ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ១ក្រុម មានគ្នាប្រមាណជិត ២០នាក់ បានប្រមូលផ្តុំគ្នាសម្ងំប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ លុះសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនសរុបចំនួន១៩នាក់ (ស្រី១) ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន២កញ្ចប់ ។

ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅម្តុំផ្សារនាគមាស ស្ថិតនៅតាមផ្លូវ២៣៤ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការស្រាវជ្រាវបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅម្តុំ ផ្សារនាគមាស ផ្លូវ២៣៤ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៩នាក់ (ស្រី១នាក់) រួមនិងវត្ថុតាង ម្សៅស សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់តូច ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀន មួយ ចំនួន។
ជនសង្ស័យទាំង១៩នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕