Saturday, August 2, 2025
Homeព័ត៌មានជាតិពិធីបួងសួងបារមីឧកញ៉ាឃ្លាំង មឿង ជួយការពារជាតិ ពីសត្រូវឈ្លានពាន

ពិធីបួងសួងបារមីឧកញ៉ាឃ្លាំង មឿង ជួយការពារជាតិ ពីសត្រូវឈ្លានពាន

ខេត្តពោធិ៍សាត់ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបួងសួងរំលឹកគុណដល់បារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងដួងវិញ្ញាណបុព្វបុរសនារីគ្រប់ជំនាន់ ក្នុងការការពារជាតិមាតុភូមិកម្ពុជា ពីសត្រូវឈ្លានពាន។

ពិធីនេះត្រូវបានធ្វើឡើងនៅទីតាំងបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការនិមន្តនិងអញ្ជើញចូលរួមពីព្រះព្រហ្មរក្ខិត សឿន ញាន ព្រះរា ជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាលេខា ធិការសាលាអនុគណស្រុកមុខកំពូល ជាព្រះចៅអធិការវត្តឧត្តមគិរីបព្វតាសិលាគង្គា ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។

លោកស្រី បន្តថា ក្រោមការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ ប្រយុទ្ធគ្នា ក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំកន្លែងសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាល ជូនប្រជាពលរដ្ឋយើងផងដែរ។

លោកស្រី ជូ ប៊ុនអេង សូមថ្លែងអំណរគុណនិងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។ លោកស្រី សូមផ្តល់ការលើកទឹកចិត្ត ជំនឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង រវាងសមរភូមិក្រោយ ដល់វីរកងទ័ពដ៏អង់អាចរបស់យើង នៅសមរភូមិមុខគ្រប់ពេលវេលា។

លោកស្រីសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដីកម្ពុជា ពិសេសការប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិ ព្រមទាំងបានវាយប្រហារលើទីអារាមសាសនា ទីសក្ការបូជា និងទីតាំងស៊ីវិល ដែលជាទង្វើផ្ទុយពីច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌។

សូមជម្រាបថា តាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ និងបានរាលដាលទៅ កាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីទាហានថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ។ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបកិច្ចចរចាសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ បានចាប់ផ្តើមនៅកណ្តាលអធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ។

បើតាមឯកសារប្រវត្តិសាស្ត្រ នៅក្នុងសៀវភៅមហាវីរបុរសខ្មែរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវីរជនស្នេហាជាតិ ខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាមជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា។ រូបរាងកាយលោកឧកញ៉ា និងជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញនិងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលខានឡើយ។

ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលការរំលោភបំពានពីសត្រូវឈ្លានពានសៀម ក្នុងពេលថ្មីៗនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានធ្វើពិធីបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយថែរក្សាសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ជាពិសេសគឺតាមជួយប្រោសព្រំឃុំគ្រងការពារវីរកងទ័ពនៅសមរ ភូមិមុខ ដែលកំពុងឈរជើងយ៉ាងស្វាហាប់ ការពារបូរណភាព និងអធិបតេយ្យកម្ពុជា សូមបានសេចក្តីសុខ មានជ័យជម្នះ និងជួយរុញច្រានបណ្តេញពួកចោរសៀមឈ្លានពាន ឱ្យរលាយសាបសូន្យពីទឹកដីកម្ពុជា៕

RELATED ARTICLES