Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈរមើលជល់មាន់ ភ័យប៉ូលិសចាប់ រត់ដួលស្លាប់

ឈរមើលជល់មាន់ ភ័យប៉ូលិសចាប់ រត់ដួលស្លាប់

ខេត្តកំពត ៖ យុវជនម្នាក់ មកមើលគេលេងល្បែងជល់មាន់ លុះឮសូរគេផ្អើលឆោឡោថា មានកម្លាំងសមត្ថកិច្ច ចុះមកចាប់អ្នកជល់មាន់ ធ្វើឱ្យជនរងគ្រោះភ័យ ស្ទុះរត់ចេញពីកន្លែងសង្វៀនបញ្ជល់មាន់ ចម្ងាយ១០០ម៉ែត្រ កាត់វាលស្រែផង បណ្តាលឱ្យដួលស្លាប់ក្នុងស្រែ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

ជនរងគ្រោះដែលដួលស្លាប់ មានឈ្មោះស៊ិន រម្យន្នីកិត្យា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅឯរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមកលេងផ្ទះមិត្តភក្តិ នៅភូមិព្រៃធំ ក្នុងរដូវ បុណ្យភ្ជុំបិណ្ឌ ហើយឮសូរ ជល់មាន់ ក៏បានមកមើល។ ស្រាប់តែក្រោយមក មានគេផ្អើលឆោឡោថា សមត្ថកិច្ចចុះមកចាប់អ្នកជល់មាន់ ធ្វើឱ្យជនរងគ្រោះភ័យ បានរត់ចេញពីកន្លែងជល់មាន់ ចម្ងាយ១០០ម៉ែត្រ កាត់វាលស្រែ ក៏ដួលស្លាប់ក្នុងវាលស្រែ ក្បែរចម្ការអំពៅតែម្តង។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីបានទទួលបទបញ្ជាពីថ្នាក់លើ ចុះបង្ក្រាបល្បែងជល់មាន់ នៅភូមិព្រៃធំ តែសមត្ថកិច្ចចុះមិនទាន់ដល់ផង ស្រាប់តែក្រុមអ្នកលេងមាន់ បានរត់ប្រសាច ហើយភ្លាមៗនោះ មិនទាន់ដឹងថា មានមនុស្សស្លាប់ទេ ទាល់តែមិត្តភក្តិដើររក ទើបឃើញថា យុវជនរងគ្រោះឈ្មោះស៊ិន រម្យន្នីកិត្យា ដួលស្លាប់នៅក្នុងស្រែក្បែរចម្ការអំពៅ។

សពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES