ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវត្រួតពិនិត្យ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកព្រែក ត្រែង ក្នុងភូមិសាស្ត្រភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថា មានករណីត្រីពុល និងងាប់ នៅទីតាំងខាងលើ។

ក្រុមការងារជំនាញបានចុះពិនិត្យដល់ទីតាំងពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ រកប្រភពបញ្ចេញសំណល់រាវ កន្លែងសង្ស័យ ដែលអាចធ្វើឱ្យប៉ះពាល់គុណភាពទឹក និងមានត្រីពុលងាប់ ក្នុងព្រែកត្រែងនេះ។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបន្តចុះពិនិត្យស្រាវជ្រាវករណីខាងលើបន្តទៀត និងបានរកឃើញសំណាកត្រីងាប់ មួយចំនួន។
យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង កន្លែងមានត្រីងាប់ និងទឹកមានធុំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចម្ងាយ ៦០០ម៉ែត្រ ផ្នែកខាងក្រោមរោងចក្រកែច្នៃស្វាយ ចំនួន២។

ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យជាក់ស្តែង មិនបានឃើញមានករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូរត្រែង នៅឡើយទេ ដោយសារក្រុមហ៊ុនទាំង២ បានរៀបចំឱ្យមានអាងប្រ ព្រឹត្តិកម្មទឹក តាមលក្ខណៈបច្ចេកទេស និងនៅតំបន់រោងចក្រ ទឹកដែលបានបញ្ចេញមកក្រៅ មានពណ៌ថ្លា និងក៏មិនមានក្លិនស្អុយដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារបានយកសំណាកទឹក ចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រ នៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ ទាំង២កន្លែង គឺក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង ដែលស្ថិតក្នុងភូមិសាស្ត្រក្បែរកន្លែងសង្ស័យ ដើម្បី បញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។ជាមួយគ្នានេះ មន្ត្រីជំនាញ បានដាក់ចេញវិធានការស្នើសុំឱ្យអាជ្ញាធរ ធ្វើការហាមឃាត់ប្រជាពលរដ្ឋ ផ្អាកការប្រើប្រាស់ទឹកព្រែកត្រែង មួយរយៈ និងកុំយកត្រីដែលងាប់ ទៅបរិភោគ។

ក្រុមការងារបានណែនាំបន្ថែមដល់ម្ចាស់រោងចក្រទាំង២ខាងលើ កុំបញ្ចេញសំណល់រាវ បំពុលទឹកសាធារណៈ និងអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានត្រឹមត្រូវជាប្រចាំ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានបញ្ជាក់ជំហរចំណាត់ការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ មិនលើកលែងចំពោះក្រុមហ៊ុន ឧស្សាហកម្ម ឬរោងចក្រណាដែលបង្កការបំពុលទឹកសាធារណៈ៕
