
ភ្នំពេញ ៖ បន្ទាប់ពីស្ថានទូតបារាំង ប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ការសម្រេចចិត្ដរបស់កម្ពុជា-ថៃ ក្នុងការបំពេញការងាររួមគ្នា ដើម្បីដោះមីន នៅតាមព្រំដែន អ្នកតាមដានស្ថានការណ៍នយោបាយនិងសង្គម នៅកម្ពុជា រួមមានអ្នកវិភាគ អ្នកស្រាវជ្រាវសង្គមនិងសេដ្ឋកិច្ច អ្នកនយោបាយ អ្នកជំនាញភូមិសាស្រ្តនយោបាយ នៃរាជបណ្ឌិត្យសភា ជាដើម បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ន ខណៈដែលព្រំដែនកម្ពុជា-ថៃ មិនច្បាស់លាស់ ពោលគឺមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់ទេនោះ កម្ពុជា មិនអាចធ្វើការដោះមីននៅព្រំដែន រួមគ្នាជាមួយថៃ បានទេ។
គួរបញ្ជាក់ថា ស្ថានទូតបារាំង ប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ ស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជា និងថៃ សម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ក្នុងនោះបារាំង ស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរ ក្នុងការបំពេញការងាររួមគ្នា ដើម្បីដោះមីន នៅតាមព្រំដែនកម្ពុជា-ថៃ ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា មានខ្លឹមសារថា «ប្រទេសបារាំង ស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីគោរពតាមបទឈប់បាញ់។ ប្រទេសបារាំង ស្វាគមន៍ជាពិសេស ការសម្រេចចិត្តរបស់ភាគីទាំងពីរ ក្នុងបំពេញការងាររួមគ្នា ដើម្បីដោះមីននៅតាមព្រំដែន។ ប្រទេសបារាំង បញ្ជាក់សាជាថ្មី នូវការគាំទ្រដ៏ពេញទំហឹង របស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីស្ថិរភាពក្នុងតំបន់“ ។
ជុំវិញសេចក្ដីថ្លែងការណ៍របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា ដូចខាងលើនេះ លោកបណ្ឌិត ជ័យ តិច អ្នកជំនាញកិច្ចការអន្តរជាតិ និងជាអ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ការដោះមីននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នេះ គឺមិនអាចធ្វើបានទេ នៅក្នុងកាលៈទេសៈនេះ ពីព្រោះព្រំដែនកម្ពុជា-ថៃ មិនច្បាស់លាស់ ពោលគឺមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់ទេ យើងមិនទាន់ដឹងថា ខ្សែបន្ទាត់ព្រំដែនខណ្ឌចែកសីមាប្រទេសទាំងពីរនេះ ខាងណាជាបន្ទាត់ព្រំដែនខាងភាគីសៀម ខាងណាជាបន្ទាត់ព្រំដែនខាងភាគីកម្ពុជា?

លោកបណ្ឌិត ជ័យ តិច បានមានប្រសាសន៍ថា “ខ្ញុំបានឃើញសេចក្ដីថ្លែងការណ៍របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា ទាក់ទងទៅនឹងការស្វាគមន៍ទៅលើសេចក្ដីសម្រេចការដោះមីននៅបណ្ដោយព្រំដែនប្រទេសទាំងពីរ រវាងកម្ពុជា-ថៃ នេះ ។ ខ្ញុំហាក់បីដូចជាមិនយល់អំពីរបៀបវារៈនៃស្ថានទូតបារាំង ប្រចាំកម្ពុជា នេះទេ ពីព្រោះនៅក្នុងកិច្ចប្រជុំ GBC គណៈកម្មការព្រំដែនទូទៅរបស់កម្ពុជា ចុងក្រោយនេះ គឺមានសេចក្ដីសម្រេចជាច្រើន ដែលមានសារសំខាន់ ប៉ុន្តែហេតុអ្វីបានជាស្ថានទូតបារាំង ចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ទៅលើតែចំណុចនៃការដោះមីន នៅតាមបណ្ដោយព្រំដែន ដែលមិនសមស្របនៅក្នុងកាលៈទេសៈក្នុងការដោះនេះ ពីព្រោះថា យើងត្រូវទៅដោះមីន ដោះមីន នៅកន្លែងណា? ដែលកន្លែងណាឲ្យពិតប្រាកដថាជាបន្ទាត់ព្រំដែនខណ្ឌចែករវាងប្រទេសទាំងពីរនោះ? ខណៈដែលប្រទេសថៃ ឈ្លានពានមកកម្ពុជា បានចង្អុលព្រំដែនរបស់គេ ចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា ជាច្រើនគីឡូម៉ែត្រដូច្នេះហើយ បារាំង ខ្លួនឯងគឺជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងបន្ទាត់ព្រំដែនបារាំង-សៀម ដែលមានបារាំង នោះឯងជាអ្នកស៊ីញ៉េ ហើយនិងសៀម ខ្លួនឯងជាអ្នកស៊ីញ៉េ ហើយបើសិនជាបារាំង យល់ថា ការដោះមីន នៅតាមបណ្ដោយព្រំដែននេះ ត្រូវកំណត់ឲ្យច្បាស់ ដោយយោងទៅលើផែនទីបារាំង-សៀម នោះ មកបញ្ជាក់ថា នេះបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ខណ្ឌចែកនៅកន្លែងនេះៗ ហើយសម្រេចថា ស្វាគមន៍ឲ្យមានការដោះមីន ផ្អែកទៅលើផែនទីដែលមានហត្ថលេខីរវាងបារាំង ហើយនិងសៀម ខ្លួនឯងនេះ គឺធ្វើការដោះទៅ អត់បញ្ហាទេ ការដោះមីននេះ គឺខាងភាគីថៃ ដោះនៅខាងភាគីថៃ កម្ពុជា ដោះខាងភាគីរបស់កម្ពុជា គឺមិនមានបញ្ហាទេ។ ប៉ុន្តែហេតុអ្វីបានជាស្ថានទូតបារាំង ចេញសេចក្ដីថ្លែងការណ៍ដោយមិនដឹងខ្យល់អី ខណៈដែលមិនដឹងថា ព្រំដែននៅទីណា? ខណៈដែលថៃ ហ្នឹងចោទថា បន្ទាត់ព្រំដែនរបស់គេ ចូលក្នុងដែនដីរបស់កម្ពុជា ដោយការដោះមីននេះ ដោយមិនកំណត់ព្រំដែនឲ្យច្បាស់លាស់ ដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀម ដែលស៊ីញ៉េដោយបារាំង ខ្លួនឯង ដោយសៀម ខ្លួនឯងនេះ“ ។
លោកបណ្ឌិត ជ័យ តិច បានមានប្រសាសន៍បន្តថា “ដូច្នេះខ្ញុំយល់ឃើញថា ការដោះមីន នៅតាមបណ្ដោយព្រំដែននេះ គឺមិនអាចធ្វើបានទេ នៅក្នុងកាលៈទេសៈនេះ ពីព្រោះថា យើងមិនទាន់ដឹងថា ខ្សែបន្ទាត់ព្រំដែនខណ្ឌចែកសីមាប្រទេសទាំងពីរនេះថា ខាងណាជាបន្ទាត់ព្រំដែនខាងភាគីសៀម ខាងណាជាបន្ទាត់ព្រំដែនខាងភាគីកម្ពុជា? ដូច្នេះទេ ការដោះមីននេះ យើងត្រូវយោងទៅលើផែនទីបារាំង-សៀម ដែលមានសៀម ជាអ្នកចុះហត្ថលេខា ដែលមានបារាំង ជាអ្នកចុះហត្ថលេខា ខណ្ឌចែកបន្ទាត់ព្រំដែននេះ ដោយយើងអាចយកអាហ្នឹង មកប្រើប្រាស់ ហើយខណ្ឌចែក ដឹងបន្ទាត់ច្បាស់លាស់ ដោយយោងទៅតាមផែនទីនេះ យើងអាចធ្វើការដោះបាន ឬមួយក៏អាចឲ្យមានសេចក្ដីសម្រេចពីតុលាការអន្តរជាតិទៀត តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយយោងទៅលើការខណ្ឌចែកសីមានៃផែនទីបារាំង-សៀមនេះ ធ្វើសេចក្ដីសម្រេចក្នុងការសម្រេចបន្ទាត់ព្រំដែនហើយ យើងអាចធ្វើការដោះបាន។ ប៉ុន្តែខណៈដែលភាគីជម្លោះនេះ មិនទាន់ដឹងថា ព្រំដែននៅខាងណា ខណៈដែលសៀម ហ្នឹងចោទថាព្រំដែនរបស់គេ នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហេតុអីបានជាស្ថានទូតបារាំង ចេញសេចក្ដីថ្លែងការណ៍ ក្នុងការស្វាគមន៍ឲ្យមានការដោះមីន? ដោះមីន យ៉ាងណា? ដោះមីន នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា? ដោះហើយ ឲ្យខាងសៀម ហ្នឹងចុចយកទីនេះ ជាកន្លែងព្រំដែនរបស់សៀម ស្រេចតែនឹងចិត្ត ដើម្បីរំលោភបំពាននូវដែនអធិបតេយ្យរបស់កម្ពុជា ឬក៏យ៉ាងណា? ដូច្នេះទេ សម្រាប់ខ្ញុំ គឺមិនគាំទ្រជាដាច់ខាតក្នុងការដោះមីន នៅតាមបណ្ដោយព្រំដែន ខណៈដែលបន្ទាត់ព្រំដែន ខណ្ឌចែកសីមារវាងប្រទេសទាំងពីរ មិនទាន់មានការឯកភាព មិនទាន់ឲ្យមានការសម្រេច ឬក៏មិនទាន់មានការគាំទ្រតាមការអនុវត្តទៅលើផែនទីបារាំង-សៀម ដែលបារាំង ខ្លួនឯងជាអ្នកចុះហត្ថលេខានោះ” ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា លោកទទួលយកទៅលើការដោះមីននេះ ក៏ប៉ុន្តែត្រូវប្រាកដប្រជាអំពីការប្រើប្រាស់ផែនទី ជាមុនសិន ហើយថៃ ត្រូវតែថយចេញពីតំបន់ដែលខ្លួនឈ្លានពានកាន់កាប់ដោយខុសច្បាប់ ដោយផ្អែកលើផែនទីបារាំង-សៀម ។ ជាពិសេស ថៃ ត្រូវតែរើលួសបន្លា ឬក៏របងព័ទ្ធផ្ទះប្រជាពលរដ្ឋ ដីចម្ការរបស់កម្ពុជា និងមួយទៀត ថៃ ត្រូវតែបញ្ជូនយោធាកម្ពុជា ដែលចាប់ទៅដោយខុសច្បាប់ ១៨នាក់នោះ ដោយគ្មានលក្ខខណ្ឌ មកសិន មុននឹងជជែកទៅលើបញ្ហាដោះមីន ឬក៏បញ្ហាផ្សេងៗទៀត ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “ជាទស្សនៈខ្ញុំ ខ្ញុំយល់ឃើញថា ដោះមីន គឺជាចំណុចសំខាន់មួយនៅក្នុងការងារព្រំដែនកម្ពុជា និងថៃ ហើយក្នុងខណៈពេលនេះដែលមិនទាន់មានភាពប្រាកដប្រជានៅក្នុងបញ្ហាចូលរំលោភឈ្លានពាន បំពានពីភាគីថៃ មកទឹកដីកម្ពុជា វាជាបញ្ហាស្នូលក្នុងការពិចារណាថា តើដោះមីន យ៉ាងដូចម្ដេច? យើងដឹងហើយថា ថៃ ព្យាយាមមិនទទួលយកនូវផែនទីដែលសល់ពីមរតកបារាំង-សៀម នោះទេ ។ អ៊ីចឹងប្រសិនបើថៃ មិនទទួលយកផែនទីនេះ ដូច្នេះការដោះមីន នៅតាមបន្ទាត់ព្រំដែន សួរថា ដោះមីន ផ្អែកទៅលើផែនទីអ្វី? ខ្ញុំសាទរចំពោះការដោះមីន ពីព្រោះមីន វាធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សជាតិ ប៉ុន្តែត្រូវបញ្ជាក់ឲ្យច្បាស់ថា ដោះមីន ផ្អែកទៅលើផែនទីអ្វី? ផ្អែកទៅលើផែនទីបារាំង-សៀម ឬផែ្អកទៅលើផែនទីណាមួយផ្សេងទៀត? សម្រាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន ច្បាស់ណាស់ថា ត្រូវតែប្រើប្រាស់ផែនទីបារាំង-សៀម ក្នុងខណៈថៃ ប្រកែកមិនប្រើ ។ អ៊ីចឹងខ្ញុំនៅតែមិនយល់អំពីរបៀបធ្វើការរបស់ប្រទេសថៃ ទេ តើឲ្យកម្ពុជា ទៅដោះមីន នៅក្នុងទឹកដីអ្នកណា? ផ្អែកទៅលើផែនទីអ្វី? ហើយឃើញថៃ ខិតខំព្យាយាមធ្វើការងារការទូត កន្លែងនេះ យើងគួរកត់សម្គាល់ និងឆ្លុះបញ្ចាំងហើយ ទៅលើបញ្ហាដោះមីននេះ ឃើញអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ក៏ចេញនូវសេចក្ដីថ្លែងការណ៍សាទរអំពីបញ្ហាដោះមីន ហ្នឹងដែរ» ។
លោកបណ្ឌិត យង់ ពៅ បន្តថា «សាជាថ្មី ខ្ញុំទទួលយកទៅលើការដោះមីននេះ ក៏ប៉ុន្តែត្រូវប្រាកដប្រជាអំពីផែនទីសិន អំពីការប្រើប្រាស់ផែនទី ជាមុនសិន ទី១ ។ ទី២ ប្រាកដប្រជាថា ថៃ ត្រូវតែថយចេញពីតំបន់ដែលខ្លួនឈ្លានពានកាន់កាប់ដោយខុសច្បាប់ ដោយផ្អែកលើផែនទីបារាំង-សៀម ហ្នឹង ។ ថៃ ត្រូវតែរើលួសបន្លា ឬក៏របងព័ទ្ធផ្ទះប្រជាពលរដ្ឋ និងដីចម្ការរបស់កម្ពុជា ។ មួយទៀត ថៃ ត្រូវតែបញ្ជូនយោធាដែលចាប់ពង្រាត់ដោយខុសច្បាប់ ១៨នាក់នោះ ដោយគ្មានលក្ខខណ្ឌ មកសិន មុននឹងជជែកទៅលើបញ្ហាដោះមីន ឬក៏បញ្ហាផ្សេងៗទៀត ។ ធ្វើទាំងអស់នេះឲ្យបានសិនទៅ រឿងដោះមីន គឺជារឿងដែលយើងត្រូវសាទរហើយ ប៉ុន្តែត្រូវធ្វើដូចដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹង ឲ្យបានសិនទៅ“ ។
ជុំវិញបញ្ហាខាងលើនេះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ករណីបារាំង ស្វាគមន៍រឿងដោះគ្រាប់មីន តាមការសម្រេចចិត្តរបស់កម្ពុជា និងថៃ នេះជារឿងល្អហើយ ប៉ុន្តែត្រូវប្រាកដថា ក្រោយការដោះមីនរួច តើភាគីសៀម បន្តឈ្លានពានទឹកដីខ្មែរ ដូចដែលកើតមាននៅតំបន់ដទៃទៀតឬទេ? ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជាក់ប្រាប់បារាំង ឲ្យបានច្បាស់លាស់ អំពីមហិច្ឆតារបស់សៀម។ ជាពិសេស កម្ពុជា ត្រូវប្រញាប់ប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ជូនជាតិផង និងអាចការពារដែនអធិបតេយ្យរបស់កម្ពុជា ផង ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ករណីបារាំង ស្វាគមន៍រឿងដោះគ្រាប់មីន តាមការសម្រេចចិត្តរបស់កម្ពុជា និងថៃ នេះជារឿងល្អហើយ។ ជាមួយគ្នានេះ ត្រូវប្រាកដថា ក្រោយការដោះមីនរួច តើភាគីសៀម បន្តឈ្លានពានទឹកដីខ្មែរ ដូចដែលកើតមាននៅតំបន់ដទៃទៀតឬទេ? ត្រង់ចំណុចនេះ រដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជាក់ប្រាប់បារាំង ឲ្យបានច្បាស់លាស់ អំពីមហិច្ឆតារបស់សៀម។ មួយវិញទៀត កម្ពុជា គួរតែស្នើប្រទេសបារាំង ផ្តល់ឯកសារ និងអ្នកបច្ចេកទេស ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ នេះ ពីព្រោះបារាំង គឺជាម្ចាស់អាណានិគមរបស់កម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា ត្រូវប្រញាប់ប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ជូនជាតិផង និងអាចការពារដែនអធិបតេយ្យរបស់កម្ពុជាផង“ ។
ដោយឡែក លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ជាការពិតហើយ យើងមិនទាន់ព្រមព្រៀងគ្នាទៅលើបង្គោលព្រំដែនទាំងអស់នោះផង យើងមិនអាចដោះមីន នៅពេលនេះបានទេ គឺដោះមីនបាន នៅពេលដែលបង្គោលទាំង៧៣ ព្រមព្រៀងគ្នា ឯកភាពគ្នា និងឈប់មានជម្លោះព្រំដែនសិន ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ជាការពិតហើយ ពេលនេះ យើងមិនទាន់ព្រមព្រៀងគ្នាទៅលើបង្គោលព្រំដែនទាំងអស់នោះផង ដូច្នេះអត់ត្រូវដោះមីននោះទេ ដោះមីនបាន នៅពេលដែលបង្គោលទាំង៧៣ហ្នឹង ព្រមព្រៀងគ្នា ឯកភាពគ្នាសិន ហើយនិងឈប់មានជម្លោះព្រំដែនសិន អាហ្នឹងបានយើងអាចដោះមីនបាន ។ ដោះមីន ពេលនេះ ដូចយើងបើកដៃឲ្យថៃ ចូលរំលោភបំពានយកដីខ្មែរយើងអ៊ីចឹង ដូចសម័យលង្វែក ដែលខ្មែរយើង ទៅកាប់ឆ្ការព្រៃឫស្សី ដើម្បីយកប្រាក់ឌួង ឲ្យថៃ វាយបែកបន្ទាយលង្វែក អ៊ីចឹង អាហ្នឹងដូចគ្នាអ៊ីចឹងឯង ។ ដូច្នេះខ្មែរយើង មិនត្រូវយល់ព្រមជាមួយថៃ នៅក្នុងការដោះមីន នៅពេលនេះទេ បើយើងដោះមីន គឺប្រាកដជាឲ្យថៃ រំលោភយកដីខ្មែរយើង ស្រេចចិត្តហើយ ឬក៏រាយលួសបន្លា យកដីខ្មែរយើង ស្រេចចិត្ត នៅតាមព្រំដែន នៅពេលដែលយើងព្រមដោះមីន ព្រោះមីនហ្នឹងហើយ អាចការពារទឹកដីយើងបាន សូម្បីតែវ៉ៃយកប្រាសាទតាក្របី ហ្នឹង ថៃ ក៏បាននិយាយថា វ៉ៃអត់ចូល ដោយសារមានមីន ហើយមីនហ្នឹង មីនចាស់តើ! មានតាំងពីសម័យសង្រ្គាម មានមីនថ្មីឯណា?“ ។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា ឯកភាពគ្នាជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឯកភាពគ្នាថា ការបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់ ទោះក្នុងទម្រង់ណាក៏ដោយ គឺមានភាពចាំបាច់ណាស់ ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។
ដោយឡែកពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌ ភាគីទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួល ក្នុងរយៈពេល ១សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) ដើម្បីកំណត់និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាព ព្រមទាំងសម្របសម្រួលលើការរៀបចំផែនការនិងអនុវត្តការងារនេះ។ ភាគីទាំងពីរ នឹងរៀបចំឲ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្ដើមកំណត់តំបន់សាកល្បងសម្រាប់ការដោះមីន ក្នុងរយៈពេល ១ខែខាងមុខ ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ៕ កុលបុត្រ