ភ្នំពេញៈ ជនបរទេស ២នាក់ប្តីប្រពន្ធ បានធ្វើសកម្មភាពចូលទៅអុកឡុកនៅក្នុងម៉ាត ១កន្លែង ដោយបានរករឿងនិងបោកកម្ទេចរបស់របរសម្ភារៈក្នុងម៉ាត បណ្តាលឱ្យខូចខាត រួចនាំគ្នាគេចខ្លួនបាត់ លុះជនរងគ្រោះដាក់ពាក្យប្តឹង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ យកមកចាត់ការតាមច្បាប់។

ករណីជនបរទេសវាយបំផ្លាញរបស់របរក្នុងម៉ាតនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤២នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចម៉ាត ១កន្លែង ស្ថិតនៅតាមផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០ ២៦ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវ១៧២ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ Christian Oberg ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ស៊ុយអែត មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូ ជ័រអឺហ្គាដិន បន្ទប់លេខ ១៨២៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ MALIN TILVING ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិស៊ុយអែត មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូ ជ័រអឺហ្គាដិន បន្ទប់លេខ ១៨២៥ ភូមិឬស្សី សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចផ្ទះសំណាក់ មួយកន្លែង ស្ថិតនៅផ្លូវ១៧២ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែល បន្តថា ជនសង្ស័យជាជនបរទេសទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីវាយកម្ទេចសម្ភារៈក្នុងផ្សារម៉ាត មួយកន្លែង កាលពីវេលាម៉ោង ១១និង៤២នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕