ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃ ២នាក់ បម្រុងលួចឆ្លងដែនចូលមកកម្ពុជា ត្រូវបានកម្លាំងការពារព្រំដែន ហាមឃាត់ឱ្យត្រឡប់ទៅវិញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរព្រំដែន ក្នុងភូមិសាស្គ្រភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨១៥ បានបញ្ជាក់ប្រាប់ថា នៅពេលដែលកម្លាំងនគរបាលវរការពារព្រំដែនគោក លេខ៨១៥ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ បានចេញល្បាតតាមបន្ទាត់ព្រំដែន បាន ប្រទះឃើញស្ត្រីជនជាតិថៃ ២នាក់ បានលួចឆ្លងព្រំដែន ពីថៃ ចូលមកដល់ទឹកដីកម្ពុជា ដោយខុសច្បាប់ នៅចំណុចប៉ុស្តិ៍ដើមត្រសេក ហើយកម្លាំងបានណែនាំឱ្យវិលត្រ ឡប់ចូលក្នុងទឹកដីថៃ វិញ។

លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់ សាកសួរ បានប្រាប់ថា ខ្លួនមានបំណងឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅក្រុងប៉ោយប៉ែត នៅពេលមានមេខ្យល់ថៃ នាំមកទម្លាក់នៅអូរព្រំដែន ហើយប្រាប់ឲ្យឆ្លងអូរ ចូលមកម្ពុជា នឹងមានគេចាំទទួល យក ដឹកទៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា រយៈពេលកន្លងទៅ កម្លាំងការពារព្រំដែនគោកលេខ៨១៥ បានឃាត់ខ្លួនជនជាតិថៃ ជាញឹកញាប់ ដែលមានបំណងលួចឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ ហើយបានណែនាំឱ្យវិលត្រឡប់ចូលប្រទេសថៃ វិញ៕