Sunday, July 27, 2025
Homeព័ត៌មានជាតិកងទ័ពកម្ពុជា ការពារប្រាសាទតាក្របី បញ្ជាក់ពីការដេញទាហានចោរថៃ បាក់ទ័ពរត់អស់

កងទ័ពកម្ពុជា ការពារប្រាសាទតាក្របី បញ្ជាក់ពីការដេញទាហានចោរថៃ បាក់ទ័ពរត់អស់

ខេត្តឧត្តរមានជ័យ ៖ កងទ័ពជួរមុខកម្ពុជា មួយរូប ដែលឈរជើងការពារប្រាសាទតាក្របី និងបានចូលរួមប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបង្កឡើងដោយទាហានថៃ ឈ្លានពានទឹកដីកម្ពុជា បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ហើយត្រូវបានកងទ័ពកម្ពុជា ប្រើសិទ្ធិតបត និងវាយបក ដេញទាហានថៃ បាក់ទ័ព រត់ចេញអស់ពីប្រាសាទតាក្របី នោះ បានរៀបរាប់ពីវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលវាយបណ្តេញទាហានចោរថៃឈ្លានពាន ឲ្យរត់ចោលកាំភ្លើងធំ និងត្រង់សេ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

លោកហ៊ុន នាង ជាមន្ត្រីយោធាជួរមុខ ឈរជើងនៅស្លាបខាងស្តាំប្រាសាទតាក្របី (តំបន់ខ្នងភ្នំតូច) និងកំពុងសម្រាកព្យាបាលរបួសភ្លៅ (របួសដោយសារគ្រាប់បេ៦០ របស់ថៃ ទម្លាក់ចុះពីដ្រូន) បានបញ្ជាក់ថា ចំពោះព័ត៌មាននៃការកាន់កាប់នៅតំបន់ប្រាសាទតាក្របី នេះ គឺកងទ័ព កម្ពុជា ពិតជាបានឈរជើងកាន់កាប់ទាំងស្រុងប្រាកដមែន ដោយថែមទាំងរឹបអូសបានកាំភ្លើងធំ ប្រភេទ១០៥មិល្លីម៉ែត្រ របស់ទាហានថៃ នៅលេណដ្ឋានក្បែរប្រាសាទតាក្របី ទៀតផង ដែលទាហានចោរថៃ បានបាក់ទ័ព រត់ចោល។

លោកហ៊ុន នាង បានរៀបរាប់ប្រាប់ថា “សមរភូមិប្រយុទ្ធនៅប្រាសាទតាក្របី បានផ្តើមឡើងនៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ម៉ោង១១កន្លះ ថ្ងៃត្រង់ ទើបផ្អាកបាញ់ នៅវគ្គទី១ ។ លុះដល់វគ្គទី២ វា (ទាហានថៃ) ចាប់ផ្តើមបាញ់សន្ធាប់មកលើយើង មួយសាទៀត នៅម៉ោង ១និង៣០នាទីថ្ងៃ ហើយចប់ទៅវិញ នៅរប៉េសរប៉ស ផ្លោងដាក់គ្នា នៅវេលាម៉ោង ៣កន្លះរសៀល ហើយផ្អាកពីម៉ោង៣កន្លះរសៀល ទៅដល់ម៉ោង៥ ក៏វាបានបាញ់ផ្លោងគ្រាប់១០៥ និង១២៥ហ្នឹងជាច្រើន មកលើមូលដ្ឋានទ័ពខ្មែររបស់យើង ទៅដល់ម៉ោង ៦កន្លះ បានរាងធូរបន្តិច។ កន្លះម៉ោងក្រោយ ខ្ញុំក៏ត្រូវរបួស ព្រោះចុះមកដល់ក្រោម ឡានពេទ្យមកយក វាផ្លោងតាមក្រោយមកទៀត ហើយខ្ញុំក៏បានមកផុតទៅ…”។

លោកហ៊ុន នាង បានបន្តថា «ទ័ពថៃ បានព្យាយាមផ្លោងកាំភ្លើងធំ (កាំភ្លើងត្បាល់) មកលើមូលដ្ឋានទ័ពកម្ពុជា ទាំងស្លាបឆ្វេង ស្លាបស្តាំ (ប្រាសាទតាក្របី) ពោលគឺមួយជួរលើភ្នំដងរែក រហូតដល់តំបន់ថ្មដូន។ នៅពេលព្រឹក ទ័ពថៃ បាញ់សន្ធាប់ខ្លាំង ដោយប្រើកាំភ្លើងដៃ ១៥មល្លីម៉ែត្រ និងប្រើដ្រូនទម្លាក់គ្រាប់ប្រភេទ ៦០មិល្លីម៉ែត្រ។

លោកហ៊ុន នាង បានបញ្ជាក់ថា “ក្នុងដ្រូនរបស់វា (ថៃ) ១ វាដាក់បានគ្រាប់អា៦០ (៦០មិល្លីម៉ែត្រ) ហ្នឹងបាន ៣គ្រាប់ ហើយវាទម្លាក់បាន ១សា វាបកទៅវិញ ទៅដាក់ ១សាមកទៀត វាទម្លាក់បាន ២គ្រាប់ នៅសល់១គ្រាប់ ខ្ញុំបាញ់ត្រូវខួរក្បាលបញ្ជារបស់វា បញ្ជាអត់កើត ក៏ធ្លាក់ តែខ្ញុំអត់ហ៊ានចូលទៅរើសទេ ដោយសារវាធ្លាក់នៅពាក់កណ្តាលគ្នា នៃសមរភូមិ ហើយណាមួយដ្រូនហ្នឹង នៅមានបំពាក់គ្រាប់នៅហ្នឹង ១គ្រាប់ទៀត ដល់ពេលបាញ់ធ្លាក់ហើយ វាក៏ចោលនៅហ្នឹងទៅ ហើយវាក៏បានដកទ័ពស្ងាត់ទៅ នៅវេលាម៉ោង១១ថ្ងៃត្រង់ ដល់ពេលរសៀលម៉ោង១ វាចេញដ្រូន មក១ទៀត ពណ៌ស មិនមែនខ្មៅទេ តែអត់បានទម្លាក់គ្រាប់ទេ ក៏បកទៅវិញ ដោយសារយើងបាញ់សន្ធាប់ពេក។ ដូច្នេះប្រាសាទតាក្របី ត្រូវបានកងទ័ពខ្មែរយើងគ្រប់គ្រងទាំងស្រុង អត់មានរត់ចោលលេណដ្ឋានទេ ចំណែកពួកទ័ពសៀម បានព្យាយាមវាយសន្ធាប់ បំណងមកយកទីតាំងប្រាសាទតាក្របី វិញ តែថ្មើរជើងរបស់វា អត់អាចឡើងមកបានទេ ដោយពួកវារត់បាត់ទៅ ចាប់ពីម៉ោង៣កន្លះរសៀលទៅ គឺបាត់កាំភ្លើង ដៃអស់ហើយ មានតែកាំភ្លើងត្បាល់វា ផ្លោងមកមួយៗ មកលើមូលដ្ឋានទ័ពយើង…”។

យុទ្ធជនកម្ពុជា ខាងលើ បានបញ្ជាក់ថា ក្នុងសមរភូមិប្រយុទ្ធនៅទីតាំងប្រាសាទតាក្របី កាលពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៥ បានបង្កឱ្យរូបលោក រងរបួសជើង (ត្រង់ភ្លៅ) ដោយសារអំបែងគ្រាប់ប្រភេទ៦០មិល្លីម៉ែត្រ ដែលថៃ ទម្លាក់ពីដ្រូន ប៉ុន្តែរបួសតែលោកម្នាក់គត់ ក្រៅពីនេះ កងទ័ពកម្ពុជា មានសុវត្ថិភាពទាំងអស់ អត់មានអ្នករងរបួស ឬពលីជីវិតនោះឡើយ។

លោកហ៊ុន នាង បានបញ្ជាក់ថា “របួសខ្ញុំសើស្បែកស្រាលទេ ហើយបានសម្រាកព្យាបាល ក៏ធូរច្រើនហើយ ហើយខ្ញុំគិតថា បើសិនជាអាច ខ្ញុំសុំទៅ (ជួរមុខ) វិញ តែមិនដឹងថា អង្គភាពខ្ញុំ គាត់បញ្ជូនទៅ ឬមួយក៏ដកខ្ញុំទៅក្រោយ ខ្ញុំតាមបញ្ជា តែទឹកចិត្តគឺនៅតែចង់ត្រឡប់ទៅជួរមុខវិញ…”។

មន្ត្រីយោធាជួរមុខរូបនេះ បានបញ្ជាក់ថា ចំពោះបញ្ហាស្បៀងសម្រាប់កម្លាំងកងទ័ពជួរមុខ គឺមានគ្រប់គ្រាន់ មិនខ្វះខាតនោះទេ មានតាំងពីមី បាយកំប៉ុង សាច់ផាត់ ប្រហុកខ្ទិះ និងអាហារក្រៀមច្រើនទៀត។ ចំណែកជំនួយឧបត្ថម្ភរបស់សប្បុរសជន ក៏ពិតជាបានទៅដល់ដៃកងទ័ព ជួរមុខដែរ គ្រាន់តែថា កន្លែងខ្លះបានតិច កន្លែងខ្លះបានច្រើន ពិសេសអ្នកដែលនៅការពារតំបន់មានភ្ញៀវទេសចរ អាចទទួលបានការឧបត្ថម្ភច្រើន ព្រោះកងទ័ព មិនមែនការពារត្រឹមតែប្រាសាទនោះទេ គឺពង្រាយការពារតាមខ្សែបន្ទាត់ព្រំដែនទាំងមូល (ជួរភ្នំដងរែក) តែម្តង។

ដោយឡែក បើតាមលោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលបានប្រកាសដាក់មុខងារប្រធានបក្សទុកសិន ដើម្បីចុះទៅសមរភូមិមុខ កាន់កាំភ្លើងច្បាំងនឹងចោរថៃ ឈ្លានពានទឹកដីកម្ពុជា នោះ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ថា «នៅតំបន់ប្រាសាទតាក្របី កងទ័ពសៀម បាក់ទ័ព ស្លាប់ផង ចាប់បានជាឈ្លើយសឹកខ្លះផង នៅថ្ងៃត្រង់នេះ ជាថ្ងៃទី២ នៃសង្រ្គាម ដោយបាញ់គ្នារហូត តាំងពីម៉ោង៥ព្រឹក រហូតដល់រសៀលថ្ងៃទី២៥ កក្កដា ២០២៥» ៕ ដារិទ្ធ

RELATED ARTICLES