Tuesday, September 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់ផ្ទះចោទលួច ៣ម៉ឺនដុល្លារ ចោរប្រកែកថា លួចបាន១ពាន់រៀល

ម្ចាស់ផ្ទះចោទលួច ៣ម៉ឺនដុល្លារ ចោរប្រកែកថា លួចបាន១ពាន់រៀល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាអ្នករើសអេតចាយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគាស់ផ្ទះវីងវេរលុយ របស់មន្ត្រីយោធា ហើយម្ចាស់ផ្ទះចោទថា បានលួចប្រាក់អស់ប្រមាណ ៣ម៉ឺនដុល្លារ គ្រឿងអលង្ការមួយចំនួន និងកាំភ្លើងខ្លី ១ដើម កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះវីង វេលុយ មួយកន្លែង ស្ថិតនៅតាមផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីឡូត៍ទុកចោល ១កន្លែង ផ្លូវណតប៊្រីដ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយជនសង្ស័យបានសារ ភាពថា ពិតជាបានលួចគាស់នោះមែន តែប្រកែកថា មិនបានលួចលុយ ៣ម៉ឺនដុល្លារ និងកាំភ្លើងខ្លី ១ដើម ដូចម្ចាស់ផ្ទះចោទប្រកាន់នោះទេ គឺលួចបានតែលុយ ១ពាន់រៀលគត់ និងបង់កាំភ្លើង១ ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសុខ សំឯក ហៅឆ្លូញ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររើសអេត Mចាយ ស្នាក់នៅដីឡូត៍ទុកចោល តាមផ្លូវណតប៊្រីដ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះតាំង ផេង ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធា (ស័ក្តិ៤កន្លះ) នៅអគ្គបញ្ជាការដ្ឋាន ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច  បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ ពីធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីយោធា យកប្រាក់និងគ្រឿងអលង្ការ ព្រមទាំងកាំភ្លើងខ្លី រួចគេចខ្លួនបានតែមួយយប់ប៉ុណ្ណោះ។

ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើ សកម្មភាពផ្លោះរបងដីឡូត៍ ជាប់ផ្ទះជនរងគ្រោះ យកកន្ត្រៃគាស់កាត់ស័ង្កសី រួចលូនចូលធ្វើសកម្មភាពក្នុងផ្ទះជនរងគ្រោះ ខណៈពេលដែលម្ចាស់ផ្ទះជាប្តី ទៅប្រចាំការនៅបន្ទាយ ចំណែកស្ត្រីជាប្រពន្ធនិងកូន បានទៅដើរលេង។ ម្ចាស់ផ្ទះ បានអះអាងថា ជនសង្ស័យបានលួចលុយសុទ្ធ ប្រហែល១៥០០០ដុល្លារ ឡែបថប ចំនួន១ គ្រឿង នាឡិកាដៃ ចំនួន១គ្រឿង ចិញ្ចៀន និងខ្សែដៃភ្លុកដំរី ចំនួន៤ខ្សែ (សរុបជាទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារ) និងកាំភ្លើងខ្លី ម៉ាក K54 ចំនួន១ដើម រួចគេចខ្លួនបាត់។ លុះក្រោយមក ប្រពន្ធម្ចាស់ផ្ទះ បានត្រឡប់មកផ្ទះវិញ ទើបដឹងថា ចោរគាស់ផ្ទះ រើកកាយយករបស់របរមានតម្លៃ រួចបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ បាលអូរបែកក្អម។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យ នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីឡូត៍គេទុកចោល ផ្លូវណតប៊្រីដ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ព្រមទាំងដកហូតម៉ូតូរ៉ឺម៉ក របស់ជនសង្ស័យ។

តាមព័ត៌មាន ឱ្យដឹងថា បន្ទាប់ពីត្រូវបានឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន តែលួចបានតែឡែបថប មួយគ្រឿង លុយ១០០០រៀល និងគ្រឿងអលង្ការបន្តោងភ្លុកដំរី ពុំបានលួចលុយ ៣ម៉ឺនដុល្លារ និងកាំភ្លើងម៉ាក K54 ១ដើម ដូចម្ចាស់ផ្ទះចោទប្រកាន់នោះទេ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានគេផ្តល់រហស្សនាមថា “ចោរចេះច្បាប់” ខណៈដែលកន្លងមកជន សង្ស័យធ្លាប់ធ្វើសកម្មភាពលួចម្តងហើយ និងត្រូវបានប្រជាពលរដ្ឋចាប់ក្របួចជាប់ ទប់កំហឹងមិនបាន ក៏ជ្រុល វាយ ២-៣ដៃ ស្រាប់តែត្រូវជនសង្ស័យបានព្រមានថា “ប្រយ័ត្នជ្រុលដៃវ៉ៃខ្ញុំស្លាប់ ជាប់គុកខ្លួនឯង អត់ថ្ងៃចេញ ចេះច្បាប់អត់?…”។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

RELATED ARTICLES