Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ ចាប់ពលករខ្មែរ៣៦នាក់ ចោទឆ្លងដែនខុសច្បាប់

ទាហានថៃ ចាប់ពលករខ្មែរ៣៦នាក់ ចោទឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ២ក្រុម មានគ្នាសរុបចំនួន៣៦នាក់ ដែលបាននាំគ្នាវិលត្រឡប់ចូលមកកម្ពុជា តាមច្រករបៀង ត្រូវបានទាហានឈុតខ្មៅថៃ ចាប់ឃាត់ខ្លួន ដោយចោទថាលបលួចឆ្លងដែនខុសច្បាប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅ២ចំណុចផ្សេងគ្នា ដោយចំណុចទី១-នៅភូមិណងព្រឺ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចំណុចទី២-នៅភូមិខៅឌីន ឃុំក្លងខាត ស្រុកក្លងហាត ខេត្តស្រះកែវ ដែលពលករទាំង២ក្រុម នេះសរុបមានចំនួន ៣៦នាក់។

តាមការសាកសួរពីទាហានថៃ ពលករក្រុមទី១ បានបញ្ជាក់ថា ពួកខ្លួនបានចូលទៅធ្វើការនៅខេត្តឈុនបុរី ជាកម្មករសំណង់ និងបានរយៈពេល២ឆ្នាំ ហើយក៏នាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជា វិញ ដោយសារតែអស់ការ ងារធ្វើ។ លុះមកដល់ព្រំដែន បម្រុងនឹងឆ្លង ត្រូវឃាត់ខ្លួនតែម្តង។ ដោយឡែកសម្រាប់ក្រុមទី២ ប្រាប់ថា បានចូលមកធ្វើការកសិកម្ម នៅក្នុងស្រុកខៅកាន់ ខេត្តស្រះកែវ ហើយពេលនេះការងារត្រូវបានបញ្ចប់ ទើបពួកគេនាំគ្នាវិលត្រឡប់ទៅប្រទេសកម្ពុជា វិញ តាមច្រករបៀង តែត្រូវក្រុមទាហានឈុតខ្មៅថៃ ឃាត់ខ្លួនតែម្តង។ពលករខ្មែរ ទាំង៣៦នាក់ ត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួនយកទៅអនុវត្តតាមច្បាប់ ៕

RELATED ARTICLES