ភ្នំពេញ ៖ ផ្ទះវីងវេរលុយនិងដូរលុយ មួយកន្លែង របស់មន្ត្រីយោធាម្នាក់ ត្រូវបានជនសង្ស័យ ១ក្រុម កាត់ជញ្ជាំងស័ង្កសី គាស់ទ្វារ ចូលលួចកលុយនិងទ្រព្យសម្បត្តិមានតម្លៃ អស់មួយចំនួនធំ រួមទាំងកាំភ្លើងខ្លី ១ដើមផង។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះវីងវេរលុយ និងដូរលុយ យីហោ ចែឃី ស្ថិតតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុ បានចាក់សោចោល ដោយម្ចាស់ផ្ទះ គឺជាមន្ត្រីយោធា បានទៅកន្លែងធ្វើការ។ ចំណែកស្ត្រីជាប្រពន្ធនិងកូនៗ បានចេញទៅក្រៅ លុះដល់វេលាម៉ោងកើតហេតុ ម្ចាស់ផ្ទះនិងកូនៗ បានត្រឡប់មកវិញ ចាក់សោចូលទៅក្នុងផ្ទះ ស្រាប់តែផ្ទះមានសភាពមិនប្រក្រតី រប៉ាត់រប៉ាយ ហើយទៅមើលទ្វារខាងក្រោយរបើក និងជញ្ជាំងសង្ក័សីខាងក្រោយ ចំហៀងផ្ទះ ជាប់ដីឡូត៍ទុកចោល មានស្នាមកាត់ស័ង្កសី ។

ប្រភពដដែល បន្តថា បន្ទាប់ពីដឹងថាមានចោរគាស់ផ្ទះ បាត់បង់ប្រាក់មួយចំនួនធំ រួមទាំងរបស់មានតម្លៃ មួយចំនួន និងអាវុធខ្លី ១ដើមផង ទើបម្ចាស់ផ្ទះ បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅកន្លែងកើតហេតុ ធ្វើការឡោមព័ទ្ធទីតាំងខាងលើ ដើម្បីស្វែងរកជនសង្ស័យ។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះ កូនស្រីរបស់ម្ចាស់ផ្ទះកើតហេតុ មានអារម្មណ៍តក់ស្លុតរហូតសន្លប់ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកបុរសជាម្ចាស់ផ្ទះ ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរបំភ្លឺ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម។ យ៉ាងណា ម្ចាស់ផ្ទះ នៅមិនទាន់អាចបញ្ជាក់ថា ការបាត់បង់ទ្រព្យសម្បត្តិ មានចំនួនសរុបប៉ុន្មាននៅឡើយ គ្រាន់តែបង្ហើបថា មិនតិចជាង ៣ម៉ឺនដុល្លារ និងកាំភ្លើងខ្លី ១ដើម។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕