Sunday, July 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់បុរី ម៉ន ដានី ចេញសែកស្អុយ តុលាការប្រកាសសាលក្រមថ្ងៃ២៤កក្កដា

ម្ចាស់បុរី ម៉ន ដានី ចេញសែកស្អុយ តុលាការប្រកាសសាលក្រមថ្ងៃ២៤កក្កដា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានលើកយកសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធថៅកែបុរី ម៉ន ដានី មកបើកសវនាការជំនុំជម្រះ ករណីចាយសែកស្អុយ ប្រមាណ៥ម៉ឺនដុល្លារ ដែលសវនាការនេះ បានធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោកទីវ គឹមពិសាល ចៅក្រមជំនុំជម្រះ នៃសាលា ដំបូងរាជធានីភ្នំពេញ និងនៅចំពោះមុខជនជាប់ចោទ ឈ្មោះម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ និងមេធាវីការពារសិទ្ធិតាមផ្លូវច្បាប់ រួមទាំងភាគីដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។

សវនាការបានធ្វើការសាកសួរដេញដោលទៅលើជនជាប់ចោទ អស់រយៈពេលជាច្រើនម៉ោង តាមបណ្តឹងចោទប្រ កាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ដែលមានសាច់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ។

ក្នុងសវនាការមេធាវីការពារក្តីឱ្យជនជាប់ចោទ ម៉ន ដានី បានបញ្ជាក់ថា បណ្តឹងលើទឹកប្រាក់ ៥ម៉ឺនដុល្លារនោះ កូនក្តីបានសងទៅដើមបណ្តឹង ចំនួន៣ម៉ឺនដុល្លាររួចហើយ នៅសល់តែ ២ម៉ឺនដុល្លារទេ និងសន្យាសងជាបន្តបន្ទាប់ទៀត ដូច្នេះមិនគួរត្រូវប្តឹងនោះឡើយ គួរទុកពេលឱ្យកូនបំណុល រកលុយដោះទៅតាមលទ្ធភាព។

ក្រោយបញ្ចប់សវនាការ ចៅក្រមជំនុំជម្រះ បានកំណត់យកព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ។

គួររំលឹកថា លោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី ដែលមុននេះល្បីរឿងត្រូវប្រជាពលរដ្ឋជាច្រើនប្តឹងតវ៉ារឿងលក់ផ្ទះខ្យល់ ទិញផ្ទះ បានដីនោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ខណៈដែលប្រុង ឆ្លងដែនចេញទៅប្រទេសថៃ តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយ។ ក្រោយចាប់ខ្លួនហើយ សមត្ថកិច្ច បានបញ្ជូនជន ជាប់ចោទទៅសាលាដំបូងរាជធានីភ្នំពេញ លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនថៅកែបុរី ម៉ន ដានី ដាក់ពន្ធនាគារ ម២ ព្រៃស ជាបណ្តោះអាសន្ន។

តាមប្រភពព័ត៌មាន បង្ហើបថា ថៅកែបុរី ម៉ន ដានី នៅជាប់បណ្តឹងជាច្រើនករណីទៀត អាចរហូតដល់ទៅជាង៣០បណ្តឹង គិតជាទំហំទឹកប្រាក់ ប្រមាណ ៦០ម៉ឺនដុល្លារ ពាក់ព័ន្ធករណីចេញសែកស្អុយ ដែលបណ្តឹងទាំងអស់នោះ តុលាការនឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់៕

RELATED ARTICLES