Friday, August 1, 2025
Homeព័ត៌មានជាតិព្រះចៅអធិការ ដឹកនាំព្រះសង្ឃ៣៥៧អង្គ និមន្តបិណ្ឌបាត ឧបត្ថម្ភជនភៀសសឹក

ព្រះចៅអធិការ ដឹកនាំព្រះសង្ឃ៣៥៧អង្គ និមន្តបិណ្ឌបាត ឧបត្ថម្ភជនភៀសសឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានដឹកនាំព្រះសង្ឃ ចំនួន៣៥៧អង្គ និមន្តបិណ្ឌបាត ដើម្បីឧបត្ថម្ភដល់គ្រួសារភៀសសឹក នៅតាមព្រំដែន ព្រមទាំងបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃ។

ដំណើរនិមន្តបិណ្ឌបាតនេះ បានចេញដំណើរនៅវេលាម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទីថ្ងៃត្រង់ ដោយចាប់ផ្តើមពីវត្តឧណ្ណាលោម ឆ្ពោះទៅសង្កាត់ជ័យជម្នះ សង្កាត់ផ្សារកណ្ដាល សង្កាត់ផ្សារចាស់ និងខណ្ឌដូនពេញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពីពុទ្ធបរិស័ទតាមដងផ្លូវ អញ្ជើញមកផ្ទាល់នៅវត្តឧណ្ណាលោម និងតាមរយៈ QR Code របស់មូលនិធិជួយជនភៀសឹក ដែលផ្តួចផ្តើមដោយគណៈសង្ឃវត្តឧណ្ណា លោម។

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត មានថេរដីកាថា «ដោយមើលឃើញទុក្ខលំបាករបស់ប្រ ជាជនខ្មែរ ភៀសខ្លួនដោយសារសង្គ្រាម បាត់បង់ទីជម្រក កង្វះអាហារ ជាដើម ព្រះសង្ឃ បានពិភាក្សារកវិធីជួយគ្នា តាមដែលអាចធ្វើទៅបាន ក្នុងស្មារតីសាមគ្គីជាតិ។ នេះជាការប្រតិបត្តិករុណាធម៌ និងការខ្វល់ខ្វាយអំពីសង្គម ដែលព្រះសង្ឃ គួរចេញពីវត្ត ទៅជួយញាតិញោមដែលកំពុងមានទុក្ខ ចែករំលែកតាមលទ្ធភាព តាមជំនាញរៀងៗខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា»។ សូមបញ្ជាក់ថា កម្មវិធីប្រមូលមូលនិធិនេះ ក៏នឹងបន្តរាល់ថ្ងៃ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅវត្តឧណ្ណាលោម ឬតាមរយៈ QR Code ដែលមានភ្ជាប់ជួនក្នុងរូបភាពនេះ៕ ខៀវទុំ

RELATED ARTICLES