ភ្នំពេញ ៖ សភាព្រហ្មទណ្ឌ នៃតុលាការកំពូល កាលពីនៅថ្ងៃទី១១ ខែកក្កដា ២០២៥ បានសម្រេចបដិសេធបណ្តឹងសាទុក្ខសុំនៅក្រៅ ឃុំបណ្តោះអាសន្ន របស់ជនត្រូវចោទ ឈ្មោះប៊ុន ធៀម ដោយបន្តឃុំខ្លួនជននេះដាក់ពន្ធនាគារដដែល ក្រោយបានចេញស្អែកស្អុយដល់ម្ចាស់លុយ នាពេលកន្លងមក។

ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅ ក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែ (ម១) ជាបណ្តោះអាសន្ន ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ចេញសែកស្អុយ ចំនួន ៣២៨ ៣៧០ដុល្លារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះប៊ុន ធៀម ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន TIកន្លែងកំណើត នៅភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងមានលំនៅមុនពេលឃាត់ខ្លួន នៅផ្ទះលេខ 211F ផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ឃុំខ្លួន)។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីចុងឆ្នាំ២០២៣ ជនត្រូវចោទឈ្មោះប៊ុន ធៀម និងប្រពន្ធ ឈ្មោះហឿន ស្រីតុន បានមកទំនាក់ទំនងសុំខ្ចីប្រាក់ពីដើមបណ្តឹង (ជនរងគ្រោះ) ចំនួន ៣២៨ ៣៧០ដុល្លារ ដើម្បីយកទៅបង្វិលក្នុងមុខរបររកស៊ី ដោយបានសន្យាថា នឹងសងមកឱ្យវិញ នៅដើមឆ្នាំ២០២៤។

ក្នុងនោះជនត្រូវចោទ ប៊ុន ធៀម និងប្រពន្ធឈ្មោះ ហឿន ស្រីតុន បានចេញមូលប្បទានបត្រ (សែក) ចំនួន១សន្លឹក លេខ១៤០៧៥៦ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់ធនាគារជីបម៉ុង (CHIPMONG COMMERCIAL BANK) ចុះហត្ថលេខាលើមូលប្បទានបត្រ ដោយប្តីឈ្មោះ ប៊ុន ធៀម និងមានទឹកប្រាក់ចំនួន ៣២៨ ៣៧០ដុល្លារ មកឱ្យជនរងគ្រោះ សម្រាប់តម្កល់ទុកធានាបំណុល និងទូទាត់សងប្រាក់។ លុះដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកសន្លឹកមូលប្បទានបត្រខាងលើ ទៅបើកប្រាក់នៅធនាគារ តែត្រូវខាងធនាគារ បញ្ជាក់ត្រឡប់មកវិញថា មូលប្បទានបត្រនោះ គ្មានសាច់ប្រាក់នោះទេ (សែកស្អុយ)។

ទន្ទឹមនឹងនោះ ជនរងគ្រោះ បានទំនាក់ទំនងទៅឈ្មោះប៊ុន ធៀម និងឈ្មោះ ហឿន ស្រីតុន ជាច្រើនលើកច្រើនសា។ ប៉ុន្តែអ្នកទាំងពីរ ពុំបានឆ្លើយតប និងព្យាយាមគេចវេះ មិនបំពេញកាតព្វកិច្ច និងមិនព្រមចេញមុខដោះ ស្រាយឡើយ។ លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះបានប្តឹងប្តីប្រពន្ធ ១គូនេះ ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតតុលាការអនុវត្តនីតិវិធី ចាប់និងឃុំខ្លួនជនត្រូវចោទឈ្មោះប៊ុន ធៀម ខណៈឈ្មោះហឿន ស្រីតុន ត្រូវជាប្រពន្ធរបស់ជនត្រូវចោទ បានព្យាយាមប្តឹងតវ៉ាសុំឱ្យប្តីនៅក្រៅឃុំ ជាបន្ត បន្ទាប់ តែករណីនេះ តុលាការទាំង៣ថ្នាក់ បានអនុវត្តច្បាប់ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ប៊ុន ធៀម បាននៅក្រៅឃុំឡើយ។
ប្រភពបន្តថា សំណុំរឿងចេញសែកស្អុយមួយនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោសជនត្រូវចោទឈ្មោះប៊ុន ធៀម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។

ជាមួយគ្នានេះ ជនរងគ្រោះ សុំស្នើយ៉ាងទទូចដល់សាលាដំបូងរាជធានីភ្នំពេញ មេត្តាវិនិច្ឆ័យសម្រេចសេចក្តី និងផ្តន្ទាទោសជនត្រូវចោទ ឱ្យបានធ្ងន់ធ្ងរបំផុត និងសុំឱ្យតុលាការចេញដីកាបង្គាប់មកជនត្រូវចោទឈ្មោះប៊ុន ធៀម រួមនិងប្រពន្ធ ឱ្យប្រគល់ប្រាក់ចំនួន ៣២៨ ៣៧០ដុល្លារ មកឱ្យខ្លួនវិញ និងសុំទាមទារសំណងជំងឺចិត្ត សោហ៊ុយផ្សេងៗ សេវាកម្មផ្លូវច្បាប់ ចំនួន១០ម៉ឺនដុល្លារទៀត៕