ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពកាត់សោហាងជប៉ុន មួយកន្លែង ទាំងពាក់កណ្តាលអធ្រាត្រ រួចចូលទៅលួចសម្ភារៈនិងទ្រព្យសម្បត្តិ បានមួយចំនួនធំ គិតជាប្រាក់ប្រមាណ៥ពាន់ដុល្លារ ហើយនាំគ្នារត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ករណីអំពើលួចនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាង ១កន្លែង យីហោ Metal Rice Bowl Teppanyaki (លក់ម្ហូបបែបជប៉ុន) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១២៣ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន។

តាមប្រភពស្ត្រីជាតំណាងម្ចាស់ហាង បានបញ្ជាក់ប្រាប់ថា ពេលព្រឹកឡើង គាត់បានមកបើកទ្វារហាង ដើម្បីបើកហាងលក់ដូរ ខណៈដើរមកដល់ខាងមុខទ្វារ ស្រាប់តែឃើញសោដែលខ្លួនបានចាក់ បានដាច់ ទើបមានការភ្ញាក់ផ្អើលឡើង ហើយរត់ទៅមើលសម្ភារៈខាងក្នុងហាង បានបាត់អស់ និងសាច់ប្រាក់សុទ្ធមួយចំនួនទៀតផង។ លុះពេលគាត់បើកមើលកាមេរ៉ាសុវត្ថិភាព ប្រទះឃើញមានជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពកាត់សោ ចូលលួចក្នុងហាង និងលួចយកសម្ភារៈ ប្រមូលច្រកបាវ រួចលីចេញបាត់អស់។

ប្រភពដដែល បន្តថា សម្ភារៈដែលបាត់បង់ រួមមាន កំព្យូទ័រ អាយផេត ទូរស័ព្ទម៉ាក iPhone ម៉ាស៊ីនគិតលុយ ស្រា និងសាច់ប្រាក់មួយចំនួន ដោយគិតជាទឹកប្រាក់សរុបអស់ប្រហែល៥ពាន់ដុល្លារ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលទំពូងទី១ ដើម្បីធ្វើការស្រាវរកមុខសញ្ញា យកមកដាក់ទោសតាមច្បាប់៕

