Tuesday, September 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងកាប់ចាក់គ្នា ជាប់ខ្នោះ១១

ក្មេងទំនើងកាប់ចាក់គ្នា ជាប់ខ្នោះ១១

ខេត្តសៀមរាប ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម បានកើតមានជម្លោះ ឈានដល់ការវាយតប់ និងប្រើដាវកាំបិតកាប់ចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួស រួចនាំគ្នារត់គេចខ្លួនបាត់អស់។ លុះក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ តាមចាប់ខ្លួនបាន សរុបចំនួន១១នាក់ នាំយកទៅចាត់ការតាមច្បាប់។ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១៦នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ថា កាលពីវេលាម៉ោង ៤និង១៦នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស (ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលករណីនេះ បង្កឡើងដោយជនសង្ស័យ ចំនួន២ក្រុម មានគ្នាចំនួន ១២នាក់ ក្រោយពីប្រព្រឹត្តអំពើហិង្សារួច ពួកគេបាននាំគ្នាគេចខ្លួនអស់។

ប្រភពដដែល បន្តថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងបានការសម្របសម្រួលនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យ ចំនួន២ក្រុម ដែលមានគ្នាចំនួន១១នាក់ យកមកធ្វើការសាកសួរ។

ក្រុមទី១ មានគ្នាចំនួន៥នាក់ រួមមាន ទី១-ឈ្មោះប៉ន ពិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ។ ទី២-ឈ្មោះហាស់ ហុច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។ ទី៣-ឈ្មោះហាស់ ហួន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ។ ទី៤-ឈ្មោះហាស់ ហ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះហាស់ ហៀម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ។ អ្នកទាំង៥នាក់ មានលំនៅបច្ចុប្បន្ន ស្ថិតនៅក្នុងភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

ចំណែកក្រុមទី២ មានគ្នាចំនួន៦នាក់ រួមមាន ទី១-ឈ្មោះសៃ សាញ់ ហៅសូយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។។ ទី២-ឈ្មោះ ភាព សុភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។ ទី៣-ឈ្មោះគួយ ស៊ីណាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិស្រះ ឃុំរើល ស្រុកពួក។ ទី៤-ឈ្មោះស៊ាត សាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ។ ទី៥-ឈ្មោះមឿត មុត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអន្ទឹតសុខ ឃុំគោកដូង ស្រុកអង្គរជុំ និងទី៦-ឈ្មោះញ៉ាន វណ្ណៈ ហៅខ្នីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរក្រុម បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើ ប្រាស់អំពើហិង្សា និងប្រដាប់ដោយអាវុធ វាយតបតគ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួស លុះដល់ថ្ងៃបន្ទាប់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនក្រុមរបស់ខ្លួនតែម្តង។

រីឯវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដកហូត រួមមានសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួនទៀតផងដែរ។

ជនសង្ស័យទាំង១១នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ស្នើសុំដីកាតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ត៕

RELATED ARTICLES