Friday, September 12, 2025
Homeសេដ្ឋកិច្ចជាតិគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៤៥%

គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៤៥%

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ។

នៅពេលសាងសង់រួច គម្រោងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញ ប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិ តេជោ ក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូននិងភ័ស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ គោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោ ភណភាព ។

លោករដ្ឋមន្ត្រី បានជំរុញក្រុមហ៊ុនពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀត ដោយហេតុថា រដូវវស្សា ទឹកទន្លេ ចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិ ភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ។

គួរបញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧ តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួច ទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រ- កោះនរា ស្ពានព្រះមុនីវង្ស ទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។ វឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អងក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់នេះ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ សម្រេចបាន ៤៥% លឿនជាងផែន ការ ៤,១១% ដែលរយៈពេលសាងសង់តាមផែនការ មានរយៈពេល៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខនេះ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ មានផ្នែកខាងលិច កាត់ផ្លូវជាតិលេខ២ ភ្ជាប់ដោយរង្វង់មូលទៅមហា វិថីឈុន គង់ កាត់ទទឹងមហាវិថីសម្តេច ហ៊ុន សែន និងផ្នែកខាងកើត កាត់ផ្លូវលេខ១១០ ភ្ជាប់ដោយរង្វង់មូល ទៅផ្លូវក្នុងបុរីប៉េងហួត និងផ្លូវលំ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិលេខ១៕ ខៀវទុំ

RELATED ARTICLES