Saturday, August 2, 2025
Homeព័ត៌មានជាតិកម្ពុជាសង្ឃឹម អូស្ត្រាលី ផ្តល់ជំនាញគុណភាព ដល់យុវជនក្នុងវិស័យអប់រំ

កម្ពុជាសង្ឃឹម អូស្ត្រាលី ផ្តល់ជំនាញគុណភាព ដល់យុវជនក្នុងវិស័យអប់រំ

ភ្នំពេញ ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Naila Mazzucco ស្នងការនៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការី ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ អំពីការពង្រីកវិសាលភាពកិច្ចសហ ប្រតិបត្តិការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ រវាងក្រសួងការងារ និងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីជំរុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានដំណើរការល្អ។ លោកបានសង្កត់ធ្ងន់លើការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការអប់រំបណ្តុះបណ្តាលជំនាញគ្រឿងម៉ាស៊ីនរថយន្តអគ្គិសនី ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា តាមរយៈសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះសង្ឃឹមថា នឹងផ្តល់ជំនាញប្រកបដោយគុណភាព ដល់យុវជននិងពលរដ្ឋកម្ពុជា ឱ្យស្របទៅតាមទីផ្សារការងារ។ ដូច្នេះកម្ពុជា ទន្ទឹងរង់ចាំធ្វើការងារនេះ យ៉ាងជិតស្និទ្ធជាមួយរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្ត្រាលី ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប ភាគីអូស្ត្រាលី បានឯកភាពចំពោះការលើកឡើងរបស់លោកហេង សួរ និងបានបញ្ជាក់ថា រដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្ត្រាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ លោកស្រី បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងមន្ត្រីជំនាញ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តធ្វើកិច្ចការនិងពិភាក្សាគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅដល់ការសម្រេចនូវសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានឆាប់ ដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោងអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា៕

RELATED ARTICLES