Saturday, August 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមLove Riya ជាប់គុក ចប់គោរមងារឧកញ៉ា

Love Riya ជាប់គុក ចប់គោរមងារឧកញ៉ា

ភ្នំពេញ ៖ លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលកំពុងជាប់ពន្ធនាគារខេត្តកណ្តាល ក្រោមចោទប្រកាន់ចំនួន ២ករណី “ញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព” ត្រូវបានព្រះមហាក្សត្រ ចេញព្រះ រាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ខណៈដែលលោកហេង គីមហៀង ជាស្វាមី បានប្រកាសថា ថ្ងៃដែលប្រពន្ធមានសេរីភាពវិញ លោកនឹងកោរសក់  រំលាយខ្លួនចេញពីសង្គមអនឡាញ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២៥/១១២៨ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដែល «នគរធំ» ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា ថៅកែឡេ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ចុះឃាត់ខ្លួនដល់ផ្ទះ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានតាំងខ្លួនជាបុត្រីស្តេចនាគ ឡាយវីដេអូតាមបណ្តាញសង្គម ប្រកាសក្តែងៗថា ខ្លួននៅតែបន្តនាំចូលផលិតផលពីប្រទេសសៀម យកមកលក់បន្តទៀត ប្រសិនបើមានច្រកអាចនាំចូលមកបាន ដោយ “មិនខ្វល់អ្វីទាំងអស់”។

ប្រតិបត្តិការឃាត់ខ្លួន ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខណៈដែលត្រូវសមត្ថកិច្ចបណ្តើរចេញពីក្នុងផ្ទះ ដល់មុខខ្លោងទ្វាររបង Love Riya ដែលតាំងខ្លួនជាបុត្រីស្តេចនាគ និងគ្រងឈុតសម្លៀកបំពាក់ពណ៌ស បាននិយាយក្តែងៗថា “ឥឡូវអ៊ីចេះ ខ្ញុំសុំអ៊ីចេះ ឥឡូវខ្ញុំសុំណា ខ្ញុំសុំនិយាយឱ្យដឹងឮទាំងអស់គ្នាថាអ៊ីចេះ ខ្ញុំសុំមួយ ខ្ញុំសុំភាពសច្ចៈទៀងត្រង់ ខ្ញុំសុំមួយ បើសិនចង់ដឹងថា ខ្ញុំជាមនុស្សពិត ខ្ញុំពិតជាកូនព្រះបិតាស្តេចនាគ ពិតប្រាកដមែន ខ្ញុំសុំឱ្យពិសោធខ្ញុំ ខ្ញុំសុំកន្លែងហ្នឹងបានអត់? ឥឡូវខ្ញុំសុំតែប៉ុណ្ណឹងទេ បានអត់? ព្រោះអីខ្ញុំនិយាយជាការពិត ខ្ញុំសុំពិសោធ បើសិនអត់មានការពិសោធ ខ្ញុំម៉េចសុខចិត្ត? ខ្ញុំអត់សុខចិត្តទេ វាអយុត្តិធម៌សម្រាប់ខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ខ្ញុំនិយាយមែនណា អត់ទេ ខ្ញុំខំការពារប្រជាពលរដ្ឋ ខ្ញុំខំធ្វើគ្រប់យ៉ាង ធ្វើអ៊ីចឹង ខ្ញុំអត់ទទួលយកបានទេ…”។

ក្រោយការឃាត់ខ្លួនភ្លាម កម្លាំងនគរបាលបានបញ្ជូន ឧកញ៉ាឆេង ស្រីរ័ត្ន ហៅ Love Riya តាមរថយន្ត ឆ្ពោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ បន្ទាប់មក នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចៅក្រមសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន។

ចំណែកសមាគមឧកញ៉ាកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថា លោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានធ្វើលិខិតស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់ គោរមងារឧកញ៉ា ពីលោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ផងដែរ ដោយសារតែសង្កេតឃើញថា សកម្មភាពរបស់បុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន គឺពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងគុណតម្លៃរបស់គោរមវន្ត ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកចិត្តវាកងទ័ព កំពុងទប់ទល់យ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ដែលនាំឱ្យមានការបែកបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ និងការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពយ៉ាងពិតប្រាកដ។

បន្ទាប់ពីថៅកែឡេ Love Riya ជាប់ពន្ធនាគារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកហេង គីមហៀង ស្វាមី បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ខ្ញុំបែកកូនតែមួយថ្ងៃ ខ្ញុំនឹកចង់ស្លាប់ហើយ ចុះទម្រាំប្រពន្ធខ្ញុំ បែកកូន ៧ថ្ងៃហើយ រាល់យប់ គេងយំនឹកកូនៗ ទាំងដឹងថា ខ្លួនមិនដឹងត្រូវចេញថ្ងៃណា?…”។

បន្ទាប់មក លោកហេង គីមហៀង បានបង្ហោះវីដេអូមួយ បង្ហាញពីទិដ្ឋភាពកូនប្រុសស្រីតូចៗទាំង២នាក់ កំពុងដេកលង់លក់ និងបានបង្ហាញពីអារម្មណ៍អាណិតកូនទាំង២នាក់ ដែលបានសួររកម្តាយ រហូតដល់គេងលក់ ជាមួយសំណេរថា “កូនប្រុសខ្ញុំ អាយុបាន ១ខួបជាង ខ្ញុំក៏ត្រូវបានលែងលះជាមួយប្រពន្ធ (បែកឪពុក អស់ រយៈពេល១១ខែ) ឥឡូវអាយុ ២ខួប៨ខែ (ម្តាយត្រូវជាប់នៅពន្ធនាគារ) បើនិយាយពីកូនស្រីខ្ញុំ គឺគាត់ខ្វះភាពកក់ក្តៅ តាំងតែកើតមកម៉្លេះ (ហួសហ្នឹងថ្លែង ឱកូនស្រីប៉ាអើយ) តើវាសនាកូនៗរបស់ខ្ញុំ ទៅជាយ៉ាង…? រាល់យប់តែងតែយំសួររកម្តាយ ជិតឆ្កួតហើយខ្ញុំ…”។

នៅថ្ងៃដដែលនោះ ស្វាមីលោកស្រីឆេង ស្រីរ័ត្ន ហៅ Love Riya បានប្រកាសថា នៅពេលណាប្រពន្ធរបស់ខ្លួនបានចេញពីគុក លោកនឹងកោរសក់ ហើយដកខ្លួនចេញពីសង្គមអនឡាញ ជារៀងរហូត។

លោកហេង គីមហៀង បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកថា “ថ្ងៃដែលប្រពន្ធខ្ញុំមានសិទ្ធិសេរីភាព ខ្ញុំនឹងកោរសក់ ហើយរំលាយខ្លួនឯងចេញពីសង្គមអនឡាញ…”។

ការប្រកាសរបស់ស្វាមីអតីតឧកញ៉ា ឆេង ស្រីរ័ត្ន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីភរិយារបស់លោកដែលជាថៅកែលក់ឡេអនឡាញល្បីឈ្មោះ ត្រូវជាប់ពន្ធនាគារ ហើយសមត្ថកិច្ចបានប្រកាសថា ផលិតផលចំនួន ៤មុខ របស់ Love Riya ជាផលិតផលក្លែងក្លាយ មានសារធាតុហាមឃាត់លើសកម្រិត ខុសពីច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពេលធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ ឆេង ស្រីរ័ត្ន ហៅ Love Riya មន្ត្រីជំនាញបានពិនិត្យឃើញថា ផលិតផល ចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀតដែលយកទៅពិសោធនិងធ្វើតេស្ត គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើសកម្រិត ខុសពីច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

លោកស្នងការ ឈឿន សុចិត្ត បានបញ្ជាក់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំសូមជម្រាបជូនសាធារ ណជន និងបងប្អូនក្នុងបណ្តាញសង្គម ដើម្បីជូនជ្រាប ខ្ញុំសង្កេតឃើញថា ក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយ លើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្ត្រីនគរបាលជំនាញ។ ខ្ញុំសូមបញ្ជាក់ថា ផលិតផលចំនួន ៤មុខ ក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធនិងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពី ច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។ ជារួម គួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើ យកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាព ដោយមិនដឹងខ្លួន ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ខ្ញុំស្នើសុំឱ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននិងកំពុងបំពុលសង្គម…”៕ ដារិទ្ធ

RELATED ARTICLES