Tuesday, July 8, 2025
Homeសង្គម និងជីវិត ស្ត្រីចំណាស់ ភ្លើងឆេះ.../ផ្ទះហ្មត់

 ស្ត្រីចំណាស់ ភ្លើងឆេះ…/ផ្ទះហ្មត់

ខេត្តបាត់ដំបង ៖ ផ្ទះ ១ខ្នង ដែលជាកម្មសិទ្ធិរបស់ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិផង ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ កុំឱ្យឆាបឆេះរាលដាលបន្តទៀត។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ផ្ទះដែលរងការឆាបឆេះ សង់ពីថ្មក្រោម ឈើលើ ប្រក់ដំបូលស័ង្កសី មានទំហំ ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះអឿ ហាន ភេទស្រី អាយុ៦២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា តាមការអះអាងពីម្ចាស់ផ្ទះ អគ្គិភ័យខាងលើនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ហើយភ្លើងបានឆាបឆេះយ៉ាងលឿនបំផុត ជាហេតុធ្វើឱ្យម្ចាស់ផ្ទះ និងអ្នកភូមិ មិនអាចជួយរំដោះសម្ភារៈឬអីវ៉ាន់ ចេញពីខាងក្នុងបានឡើយ។

ក្រោយទទួលបានករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងទាក់ទងសុំអន្តរាគមន៍បន្តពីកម្លាំងជំនាញពន្លត់អគ្គិភ័យ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចុះអន្តរាគមន៍ភ្លាមៗ តែបានត្រឹមតែជួយបាញ់ទប់ស្កាត់ មិនឱ្យឆ្លងរាលដាលណ្ណោះ ព្រោះអគ្គិភ័យបានឆេះលឿនពេក។

សមត្ថកិច្ច បានបញ្ជាក់ថា មានរបស់របរតិចតួចណាស់ ដែលជនរងគ្រោះ និងប្រជាពលរដ្ឋបានជួយរំដោះផុតពីចំណីភ្លើង ក្រៅពីនោះក្លាយជាផេះទាំងអស់។ ប៉ុន្តែភ្លាមៗនោះ មិនទាន់ដឹងពីទំហំនៃការខាតបង់នៅឡើយទេ ព្រោះមន្ត្រីជំនាញនិងអាជ្ញាធរ កំពុងធ្វើការសាកសួរជនរងគ្រោះ៕

RELATED ARTICLES