Monday, August 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ ឆ្កែមិនរត់ចោល ស្លាប់ជាមួយម្ចាស់

ភ្លើងឆេះផ្ទះ ឆ្កែមិនរត់ចោល ស្លាប់ជាមួយម្ចាស់

ខេត្តកណ្តាល ៖ លំនៅឋាន ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យលោកយាយវ័យ៧៥ឆ្នាំម្នាក់ ជាម្ចាស់ផ្ទះ ដែលជាជនពិការ រត់ចេញមិនរួច ត្រូវភ្លើងឆេះខ្លោច ស្លាប់ក្នុងភ្លើង ជាមួយសត្វឆ្កែចិញ្ចឹមដ៏ស្មោះត្រង់ ១ក្បាល មិនរត់ចោលម្ចាស់ សុខចិត្តស្លាប់ជាមួយម្ចាស់។

ហេតុការណ៍អគ្គិភ័យដ៏រន្ធត់នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង មានទំហំ ១០ម៉ែត្រ គុណនឹង ១២ម៉ែត្រ។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវភ្លើងឆេះស្លាប់ មានឈ្មោះឡា មុំ អាយុ៧៥ឆ្នាំ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែហូបបាយ ស្រាប់តែមានធុំក្លិនឈ្ងៀមយ៉ាងខ្លាំង ទើបមានការភ្ញាក់ផ្អើល រត់ចេញមកមើល ប្រទះឃើញមានផ្សែងហុយខ្មៅខ្មួលខ្មាញ់ និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះកើតហេតុ។ ភ្លាមៗនោះ ប្រជាពល រដ្ឋបាននាំគ្នាទាញទុយោទឹក ជួយបាញ់ពន្លត់ភ្លើង តែទប់ទល់មិនឈ្នះ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះមកអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹកពន្លត់។

ក្រោយពីទទួលបានព័ត៌មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះ ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ខណៈដែលកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះក៏មានព័ត៌មានថា មានលោកយាយចាស់ជរាម្នាក់ អាយុ៧៥ឆ្នាំ ជាម្ចាស់ផ្ទះ ដែលជាជនពិការផង រត់ចេញមិនរួច ក៏ត្រូវបានឆេះស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងរន្ធត់ ហើយអ្វីដែលគួរឲ្យសង្វេគថែមទៀតនោះគឺ មានសត្វឆ្កែចិញ្ចឹម ១ក្បាល មិនព្រមរត់ចោលម្ចាស់របស់វាឡើយ ទើបត្រូវបានភ្លើងឆេះស្លាប់ជាមួយម្ចាស់វាផងដែរ។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យលោកយាយវ័យ៧៥ឆ្នាំ ជាម្ចាស់ផ្ទះ ត្រូវភ្លើងឆេះស្លាប់យ៉ាង និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ម៉ូតូ ចំនួន១គ្រឿង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសម្លៀកបំពាក់ លុយមួយចំនួន (មិនទាន់ដឹងចំនួនច្បាស់លាស់) ព្រមទាំងសត្វចិញ្ចឹម (ឆ្កែ) ១ក្បាល។

ក្នុងករណីអគ្គិភ័យខាងលើ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង  ចុះអន្តរាគមន៍ ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្ស ចំនួន ១គ្រឿង ប្រើប្រាស់ទឹក អស់សរុបចំនួន ៤ឡាន ទើបធ្វើឱ្យភ្លើងរលត់ជាស្ថាពរ នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃដដែល។ ចំពោះមូលហេតុដែលនាំឱ្យកើតមានករណីអគ្គិ ភ័យខាងលើ គឺដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES