ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណ ជិត២០ខ្នង នៅក្នុងឃុំ ចំនួន២ នៃស្រុកថ្មគោល ខេត្តបាត់ដំបង បានរងការខូចខាតជាថ្មីទៀត ដោយខ្យល់កន្ត្រាក់ វាយប្រហារ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តែពុំបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ឃុំ ចំនួន២ ដែលរងការប៉ះទង្គិចដោយខ្យល់កន្ត្រាក់ រួមមាន ទី១-ឃុំគោកឃ្មុំ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងទី២-ឃុំបឹងព្រីង ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន១៥ខ្នង។ លំនៅឋានដែលរងការខូចខាតនេះ ភាគច្រើនរបើកដំបូង តែពុំមានគ្រោះធ្នាក់មនុស្សទេ។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ភ្លៀងដែលលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងក្លា បានប៉ះទង្គិចទៅលើតំបន់ទីប្រជុំជនភាគច្រើន នៅក្នុងឃុំបឹងព្រីង។ ភ្លៀងមិនខ្លាំងទេ តែខ្យល់កន្ត្រាក់ បោកបក់ខ្លាំង ក្នុងរយៈពេលខ្លី ធ្វើឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋ រាប់សិបខ្នង។

ប្រភពដដែល បន្តថា ស្រុកថ្មគោល ហាក់ទទួលរងនូវបាតុភូតធម្មជាតិ (ខ្យល់កន្ត្រាក់) នេះញឹកញាប់ជាងគេ ក្នុងរយៈពេលជាងមួយសប្តាហ៍ កន្លងទៅនេះ បើធៀបទៅនឹងតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង៕

