឹងមាំជាងគេនៅក្នុងក្រុម ខណៈដែលរូបលោក គឺមានសុខភាពអន់ខ្សោយជាងគេបំផុត ព្រោះតែគីឡូធ្ងន់លើសគេ និងមានវ័យចាស់ជាងគេ។ លុះបន្ទាប់ពីបាត់បង់ដៃគូ ម្តងមួយៗ (១ឆ្នាំមួយៗ) បែបនេះ បានធ្វើឱ្យរូបលោក ហាក់មានអារម្មណ៍ភ័យព្រួយយ៉ាងខ្លាំង ក្នុងនោះនាយធុង បានលាចាកលោកទៅ នៅអំឡុងខែឧសភា ឆ្នាំ២០២៤ ស្រាប់តែនាយឆាង បានទទូលមរណភាពនៅអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាហេតុធ្វើឱ្យរូបលោក មានអារម្មណ៍ភ័យតក់ស្លុត (ភ័យខ្លាចស្លាប់) ដោយលើកជាសំណួរចោទសួរខ្លួនឯងថា “ពួកវារឹងមាំជាងយើង ហេតុអីទៅមុនយើង?” តែអ្វីដែលធ្វើឱ្យលោកបានធូរស្រាលចិត្តវិញខ្លះៗនោះ គឺនៅត្រង់ សុខភាពរបស់លោក នៅល្អ ពិសេសកម្រិតជាតិស្ករ ហើយបញ្ហាសព្វថ្ងៃ មានតែបញ្ហាជង្គង់តែមួយមុខគត់។

ចំពោះរបបអាហារហូបចុកប្រចាំថ្ងៃ នាយស្មាច់ បានបញ្ជាក់ប្រាប់ថា ចំពោះបាយ គឺលោកទទួលទានធម្មតា ប៉ុន្តែចំពោះបង្ហែម គឺលោកមិនដែលហូបទេ។ ចំណែកកាហ្វេ គឺលោកទទួលទាន ១ថ្ងៃ ១ដង ប៉ុន្តែទឹកកក លោកមិនដែលទទួលទានឡើយ គឺហូបតែទឹកក្តៅប៉ុណ្ណោះ តែក្រោយពេលដែលនាយធុង ចាកចេញទេបាត់ទៅ លោកបានទទួលទានអាហារបំប៉នក្រូចឆ្មារ ជាប្រភេទតែ ជាប្រចាំ ធ្វើឱ្យលោកស្រួលខ្លួន សុខភាពល្អ និងថែមទាំងស្រកទម្ងន់បានជាង ៣០គីឡូទៀតផង ដោយពីមុន គីឡូរបស់លោក ៣១៨គីឡូ តែពេលឃើញប្អូនៗរួមក្រុម ចាកចោលម្តងមួយៗ ផុយៗពេក ធ្វើឱ្យលោកនឹកឃើញថា ខ្លួនមានប្រពន្ធ មានកូន ចង់នៅមើលថែប្រពន្ធកូន បានយូរបន្តិច ទើបចេះតែព្យាយាមខំប្រឹងហាត់ប្រាណ ខំប្រឹងដើរ និងព្យាយាមធ្វើចលនាឱ្យបានច្រើន គួបផ្សំនឹងការទទួលទានអាហារបំប៉នតែក្រូចឆ្មា ផងនោះ ទើបធ្វើឱ្យលោកបានស្រកគីឡូមកនៅត្រឹម ២៨០គីឡូ និងមានអារម្មណ៍ថា បានធូរស្រាលក្នុងខ្លួនច្រើន៕ ដារិទ្ធ

RELATED ARTICLES