ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ តែងប្រើគ្រឿងញៀនជាប្រចាំ និងធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ផ្តាច់ថ្នាំញៀន ចំនួន២លើករួចមកហើយ តែមិនព្រមកែខ្លួន ចេញមកវិញ នៅតែបន្តប្រើប្រាស់ថ្នាំញៀន អុកឡុកក្រុមគ្រួសារ រហូតដល់វាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមសម្លាប់ម្តាយបង្កើតខ្លួនឯង ធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុស យកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី។
យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡៃ ថុនា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជា មួយម្តាយឈ្មោះឃួន ណាន អាយុ៤៨ឆ្នាំ ក្នុងភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុយុវជនខាងលើ បានធ្វើសកម្មភាពស្រែកឡូឡា និងបង្កការអុកឡុកក្នុងផ្ទះ ដោយនៅក្នុងដៃមានកាន់កាំបិតប៉័ងតោ ដងឈើ និងអង្រែបុកគ្រឿង ខ្លី១ដើម ឃើញបែបនេះ ស្ត្រីជាម្តាយ ឈ្មោះឃួន ណាន បានហាមឃាត់ និងស្តីបន្ទោសកូនប្រុស ២-៣ម៉ាត់ ស្រាប់តែកូនប្រុសខឹងសម្បា ស្ទុះទៅវាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះ រួមមាន បោកចានឆ្នាំងដាំបាយ កង្ហារព្យួរជញ្ជាំង ២គ្រឿង ធាក់ ទ្វារផ្ទះបាយ ទ្វារបន្ទប់ទឹកបណ្តាលឱ្យខូចខាត និងថែមទាំងគំរាមសម្លាប់ម្តាយបង្កើតខ្លួនឯងទៀតផង។
ដោយសារតែទ្រាំនូវទង្វើរបស់កូនប្រុសលែងបាន ទើបម្តាយបានទូរស័ព្ទប្តឹងសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ ឃាត់ខ្លួនកូនប្រុសឈ្មោះ ឡៃ ថុនា យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ដើម្បីធ្វើការសាកសួរ។

តាមការបញ្ជាក់ពីម្តាយជនដៃដល់ខាងលើ បានឱ្យដឹងថា កន្លងទៅ កូនប្រុសរបស់គាត់ ធ្លាប់បានប្រើប្រាស់គ្រឿងញៀន ហើយគាត់ធ្លាប់បានយកដាក់នៅមណ្ឌលអប់រំកែប្រែ ២ដងរួចមកហើយ ប៉ុន្តែកូនប្រុស នៅតែមិនចេះកែខ្លួន ទើបគាត់ដាច់ចិត្តប្តឹងសមត្ថកិច្ច ឃាត់ខ្លួនយកទៅអនុវត្តតាមច្បាប់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕