ភ្នំពេញៈ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជនទាំងអស់ សូមមេត្តាពិនិត្យឱ្យអស់លទ្ធភាព ក្នុងការផ្គត់ផ្គង់អគ្គិសនី ដល់ទីតាំងសុវត្ថិភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលប្រជាពលរដ្ឋបានភៀសខ្លួនមកស្នាក់នៅ បន្ទាប់ពីអំពើមានការឈ្លានពានរបស់កងទ័ពថៃ។

តាមសេចក្តីអំពាវនាវរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បញ្ជាក់ថា បន្ទាប់ពីអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើអធិបតេយ្យកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានតម្រូវឱ្យប្រជាពលរដ្ឋកម្ពុជា រស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវភៀសខ្លួនមកកាន់ទីតាំងសុវត្ថិភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរអគ្គិសនីកម្ពុជា សូមអំពាវនាវដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក,លោកស្រី នាងកញ្ញា អ្នកកាន់អាជ្ញាប័ណ្ណផ្គត់ផ្គង់អគ្គិសនីឯកជនទាំងអស់ មេត្តាជួយពិនិត្យឱ្យអស់លទ្ធភាពក្នុងការផ្គត់ផ្គង់អគ្គិសនី ដល់ទីតាំងសុវត្ថិភាពទាំងអស់ ដែលឋិត ក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន ដោយសហការជាមួយ អគ្គិសនីកម្ពុជា ក្រសួង, ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕