ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ប្រាប់ប្រធានព្រឹទ្ធសភាកម្ពុជា ថាបារាំង ត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រកម្ពុជា ដែលបានយកករណីវិវាទព្រំ mដែន ៤ចំណុច ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

លោកហ្សាក់ ប៉ឺលឡេត៍ (Jacques PELLET) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលរូបលោកត្រូវបានសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា ដែលលោកបានជួយសម្រួបសម្រួលរៀបចំ ដូចជាព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការការងារ និងការចូលរួមកិច្ចប្រជុំកំពូលនានានៅបារាំង របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេច ហ៊ុន សែន ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ សកម្មភាពទាំងនេះ គឺជាកិច្ចឆ្លើយតបដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។ ជាមួយគ្នានេះ សម្តេច បានចូលរួមអបអរ សាទរចំពោះការបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនលោកឯកអគ្គរដ្ឋទូត ដែលជាការឆ្លុះ បញ្ចាំងនូវការរួមចំណែកដ៏សំខាន់របស់លោក នាពេលកន្លងនេះ ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាឱកាសជំនួបនេះ លោក Jacques PELLET បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម និងជម្រាបលា។ លោកឯកអគ្គរដ្ឋទូត បានរំលឹកអំពីប្រវត្តិការងារជាអ្នកការទូតរបស់លោក ដែលបានចាប់ផ្តើមជាមួយកម្ពុជា កាលពី ៣០ឆ្នាំមុន និងបញ្ចប់ជាមួយកម្ពុជា បន្ទាប់ពីបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជា មុនចូលនិវត្តន៍។ រយៈពេល ៣០ឆ្នាំនេះ បានធ្វើឱ្យលោកឯកអគ្គរដ្ឋទូត សង្កេតឃើញអំពីសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា។ នៅក្នុងបរិបទនេះ លោកឯកអគ្គរដ្ឋទូត បានអះអាងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យវេជ្ជសាស្រ្ត ច្បាប់ សេដ្ឋកិច្ច ពា ណិជ្ជកម្ម អប់រំ យោធា ទឹកស្អាត បេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។ ទន្ទឹមគ្នានេះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីក្តីសង្ឃឹមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះ ដោយលោកបានសង្កេតឃើញអំពីសក្តានុពលដែលភាគីកម្ពុជា-បារាំង អាចធ្វើការរួមគ្នាក្នុងការលើកកម្ពស់បន្ថែម។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ហើយលោកបានបញ្ជាក់ថា លោកប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។
បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជា និងបារាំង មានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើង នៅក្នុងសំណុំរឿងអ៊ុយក្រែន។
ជាការឆ្លើយតប សម្តេចហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូត ជាថ្មីម្តងទៀត ចំពោះកិច្ចការនិងកិច្ចសហប្រតិបត្តិការទាំងឡាយ ដែលលោកឯកអគ្គរដ្ឋទូត បានខិតខំជំរុញ រួមទាំងទស្សនកិច្ចនិងទស្សនកិច្ចការងារ និងការចូលរួមសន្និសីទស្តីពីសាមគ្គីភាពជាមួយនឹងប្រជាជនអ៊ុយក្រែន របស់សម្តេច នៅបារាំង នៅចុងឆ្នាំ២០២២។ សម្តេច បានបញ្ជាក់ថា វត្តមានរបស់សម្តេច នៅទីក្រុងប៉ារីស មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាបំណងប្រាថ្នារបស់សម្តេច ហើយជាភាពជិតស្និទ្ធដ៏កម្រមួយ ដែលលោកប្រធានាធិបតី ម៉ាក្រុង ផ្តល់ជូនសម្តេច។ ចាប់តាំពីពេលនោះ សម្តេច បានបន្តលើកឡើងថា សម្តេច និងលោកប្រធានាធិបតី ម៉ាក្រុង បានធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាជាបន្តបន្ទាប់មក ហើយលោកប្រធានាធិបតី ម៉ាក្រុង ក៏បានជម្រាបថា លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នៅឆ្នាំ២០២៦។ ស្របគ្នានេះ សម្តេច បានបន្តលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងត្រូវរៀបចំឡើងសាជាថ្មី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ២៩ឆ្នាំ ក្រោយពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាម នៅឆ្នាំ១៩៩៧ ដែលជាការរួមចំណែកលើកកម្ពស់ថែរក្សាមរតកភាសាបារាំង។
នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចហ៊ុន សែន បានលើកឡើងជាលក្ខណៈអនុសាសន៍ ឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្តានុពលសម្រាប់គាំទ្រភាសាបារាំង ដែលនៅក្នុងនោះរួមមាន វិស័យសុខាភិបាល ច្បាប់ និងការបណ្តុះបណ្តាលភាសាបារាំង ជាដើម។ ជាមួយគ្នានេះ សម្តេច បានថ្លែងអំណរគុណចំពោះកិច្ចប្រហប្រតិបត្តិការ និងការជួយគាំទ្រនានាដែលបារាំង បានចូលរួមចំណែកកន្លងមក រួមទាំងការគាំពារបេតិកភណ្ឌ ការជួយបណ្តុះពូជដើមកៅស៊ូ និងវត្តមានរបស់ក្រុមហ៊ុន Vinci នៅកម្ពុជា និងបានស្នើឱ្យបារាំង ចូលរួមចំណែកបន្តទៀត។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោល ជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការនិងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចហ៊ុន ម៉ាណែត កន្លងមក។
នៅចុងបញ្ចប់ សម្តេចហ៊ុន សែន បានជូនពរលោក Jacques PELLET ទទួលបានជោគជ័យបន្ថែមទៀត ក្នុងការបំពេញតួនាទីថ្មី៕ ខៀវទុំ