ភ្នំពេញ ៖ ឆ្លើយតបការអំពាវនាវរបស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សា ភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ឲ្យសូមបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ មេត្តាចូលរួមបរិច្ចាគឈាម ឱ្យបានច្រើនគ្នា ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច នៅកោះពេជ្រ អគារ JKL នោះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីគ្រប់មជ្ឍដ្ឋាន រួមទាំងព្រះសង្ឃផងដែរ បានមកបរិច្ចាគឈាមដោយទឹកចិត្តជ្រះថ្លា និងរីករាយ ដែលបញ្ជាក់ពីការ រួបរួមសាមគ្គីខ្មែរបេះដួងតែមួយ និងខឿនការពាជាតិប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ នៅថ្ងៃទិ២៥ ខែកក្កដាឆ្នាំ២០២៥ នោះ ដោយលោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីបរិច្ចាគឈាមថ្ងៃនេះ មានចំនួន២ គឺ ៖

១- បម្រើដល់សេចក្តីត្រូវការជាប្រចាំ ក្នុងការសង្គ្រោះជីវិតមនុស្សដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់។

២- ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដីពីទាហានថៃ នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ឈរលើគោលបំណងសំខាន់២ ខាងលើ ពិធីបរិច្ចាគឈាមមនុស្ស ធម៌ពេលនេះ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផង សម្រាប់តម្រូវការឈាម ជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ នៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាម ជាចាំបាច់ ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាម ជា បន្ទាន់ណាមួយ របស់គ្រូពេទ្យ ព្រោះ “ឈាម ជាជីវិត“។

លោកហ៊ុន ម៉ានី បន្តថា ការបរិច្ចាគឈាមនេះ គឺមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ ក្រុមគ្រូពេទ្យ TYDA, និស្សិតអាហាររូបករណ៍សម្តេចតេជោ (AMT), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងបងប្អូនប្រជាពលរដ្ឋ រួមគ្នាជាកម្លាំងជួរក្រោយ ក្នុងបុព្វហេតុមនុស្សធម៌ និងសង្គ្រោះជីវិត៕ ខៀវទុំ




