Tuesday, September 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្សារដំបូល ធ្លាក់កម្ទេចភ្លើង ឆេះឃ្លាំងលក់គ្រឿងបន្លាស់ត្រាក់ទ័រ

ផ្សារដំបូល ធ្លាក់កម្ទេចភ្លើង ឆេះឃ្លាំងលក់គ្រឿងបន្លាស់ត្រាក់ទ័រ

ភ្នំពេញៈ ឃ្លាំងស្តុកប្រេង ស្តុកសំបកកង់រថយន្ត និងគ្រឿងបន្លាស់ត្រាក់ទ័រមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និង ធ្វើឱ្យរាលដល់បន្ទប់ស្នាក់នៅជាប់នោះ ចំនួន២បន្ទប់ថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ហើយអាជ្ញាធរ និងសមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយបញ្ជូន រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយ មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័តមានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ឃ្លាំងខាងលើបានតសំយ៉ាបមកខាងមុខបន្ថែមទៀត ហើយកម្ទេចផ្កាភ្លើងធូបផ្សាដែកបានធ្លាក់លើប្រេងដែលហៀរនៅក្នុងឃ្លាំងនោះ ជា ហេតុបង្កឱ្យមានការឆាបឆេះឡើងតែម្តង ហើយភ្លាមៗនោះ ជាងផ្សាដែកបាននាំគ្នាពន្លត់ដែរ ប៉ុន្តែពន្លត់អត់ឈ្នះ ហើយភ្លើងបានឆេះរាលពេញក្នុងឃ្លាំងទាំងមូល ព្រមទាំងឆេះរាលដល់បន្ទប់ស្នាក់នៅចំនួន២ ដែលនៅជាប់នោះទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កង កម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរថយន្ត ការិយាល័យរាជធានីភ្នំពេញ ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន ស្មើនឹង៣២ម៉ែត្រគូប។ និងមានរថយន្តជំនួយមកពីអង្គភាពតម្រួតបទបញ្ជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃដដែល។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ១២ម៉ែត្រ ឆេះខូចខាតឃ្លាំង ដែកប្រក់ស័ង្កសី ចំនួន១ឃ្លាំង រួមមានកង់អាត្រាក់ទ័រ ចំនួន៣០គ្រាប់ ប្រេងពុយចំនួន៣ធុង ប្រេងម៉ាស៊ីនចំណុះ៥លីត្រ ចំនួន៣០កាដុង រួមទាំងគ្រឿងបន្លាស់ត្រាក់ទ័រអស់មួយចំនួន ហើយឆេះរោលបន្ទប់ស្នាក់នៅចំនួន២បន្ទប់។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការផ្សារដំបូលធ្វើឱ្យ ធ្លាក់កម្ទេចធូបផ្សារ បង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាង លើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួស ឡើយ ៕

RELATED ARTICLES