Sunday, July 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះរោងចាំចម្ការ អស់៣ម៉ឺនដុល្លារ

ភ្លើងឆេះរោងចាំចម្ការ អស់៣ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ រោងចាំចម្ការ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បណ្តាលឱ្យខូចខាតសម្ភារៈជាច្រើន សរុបជាទឹកប្រាក់ ប្រមាណជាង៣ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចរោងចាំចម្ការ មួយកន្លែង ស្ថិតក្នុងក្រុមទី០១ ស្ថិតក្នុងភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី។

រោងចាំចម្ការដែលរងការឆាបឆេះ មានទំហំ ១២ម៉ែត្រ គុណនឹង ១២ម៉ែត្រ សង់អំពីឈើ ក្រាលក្តារ ដំបូលនិងជញ្ជាំងស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះស្រេង តូរី ភេទប្រុស អាយុ៤៤ឆ្នាំ។

ចំពោះការខូចខាត រួមមាន ឆេះរោងចាំចម្ការ ១ខ្នងទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនធំ រួមមាន ១-សូឡា ១ឈុតធំ គិតជាទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារ។ ២-តុឈើ ២ឈុត និងគ្រែឈើ ១ គិតជាទឹកប្រាក់ ៥ពាន់ដុល្លារ។ ៣-ដុំភ្លើងម៉ូទ័រ ៦គ្រាប់ គិតជាទឹកប្រាក់ ១២០០ដុល្លារ។ ៤-តេលេត្រូន គិតជាទឹកប្រាក់ ចំនួន៥០០០ដុល្លារ។ ៥-រ៉ឺម៉កត្រាក់ទ័រ១ គិតជាទឹកប្រាក់ ចំនួន១០០០ដុល្លារ។ ៦-ម៉ាស៊ីនកាត់ស្មៅ ៣គ្រឿង។ ៧-ម៉ូទ័របូមទឹក ៣គ្រឿង។ ៨-ម៉ូទ័រលាងឡាន ១គ្រឿង។ ៩-រទេះឈើ២។ ១០-ទូកត្នោត២។ ១១-រណារអាឈើ២។ ១២-ម៉ូទ័រដោះវីស ៣គ្រឿង។ ១៣-ម៉ាស៊ីនខ្យល់ ១គ្រឿង និង១៤-កាមេរ៉ាសុវត្ថិភាព ចំនួន២៥គ្រាប់។ សរុបការខូចខាតទាំងអស់ ប្រមាណ ៣ម៉ឺន១ពាន់ដុល្លារ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ១គ្រឿង ដោយប្រើប្រាស់អស់ទឹក ១ឡាន ទើបរលត់ទាំងស្រុង និងមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕

RELATED ARTICLES