Wednesday, August 27, 2025
Homeព័ត៌មានជាតិអតីតសមាជិកសភាថា កម្ពុជា គួរទិញយន្តហោះ F16 ឬ F35 ការពារបូរណភាពទឹកដី

អតីតសមាជិកសភាថា កម្ពុជា គួរទិញយន្តហោះ F16 ឬ F35 ការពារបូរណភាពទឹកដី

ភ្នំពេញ ៖ អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) បានលើកឡើងថា កម្ពុជា គួរបញ្ជាទិញយន្តហោះ F16 ឬ F35 យ៉ាងតិច ៥គ្រឿង ពីសហរដ្ឋអាមេរិក ឬប្រទេសចិន ដើម្បីទុកការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពានពីបរទេសជិតខាង ជាពិសេសថៃ។

លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “រដ្ឋាភិបាល គួរតែបញ្ជាទិញយន្តហោះចម្បាំង F-16 ឬ F-35 យ៉ាងតិច ៥គ្រឿង ពីសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងដើម្បីទុកសម្រាប់ការពារទឹកដី ពីការឈ្លានពានពីបរទេសជិតខាង ជាពិសេសថៃ។ យន្តហោះចម្បាំង F-16 មានតម្លៃប្រហែល ៦៥លានដុល្លារ ក្នុង១គ្រឿង រីឯយន្តហោះចម្បាំង F-35 មានតម្លៃប្រហែល ១០០លានដុល្លា ក្នុង១គ្រឿង។ រដ្ឋាភិបាល ក៏គួរតែទិញដ្រូនចម្បាំង ពីអ៊ុយក្រែនឬដ្រូនដែលជាស្នាដៃរបស់កូនខ្មែរ ជាច្រើនគ្រឿង សម្រាប់ទុកការពារទឹកដីផងដែរ។ រដ្ឋាភិបាល ក៏គួរតែបញ្ជាទិញសំណាញ់មេឃ និងកាំភ្លើងបាញ់ដ្រូន បន្ថែមទៀត សម្រាប់ទុកការពារទឹកដី ការពារអាយុជីវិតទាហាននិងពលរដ្ឋ ហើយសង្គ្រាម ៥ថ្ងៃ កន្លងមក កម្ពុជា មិនទាន់បានប្រើប្រាស់វានៅឡើយ។ រដ្ឋាភិបាល គួរតែចំណាយថវិកាជាតិ ឬថវិកាដែលរៃអង្គាសពីឧកញ៉ានិងពលរដ្ឋខ្មែរ ក្នុងការទិញយន្តហោះចម្បាំង ដ្រូន សំណាញ់មេឃ សម្រាប់បាញ់ទម្លាក់យន្តហោះចម្បាំង និងកាំភ្លើងបាញ់ដ្រូន ទាំងនេះ ហើយខ្ញុំនឹងចំណាយថវិកាមួយចំនួន ដើម្បីចូលរួមចំណែកផងដែរ។ យើងសូមសំណូមពរជំនួសវីរកងទ័ពខ្មែរ ដែលចង់បានសព្វាវុធទាំងនេះទុកសម្រាប់ការពារទឹកដី»។

លោកអ៊ុំ សំអាន បន្តថា «រដ្ឋាភិបាល ក៏គួរតែទិញអាវក្រោះ និងម៉ាស់ការពារផ្សែងពុលសម្រាប់យោធាជួរមុខផងដែរ។ ប្រទេសភូមា ដែលក្រីក្រជាងកម្ពុជា ក៏មានយន្តហោះចម្បាំង ជាច្រើនគ្រឿង ប៉ុន្តែកម្ពុជា មិនទាន់មានយន្តហោះចម្បាំងមួយ នៅឡើយទេ ដែលធ្វើឲ្យថៃ មើលស្រាលលើសមត្ថភាពការពារជាតិរបស់កម្ពុជា។ បើរដ្ឋាភិបាល គ្មានលទ្ធភាពទិញយន្តហោះចម្បាំងអាមេរិក ទេ រដ្ឋាភិបាល អាចទិញយន្តហោះចម្បាំងពីចិន ឬស៊ុយអែត ឬបារាំងដែលមានតម្លៃថោកជាង និងងាយស្រួលទិញជាង។ ខ្ញុំបានចូលរួមថវិកា ជួយដល់កងទ័ព ជាង ១៧០០ដុល្លារហើយ។ បើមានលទ្ធភាព រដ្ឋាភិបាល គួរតែទិញប្រព័ន្ធការពារដែនអាកាស២០ ទៅ៣០គ្រឿង ដើម្បីការពារដែនអាកាសផងដែរ។ យ៉ាងណាក៏ដោយ កម្ពុជា ក៏ត្រូវប្រើប្រាស់យន្តការអន្តរជាតិ ក្នុងការការពារទឹកដី ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)“  ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ថា ជាកិច្ចការការពារបន្ទាន់ ឬហៅថាសិទ្ធិស្វ័យការពារ កម្ពុជា ត្រូវមានអាវុធយុទ្ធភណ្ឌ សព្វាវុធទំនើប ដើម្បីការពារការឈ្លានពានពីសំណាក់ប្រទេសថៃ ហើយបន្ទាប់មក ទើបយើងឈានទៅដល់ប្រើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ យន្តការអន្តរជាតិដទៃទៀត ដូចជា តុលាការយុត្តិធម៌អន្តជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ជាការពិតហើយ រដ្ឋាភិបាល គួរបញ្ជាទិញយន្តហោះចម្បាំង ពីអាមេរិក ។ បើសិនជាគិតថា យន្តហោះចម្បាំង ពីអាមេរិក ពិបាកទិញ ឬក៏មានលក្ខខណ្ឌច្រើន ឬក៏វាថ្លៃពេក យើងអាចទិញយន្តហោះចម្បាំងពីចិន ពីស៊ុយអែត អីជាដើម ដែលអត់មានលក្ខខណ្ឌច្រើន ហើយថោកជាងផង ។ អាហ្នឹងត្រូវមានយន្តហោះចម្បាំង ប្រភេទណាក៏បានដែរ ។ ទិញអីទៀត? ដ្រូនទម្លាក់គ្រាប់បែក ទិញសំណាញ់មេឃ ដើម្បីបាញ់ទម្លាក់យន្តហើយ ទិញកាំភ្លើងបាញ់ទម្លាក់ដូ្រន ទិញម៉ាស់ការពារផ្សែងពុលរបស់ថៃ ទិញអាវក្រោះ ឲ្យយោធា ជាដើម អាហ្នឹងគឺជារឿងដែលរដ្ឋាភិបាល គួរតែធ្វើ ហើយគួរតែបំពាក់ឧបករណ៍ការពារដែនអាកាសផងដែរ អាចទិញពី ២០ទៅ៣០គ្រឿងហ្នឹង ដើម្បីស្ទាក់ចាប់មីសស៊ីល ឬគ្រាប់របស់ថៃ មិនឲ្យចូលមកក្នុងទឹកដីខ្មែរយើង ព្រោះជាកិច្ចការការពារបន្ទាន់ ឬក៏ហៅថា សិទ្ធិស្វ័យការពារហ្នឹង ត្រូវមានអាវុធយុទ្ធភណ្ឌ សព្វាវុធទំនើប ដើម្បីការពារពីការឈ្លានពានពីសំណាក់ប្រទេសថៃ ហើយបន្ទាប់ពីហ្នឹងមក បានយើងឈានទៅដល់ប្រើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ យន្តការអន្តរជាតិដទៃទៀត ដូចជា តុលាការយុត្តិធម៌អន្តជាតិ (ICJ) ហើយនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អីជាដើម ។ ហ្នឹងហើយគឺជាអ្វីដែលយើងអាចប្រើ ដើម្បីការពារធិបតេយ្យរបស់ខ្លួន“ ។

ស្រដៀងគ្នានេះដែរ លោកសួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានលើកឡើងថា បើរដ្ឋអាចសន្សំលុយបាន ៣០០០-៤០០០លានដុល្លាអាមេរិក អាចយកទៅចំណាយក្នុងទំនើបកម្មវិស័យកងទ័ពកម្ពុជា បាន ដូចជាទិញយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ១០គ្រឿង យន្តហោះចម្បាំងរបស់ចិន J-10 ១០គ្រឿង និងទិញកាំភ្លើងការពារដែនអាកាស កាំភ្លើងប្រឆាំងនឹង Drone ជាដើម ។

លោកសួន សូរីដា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ថា “ថវិកាជាតិចំណាយប្រចាំឆ្នាំ២០២៥ សម្រាប់រដ្ឋាភិបាលកម្ពុជា មានដល់ ៩៧០០លានដុល្លារអាមេរិក។ បើរដ្ឋសន្សំសំចៃការចំណាយ ដោយរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ ឬសម្រួលក្រសួង ១ចំនួន បញ្ចូលគ្នា កាត់បន្ថយចំនួនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លុបស្ថាប័នអត់ប្រយោជន៍ខ្លះ និងកាត់បន្ថយចំណាយពាក់កណ្តាល ក្រសួងណាមិនចាំបាច់ រយៈពេលអាសន្ន (ចោរសៀមឈ្លានពាន) នេះសិន នោះរដ្ឋអាចសន្សំលុយបាន ៣០០០-៤០០០លានដុល្លាអាមេរិក ដែលយកទៅចំណាយក្នុងទំនើបកម្មវិស័យកងទ័ពកម្ពុជា បាន (តែត្រូវមានវិធានម៉ឺងម៉ាត់ចំពោះអំពើពុករលួយក្នុងវិស័យការពារជាតិ) ដូចជាទិញ ៖

១. យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ១០គ្រឿង យន្តហោះចម្បាំងរបស់ចិន J-10 ១០គ្រឿង

២. កាំភ្លើងការពារដែនអាកាស កាំភ្លើងប្រឆាំងនឹង Drone

៣. កាំភ្លើងប្រឆាំងនាវា

៤. កាំភ្លើងធំ ១២៥មម

៥. គ្រាប់រំសេវ សម្ភារៈការពារ (PPE) ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសួន សូរីដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា ដើម្បីធ្វើទំនើបកម្មវិស័យយោធា ទៅបាន ទាល់តែរដ្ឋមានលុយ ។ ដើម្បីមានលុយ ជាដំបូង រដ្ឋត្រូវសន្សំសំចៃចំណាយរបស់រដ្ឋាភិបាល តាមរយៈបំបាត់អំពើពុករលួយ បង្រួមក្រសួង ២-៣ចូលគ្នា លុបស្ថាប័នអត់ប្រយោជន៍ កាត់បន្ថយចំនួនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ដែលជាបន្ទុកចំណាយដ៏ច្រើនរបស់រដ្ឋ។ រដ្ឋាភិបាលកម្ពុជា ហ៊ានអារកាត់សាច់ស្អុយទាំងនេះ រដ្ឋាភិបាល ច្បាស់ជាទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋខ្មែរផង ហើយថែមទាំងធ្វើឲ្យសត្រូវឈ្លានពាន ខ្លាចរអាកម្ពុជា បាន ។

លោកសួន សូរីដា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា សង្គ្រាមសៀមឈ្លានពាន ៥ថ្ងៃនេះ ហើយបន្តគឃ្លើនដាក់កម្ពុជា របស់ទាហានថៃ ទាំងប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន ម៉ាណែត ទាំងប្រធានព្រឹទ្ធសភា លោកហ៊ុន សែន បានទទួលស្គាល់ការពិតថា កម្ពុជា ខ្សោយលើវិស័យយោធា។ លោកទាំងទ្វេ ច្បាស់ជាដឹងច្បាស់ ហើយក៏ឈឺចាប់ណាស់ផងដែរ ដែលសៀម គេធ្វើដាក់កម្ពុជា ប្រមាថរហូតចាប់ខ្លួនលោកទាំង២ ថែមទៀតផង។ ដូច្នេះលោកទាំង២ ក៏ចង់ឱ្យវិស័យយោធាកម្ពុជា ខ្លាំងដូចប្រទេសសិង្ហបុរី ដូចអ៊ីស្រាអែល ប្រទេសតូច ប្រជាជនតិច តែយោធាខ្លាំង យុទ្ធោបករណ៍ទំនើបៗសម្បូរបែប សូម្បីប្រទេសធំៗពិភពអារ៉ាប់ (ដូចជាអ៊ីរ៉ង់ ប្រទេសធំ ប្រជាជនច្រើន ក៏មិនហ៊ានព្រហើនដាក់អ៊ីស្រាអែល ផងដែរ)។ ដើម្បីទំនើបកម្មវិស័យយោធា ទៅបាន ទាល់តែរដ្ឋមានលុយ។ រដ្ឋមានលុយ ជាដំបូង រដ្ឋត្រូវសន្សំសំចៃចំណាយរបស់រដ្ឋាភិបាល តាមរយៈបំបាត់អំពើពុករលួយ បង្រួមក្រសួង ២-៣ចូលគ្នា លុបស្ថាប័នអត់ប្រយោជន៍ កាត់បន្ថយចំនួនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ដែលជាបន្ទុកចំណាយដ៏ច្រើនរបស់រដ្ឋ។ ខ្ញុំគិតថា ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏គិតឃើញដូចខ្ញុំដែរថា មានតែវិធីហ្នឹងទេ ទើបកម្ពុជា អាចទំនើបកម្មយោធាកម្ពុជា បាន តែត្រង់រដ្ឋាភិបាលកម្ពុជា ហ៊ានអារកាត់សាច់ស្អុយទាំងនោះដែរឬទេ? បើរដ្ឋាភិបាលកម្ពុជា ហ៊ានអារកាត់សាច់ស្អុយទាំងនេះ រដ្ឋាភិបាល ច្បាស់ជាទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋខ្មែរផង ហើយថែមទាំងធ្វើឲ្យសត្រូវឈ្លានពាន ខ្លាចរអាកម្ពុជា បាន“ ។

គួរបញ្ជាក់ថា  យន្តហោះចម្បាំង The F-16 Fighting Falcon ដែលយើងតែងហៅថាកាត់ថា F-16 គឺជាយន្តចម្បាំងដ៏ល្បីរបស់សហរដ្ឋអាមេរិ ។ យន្តហោះចម្បាំង F-16 ក្នុងមួយគ្រឿង មានតម្លៃរាប់សិនលានដុល្លារ ទៅតាមម៉ូដែលនិងជំនាន់នីមួយៗ ។ ក្នុងនោះ ១. F-16A/B មានតម្លៃចន្លោះពី​​​ ១៨លានដុល្លារ ទៅ២៥លានដុល្លារ ជាម៉ូដែលជំនាន់ដំបូង ពីទសវត្ស៍ឆ្នាំ១៩៨០ ដល់ទសវត្សឆ្នាំ១៩៩០ ។ ២. F-16C/D មានតម្លៃចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារ ជាម៉ូដែលជំនាន់កណ្ដាល ។ ៣. F-16V មានតម្លៃចន្លោះពី ៥០លានដុល្លារ ទៅ៧០លានដុល្លារ ជាម៉ូដែលជំនាន់ចុងក្រោយ ដែលមានបំពាក់ប្រព័ន្ធរ៉ាដា ។ ៤. F-16 Block មានតម្លៃចន្លោះពី៦០លានដុល្លារ ទៅ៧៥លានដុល្លារ ជាជំនាន់ចុងក្រោយបំផុត ។

ចំណែក F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយ ល្អដាច់គេនៅលើពិភពលោក ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាមានកៅអីសម្រាប់ពីឡុត តែម្នាក់គត់ និងជាប្រភេទយន្ដហោះចម្បាំងពហុតួនាទី ជំនាន់ទី៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។ F-35 មានតម្លៃ ក្នុងមួយគ្រឿង ៨០លានដុល្លារឡើង (ទើបចុះថ្លៃ) ទៅតាមប្រភេទយន្ដហោះចម្បាំងនេះ ដែលមានសរុបចំនួនបីប្រភទគឺ ៖ ទី១ ប្រភេទ F-35A ជាប្រភេទយន្ដហោះចម្បាំង អាចហោះឡើងនិងចុះចតធម្មតា, ទី២ ប្រភេទ F-35B អាចហោះឡើងនិងចុះចតដូចឧទ្ធម្ភាគចក្រ និងទី៣ ប្រភេទ F-35C ជាប្រភេទយន្ដហោះចម្បាំងសម្រាប់ដាក់ឲ្យដំណើរការលើនាវាផ្ទុកយន្ដហោះចម្បាំង។

យន្ដហោះ F-35 ដំណើរការដោយ Pratt និង Whitney F135 ជាម៉ាស៊ីនមួយប្រភេទ ផលិតឡើងយ៉ាងពិសេស សម្រាប់យន្ដហោះចម្បាំងទាំង ៣ប្រភេទនេះ។ F-35B មានទម្ងន់ ២៧.២តោន នៅពេលបំពាក់អាវុធសម្រាប់ប្រយុទ្ធ រីឯយន្តហោះចម្បាំងលំដាប់ F35A និង F-35B មានទម្ងន់ដូចគ្នាគឺ ៣១.៨តោន។ យន្ដហោះចម្បាំងបំបាំងកាយទាំងនេះ មានសមត្ថភាពហោះហើរក្នុងល្បឿនជាអតិបរមា ២០០០គីឡូម៉ែត ក្នុងមួយម៉ោង និងអាចរត់បានចម្ងាយជាមធ្យម ចាប់ពី ១៦៦៦-២២០០គីឡូម៉ែត្រឯណោះ។ លក្ខណៈពិសេស និងល្បីល្បាញរបស់ F-35 អាចបំបាំងកាយ មិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសម្ងាត់។ យន្ដហោះចម្បាំងនេះ ក៏មានបំពាក់ផងដែរនូវកាមេរ៉ា ៣៦០ដឺក្រេ ដែលផ្តិតយករូបភាពទាំងពេលយប់ និងពេលថ្ងៃ ព្រមទាំងបំពាក់ទៅដោយអាវុធទំនើបៗ រួមទាំងមីសស៊ីល គ្រាប់បែក ប្រព័ន្ធស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិក ជាដើម ៕ កុលបុត្រ

RELATED ARTICLES