Thursday, October 2, 2025
Homeសេដ្ឋកិច្ចជាតិគម្រោង ១០ពាន់លានដុល្លារ អភិវឌ្ឍន៍ផ្លូវដែកកម្ពុជា ៨ខ្សែ

គម្រោង ១០ពាន់លានដុល្លារ អភិវឌ្ឍន៍ផ្លូវដែកកម្ពុជា ៨ខ្សែ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា មានគម្រោងដឹកជញ្ជូនផ្លូវដែក សរុបចំនួន៨គម្រោង ដោយគ្រោងចំណាយថវិកាសរុប ១០ ០១០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការនិងដឹក ជញ្ជូន បានបញ្ជាក់ថា ការអភិវឌ្ឍផ្លូវដែក ផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លងនិងខ្សែរថភ្លើងថ្មី)។ គម្រោងដឹកជញ្ជូនផ្លូវដែក សរុបមានចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុប ចំនួន ១០ ០១០លានដុល្លារអាមេរិក ដែ លក្នុងនោះ មានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០ លានដុល្លារអាមេរិក និងគម្រោងរយៈពេលវែង ចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦២១០លានដុល្លារអាមេរិក។

របាយការណ៍ដដែល បន្តថា គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែក ភាគច្រើនស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោងលើកកម្រិតសមត្ថភាពផ្លូវដែក ពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមហ៊ុន CRBC និងក្រុមហ៊ុន Royal Railway។

ដោយឡែក គម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់ ៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្តសៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro ៕

RELATED ARTICLES