ភ្នំពេញ ៖ ព្រាប សុវត្ថិ បានតាមដាននិងលើកទឹកចិត្តដល់កូនប្រុសទី២ របស់លោកសុវត្ថិ មុនីនាគ ហៅ N.JOHN ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ចេញបទចម្រៀងជាភាសាអង់គ្លេស ជាពិសេសគឺ MV បទ «Fell Like This» ចេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមខ្លះ រិះគន់ថា មុនីនាគ ឲ្យតែចេញបទថ្មីពេលណា គឺចំតែពេលដែលបញ្ហាព្រំដែនខ្មែរ-ថៃ មានកម្ដៅខ្លាំង។ ជាក់ស្ដែង ពេលទម្លាក់បទ «Sweet Love» ដែលពេលនោះ កងទ័ពខ្មែរ និងសៀម កំពុងប្រយុទ្ធគ្នាក្ដៅគគុក ។ ជាមួយគ្នានេះដែរ ព្រាប សុវត្ថិ ក៏បានចេញសារជូនពរកូនទី២ ពីចម្ងាយ នៅថ្ងៃខួបកំណើត ទី២៩ ខែកញ្ញា ឲ្យកូនមានសុខភាពល្អ អាយុ វែង ជោគជ័យលើវិថីសិល្បៈ ។ ប៉ុន្ដែអ្នកលេងហ្វេសប៊ុកខ្លះ នៅតែមិនពេញចិត្ត N.JOHN ចេញបទចម្រៀង នៅកាលៈទេសៈនេះឡើយ។

គណនីហ្វេសប៊ុក ឈ្មោះសំឡេងខ្មែរ ខម្មិនទាក់ទងសុវត្ថិ មុនីនាគ ចេញបទ «Fell Like This»នោះថា «ហេតុអ្វីបានជាក្មួយ ទម្លាក់បទ ចំតែមានបញ្ហាក្ដៅ?»។ គណនីហ្វេសប៊ុក ឈ្មោះព្រះបិតុលា ឡីវប៉ី ខម្មិនថា «គុយទាវមួយតុ ឲ្យម៉ុក ចេញលុយតែឯង ឃើញអ្នកផ្សេងទម្លាក់បទដែរតើ ហើយទម្លាក់សឹងរាល់ថ្ងៃផង មិនថា»។

Fan របស់សុវត្ថិ មុនីនាគ បានការពារកូនកំលោះទី២ ព្រាប សុវត្ថិ ថា មុនីនាគ កំពុងរស់នៅអាមេរិក ហើយបទចម្រៀង មានក្រុមការងារគេអ្នករៀបចំឲ្យ និងចេញពេលណា នៅលើអ្នកគ្រប់គ្រង ហេតុនេះខាងបរទេស ដល់ថ្ងៃ គេចេញ គឺចេញហើយ មិនគិតថា ព្រំដែនខ្មែរ-ថៃ យ៉ាងណាទេ ព្រោះមុនីនាគ ជាតារាចម្រៀងក្រោមការគ្រប់គ្រងរបស់គេ។ អ្នកគាំទ្រកូនលោកព្រាប សុវត្ថិ បន្ថែមថា កន្លងមក គេក៏ធ្លាប់ឃើញមុនីនាគ បានចេញ សារ ពីស្ថានភាពតំបន់ព្រំដែន ត្រូវសៀមឈ្លានពាន ប្រាប់ទៅពិភពលោកដែរ ហេតុនេះកុំឲ្យតែឃើញចេញបទចម្រៀងថ្មី គិតតែរិះគន់នោះ ចុះម៉េចមិនរិះគន់តារាផ្សេងៗទៀតចេញបទថ្មីដែរទៅ?

សុវត្ថិ មុនីនាគ ត្រូវបានឪពុកបណ្ដុះបណ្ដាលបច្ចេកទេសច្រៀង តាំងពីនៅតូច និងបានយកចូលផលិតកម្មរស្មីហង្សមាស ជាមួយបងនិងប្អូនប្រុសរបស់គេ កាលពីឆ្នាំ២០១៧ និងចប់កុងត្រា នៅឆ្នាំ២០២២ ។ ដើម្បីឲ្យកូនប្រុស មានឈ្មោះជាតារាលក្ខណៈអន្ដរជាតិ មានបរទេសទទួលស្គាល់ លោកព្រាប សុវត្ថិ បានចំណាយលុយច្រើនលើមុនីនាគ តាមរយៈការជួលគ្រូបរទេស បង្វឹកទាំងបច្ចេកទេសច្រៀង និងរាំ ខណៈដែលកូនទី១ សុវត្ថិ មុនីវណ្ណ និងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ លោកនាំចូលច្រៀងនៅ Galaxy ជាមួយលោកដែរ។ ប៉ុន្ដែគេមិនទាន់អាចសន្និដ្ឋានបានទេថា តើសុវតិ្ថ មុនីនាគ នឹងល្បីលើឆាកអន្ដរជាតិ ដូចការរំពឹងទុករបស់លោកព្រាប សុវត្ថិ នាពេលអនាគត ឬយ៉ាងណា? បើទោះជាពេលនេះ មានអាណិកជនខ្មែរ នៅអាមេរិក ខ្លះថា ពួកគេភ្ញាក់ផ្អើលនៅពេលដែលចូលផ្សារទំនើបមួយចំនួននៅអាមេរិក ឮគេចាក់បទចម្រៀងរបស់មុនីនាគ ក្ដី ។

សូមបញ្ជាក់ថា សុវត្ថិ មុនីនាគ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យ យោធាភិរម្យ ការិយាល័យទី៥ ហើយពេលច្រៀងបទភាសាអង់គ្លេស ត្រូវបានគេប្រដូចថា លោកមានសំឡេងស្រដៀង Michael Jackson ។ អតីតតារាហង្សមាស រូបនេះ ត្រូវបានតារាចម្រៀង ពេជ្រ សោភា ធ្លាប់ព្យាករថា មុនីនាគ អាចស្នងតំណែងឪពុក គឺលោកព្រាប សុវត្ថិ បាន នាពេលអនាគត ។ ប៉ុន្ដែពេលនេះ លោកព្រាប សុវត្ថិ បានឈានមួយជំហានទៀត នោះគឺមិនត្រឹមតែចង់ឲ្យកូនល្បីក្នុងស្រុកទេ តែលោកចង់ឲ្យកូនមានឈ្មោះលើឆាកអន្ដរជាតិផងដែរ ហើយលោកនៅពីក្រោយខ្នង និងតាមដានសកម្មភាពកូនប្រុសគ្រប់ជំហាន។

អតីតតារាចម្រៀងហង្សមាស លោកនូ ស៊ឹប អះអាងថា លោកព្រាប សុវត្ថិ ពេលនេះមានលុយ ហេតុនេះចង់ចំណាយយ៉ាងណាក៏មិនខ្លាចដែរ ដើម្បីឲ្យកូនបានល្អ ហើយលោកជឿថា ដើម្បីរក្សាតម្លៃកូនប្រុសនេះ លោកសុវត្ថិ នឹងមិនយកកូនចូល Galaxy ទាំង៣នាក់នោះទេ ។
ក្រៅពីតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ តារាដែលកំពុងបណ្ដុះកូន ឲ្យបន្ដអាជីពសិល្បៈពីខ្លួន មានដូចជា លោកហួរ ឡាវី, ខាន់ ជេមស៍, ខេមរៈ សិរីមន្ដ, មាស សុខរតនៈ, អ្នកនាងកែវ កល្យាណ និងសឿន ផានផាភួង ជាដើម ៕