Saturday, May 2, 2026
Homeនយោបាយសាលដីកាសាលាឧទ្ធរណ៍ សហមេធាវីថា អយុត្តិធម៌ចំពោះលោកកឹម សុខា

សាលដីកាសាលាឧទ្ធរណ៍ សហមេធាវីថា អយុត្តិធម៌ចំពោះលោកកឹម សុខា

ភ្នំពេញ ៖ សហមេធាវីការពារក្ដីលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតប្រធានគណបក្សសង្រ្គោះជាតិ) បានសម្ដែងការខកចិត្តនិងខកបំណង ទៅនឹងសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា ដោយបានផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារ ចំនួន២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ដដែល និងបន្ថែមទោស៥ឆ្នាំ ហាមចេញទៅក្រៅប្រទេស ។ សហមេធាវី ចាត់ទុកសាលដីកានេះ អយុត្តិធម៌ចំពោះលោក កឹម សុខា និងបានធ្វើការកត់សម្គាល់ថា  ការដែលទូតបរទេស ក៏ដូចអង្គការជាតិ អន្តរជាតិនានា ចេញសេចក្តីថ្លែងការប្រតិកម្មចំពោះសាលដីកាសាលឧទ្ធរណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា លោក កឹម សុខា មិនបានក្បត់ជាតិ ដូចការចោទរបស់តុលាការនោះទេ ។

 គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកា ដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ទន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស»  ទុកជាបានការដដែល ហើយសាលាឧទ្ធរណ៍ ថែមទាំងបានបន្ថែមទោស ៥ឆ្នាំ ហាមលោក កឹម សុខា ចេញទៅក្រៅប្រទេសថែមទៀត។

 ភ្លាមៗ ក្រោយការប្រកាសសាលដីកា របស់សាលាឧទ្ធរណ៍ភ្នំពេញ ក្រៅពីគណបក្សនយោបាយ និងអ្នកនយោ បាយ ព្រមទាំងមជ្ឈដ្ឋានតាមដាននៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការខកចិត្ត សោកស្ដាយ និងសូមអំពាវនាវឱ្យមានការលើកលែងការចោទប្រកាន់ចំពោះលោក កឹម សុខា នោះ សម្រាប់បណ្ដាអង្គទូតបរ ទេសនានា ដែលមកពីប្រទេសលោកសេរី ប្រចាំនៅប្រទេសកម្ពុជា រួមមាន សហរដ្ឋអាមេរិក, អូស្ត្រាលី, អង់ គ្លេស, អាល្លឺម៉ង, កាណាដា និងសហភាពអឺរ៉ុប (EU) ជាដើម បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នោះ សម្តែងនូវការខកចិត្តជាខ្លាំង និងបានចាត់ទុកការសម្រេចនេះ ថាជា «ការរំលោភលើយុត្តិ ធម៌» (miscarriage of justice) និងជាការបន្តរឹតត្បិតលើសេរីភាពនយោបាយ។ ជាមួយនេះ បណ្ដា អង្គទូតទាំងនោះ ក៏បានធ្វើការអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា រកដំណោះស្រាយឲ្យមានយុត្តិធម៌ តម្លាភាព និងគោរពសិទ្ធិមនុស្ស រួមទាំងការដោះលែងលោកកឹម សុខា និងស្តារសិទ្ធិនយោបាយឱ្យគាត់វិញ ដើម្បីធានាបាននូវបរិយាកាសនយោបាយបើកចំហ និងការបោះឆ្នោតដែលគួរឱ្យជឿជាក់។

 សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ មានខ្លឹមសារថា «សេ ចក្តីសម្រេចតម្កល់ការផ្តន្ទាទោសលោក កឹម សុខា ថ្ងៃនេះ គឺជាការខកចិត្តយ៉ាងខ្លាំង។ ភារធារីអូស្រ្តាលី រួមជាមួយតំណាងអង្គទូតផ្សេងៗ បានចូលរួមសង្កេតការណ៍ក្នុងការប្រកាសសាលដីកាថ្ងៃនេះ។ អូស្ត្រាលី បានលើកឡើងនូវការព្រួយបារម្ភជាប្រចាំ អំពីការប្រើប្រាស់យន្តការច្បាប់ ដើម្បីកម្រិតគណបក្សប្រឆាំង។ លទ្ធផលថ្ងៃនេះ រឹតតែធ្វើឲ្យយើងកាន់តែព្រួយបារម្ភ។ យើងជំរុញឱ្យកម្ពុជា ចាត់ជំហានពិតប្រាកដ ដើម្បីពង្រីកលំហស៊ីវិលនិងសេរីភាពនយោបាយ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតពិតប្រាកដ និងការប្រកួតប្រជែង» ។

 សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង មានខ្លឹមសារថា «ប្រទេសបារាំង សម្តែងនូវការ សោកស្តាយចំពោះការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ លើលោក កឹម សុខា ដែលជាសកម្មជនការពារសិទ្ធិមនុស្ស និងជាឥស្សរជនឆ្នើមម្នាក់ នៃគណបក្សប្រឆាំង នៅក្នុងសវនាការជំនុំជម្រះដំណាក់កាលឧទ្ធរណ៍របស់លោក។ ប្រទេសបារាំង សូមអំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យគោរពសិទ្ធិមូលដ្ឋាន ឱ្យស្របទៅតាមការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន និងលើកទឹកចិត្តឱ្យមានការពិចារណាលើវិធានការអនុគ្រោះនានា ចំពោះបុគ្គលទាំងឡាយណាដែលកំពុងជាប់ឃុំឃាំងដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ ក៏ដូចជាដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងប្រទេស»។

 ចំណែកសេចក្ដីថ្លែងការណ៍ របស់លោក ស្តេហ្វាន មេសសឺរេរ៍ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ស្តីពីសាលក្រមសាលាឧទ្ធរណ៍របស់លោក កឹម សុខា មានខ្លឹមសារថា «ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានកត់សម្គាល់ថា សេចក្តីសម្រេចរបស់តុលាការ មិនបានគូសបញ្ជាក់ពីសារៈសំខាន់នៃនីតិវិធីត្រឹមត្រូវ ឯករាជ្យភាព នៃប្រព័ន្ធតុលាការ និងការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន។ ការពង្រឹងគោល ការណ៍ទាំងនេះ នៅតែជាគន្លឹះសម្រាប់ការអភិវឌ្ឍស្ថាប័ន និងការវិនិយោគរបស់កម្ពុជា និងជំហរអន្តរជាតិរបស់ខ្លួន»។

 សេចក្ដីថ្លែងការណ៍របស់ស្ថានទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា «យើងចង់ឃើញលោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារ និងសេរីភាពនយោបាយរបស់លោកត្រូវបានស្តារឡើងវិញ។ យើងជឿជាក់ថា រឿងនេះនឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងបរិបទនោះ ស្ថានទូតអង់គ្លេស មានការខកចិត្តចំពោះលទ្ធផលសវនាការលើបណ្តឹងឧទ្ធរណ៍ នៅថ្ងៃនេះ»។

សេចក្ដីថ្លែងការណ៍របស់ស្ថានទូតកាណាដា ប្រចាំកម្ពុជា មានខ្លឹមសារថា «កាណាដា សូមសម្ដែងការសោក ស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការឧទ្ធរណ៍ ដែលប្រកាសនៅថ្ងៃនេះ ដោយសម្រេចតម្កល់សាលដីកាផ្ដន្ទាទោស រយៈពេល២៧ឆ្នាំ ទៅលើលោក កឹម សុខា ។ ឯកអគ្គរដ្ឋទូតកាណាដា christian Desroches បានចូលរួមជាមួយតំណាងស្ថានទូតពីបណ្ដាប្រទេសជាច្រើន ដើម្បីសង្កេតលើសសាលដីកានេះ ។ ការគោរពតួនាទីចាំបាច់របស់គណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានសេរី គឺជាកត្តាដែលមិនអាចខ្វះបាន សម្រាប់អភិបាលកិច្ចល្អ តាមលទ្ធិប្រជាធិបតេយ្យ»។

 ចំណែកស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្ដារដ្ឋសមាជិកដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន លោកអ៊ីហ្គ័រ ឌ្រីសម៉ានស៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោកស្តេហ្វាន មេសសឺរេរ៍ (Stefan Messerer) លោកអូលីវើរ រីឆាដ (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា និងលោកស្រី ម៉ារកេតារ កូអ៊ីច ហាកូវ៉ា (Marketa Koic Hajkova) បានកត់សម្គាល់ដោយក្ដីកង្វល់ចំពោះលទ្ធផលនៃសវនាការបណ្ដឹងឧទ្ធរណ៍ របស់លោកកឹម សុខា និងថា នយោបាយពហុបក្ស គឺជាកត្តាចាំបាច់សម្រួលដល់ការបើកលំហនយោបាយ និងលំហសេរីភាពស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយគោរពតាមការប្ដេជ្ញាចិត្តលើប្រជាធិបតេយ្យរបស់ខ្លួន ។ ស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្ដារដ្ឋសមាជិកប្រចាំកម្ពុជា តែងតែគាំទ្រជាប្រចាំដល់នីតិរដ្ឋនៅកម្ពុជា ហើយសង្ឃឹមថា នឹងមានដំណើរឆ្ពោះទៅមុខប្រកបដោយភាពស្ថាបនា រួមទាំងវិធានការវិជ្ជមានផ្សេងៗចំពោះអ្នកដែលកំពុងជាប់ឃុំនាពេលបច្ចុប្បន្ន ។

 ជុំវិញប្រតិកម្មពីបណ្ដាទូតបរទេសខាងលើនេះ លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីលោកកឹម សុខា បានធ្វើការកត់សម្គាល់ថា ជាការឆ្លុះបញ្ចាំងឲ្យឃើញថា លោកកឹម សុខា មិនបានក្បត់ជាតិ ហើយក៏អាចបញ្ជាក់យ៉ាងច្បាស់ឲ្យសហគមន៍អន្តរជាតិ និងមជ្ឈដ្ឋានជាតិ បានឃើញថា សាលាដីកានេះ មានចរិតនយោបាយ និងពិតជាអយុត្តិធម៌ ចំពោះលោកកឹម សុខា ។

  លោកស្រី ម៉េង សុភារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ស្រី នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៦ ថា “យោងតាមសេចក្តីថ្លែងការណ៍ភ្លាមៗរបស់បណ្តាអង្គទូតតំណាងប្រទេសប្រជាធិប តេយ្យសំខាន់ៗ និងអង្គការក្រៅរដ្ឋាភិបាល ជាតិនិងអន្តរជាតិ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ ប្រកាសសាលដីកាយ៉ាងអយុត្តិធម៌ចំពោះឯកឧត្តម កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំង ដ៏មានសក្តានុពលនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ឯកឧត្តម កឹម សុខា មិនបានប្រព្រឹត្តខុស ឬ ក្បត់ជាតិដូចការចោទប្រកាន់ និងការផ្តន្ទាទោសរបស់តុលាការឡើយ ព្រោះសេចក្តីថ្លែងការណ៍ទាំងនោះ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចនេះ ដែលនាំឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ និងសិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរ រាប់លាននាក់ ជាពិសេសរបស់ឯកឧត្តម កឹម សុខា ដែលជាមេដឹកនាំនយោបាយដែលមានសារៈសំខាន់នៅកម្ពុជា អាចជួយជាប្រយោជន៍និងមុខមាត់ដល់ប្រទេសកម្ពុជា“ ។

 ជាមួយគ្នានោះដែរ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហ ការីលោកកឹម សុខា បានលើកឡើងតាមបណ្ដាញសង្គមថា តាមរយៈសេចក្តីថ្លែងការណ៍ស្ថានទូតបារាំង ប្រចាំកម្ពុជា ដែលថា នយោបាយពហុបក្ស គឺជាកត្តាចាំបាច់ សម្រួលដល់ការបើកលំហនយោបាយ និងលំហសេរីភាពស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយគោរពតាមការប្ដេជ្ញាចិត្តលើប្រជាធិបតេយ្យរបស់ខ្លួន បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិ ពិតជាបានមើលឃើញនៅកម្ពុជាមិនមែនជារបបពហុបក្ស ដូចមានចែងក្នុងរដ្ឋ ធម្មនុញ្ញ ហើយកម្ពុជា ក៏គ្មានគណបក្សប្រឆាំងពិតប្រាកដផងដែរ ៕ កុលបុត្រ

RELATED ARTICLES