Saturday, October 4, 2025
Homeព័ត៌មានជាតិសមយុទ្ធទ័ពអាកាស-ចិនលក់អាវុធឲ្យថៃ អ្នកនយោបាយខ្មែរថា ប៉ះពាល់មិត្តភាពដែកថែប

សមយុទ្ធទ័ពអាកាស-ចិនលក់អាវុធឲ្យថៃ អ្នកនយោបាយខ្មែរថា ប៉ះពាល់មិត្តភាពដែកថែប

ភ្នំពេញ ៖ អ្នកនយោបាយខ្មែរ បានលើកឡើងថា ខណៈដែលប្រទេសកម្ពុជា កំពុងតែមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ហើយថៃ បាននិងកំពុងបង្កសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា បែរជាមិត្តដែកថែបចិន ធ្វើសមយុទ្ធខុសពេលជាមួយថៃ ព្រមទាំងលក់អាវុធទំនើប និងនាវាមុជទឹក​ ឲ្យថៃ ឈ្លានពានកម្ពុជា នោះ ពិតជាប៉ះពាល់ដល់មិត្តភាពដែកថែប កម្ពុជា-ចិន ហើយក៏បង្ហាញឲ្យឃើញថា ប្រទេសចិន ចង់បង្ហាញឥទ្ធិពលរបស់ខ្លួន ទាំងលើកម្ពុជា និងថៃ ហើយក៏ជាមេរៀនដ៏សំខាន់សម្រាប់យុវជនខ្មែរជំនាន់ក្រោយ ត្រូវរៀនសូត្រឲ្យយល់ដឹងអំពីបញ្ហាមិត្តភាព គឺបើគ្មានប្រយោជន៍ គឺគេមិនហៅមិត្តនោះទេ ។

លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ ដែលជាគណបក្សក្នុងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចនៅកម្ពុជា (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា ក្រៅពីប្រកាសធ្វើសមយុទ្ធទ័ពផ្លូវអាកាសរួមគ្នាជាមួយថៃ  មានឈ្មោះថា “Falcon Strike 2025″ ពេលនេះ ចិន ក៏បានលក់កាំភ្លើង QBZ-195T ឲ្យពួកសៀមទៀត បន្តឈ្លានពានទឹកដីកម្ពុជា ទៀតផង ។

លោកបណ្ឌិត គុជ លី បានបង្ហោះរូបកាំភ្លើង QBZ-195T ដែលចិន បានលក់ឲ្យថៃ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយសំណេរថា “នេះជាកាំភ្លើង QBZ-195T ផលិតនៅប្រទេសចិន បានលក់ឲ្យពួកសៀម ដើម្បីទុកបន្តឈ្លានពានទឹកដីខ្មែរ ឆាប់ៗ។ ចុះយើងសួរថា តើមិត្តដែកថែបចិន អាចលក់កាំភ្លើង QBZ-195T ១៧លានដើម ឲ្យប្រជាជនកម្ពុជា១៧លាន បានទេ? បើសិនមិត្តចិន ដែកថែប (ពួកម៉ាក) ឯងស្មោះត្រង់ជាមួយមិត្តកម្ពុជា ឬមួយពួកម៉ាកឯង យកទីតាំងកម្ពុជា ធ្វើកន្លែងលក់អាវុធទំនើបៗ ឲ្យទៅពួកចោរសៀម ទៅវិញ? តោះ! យើងជាខ្មែរ សន្សំលុយទិញកាំភ្លើង QBZ-195T មួយដើម មួយម្នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធជាមួយពួកចោរសៀម ទាន់ឥឡូវពួកម៉ាកចិន បើកទីផ្សារលក់“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ថា “បាទ! ជាការកត់សម្គាល់របស់ខ្ញុំ ខ្ញុំយល់ឃើញថា នៅពេលដែលប្រទេសកម្ពុជា កំពុងតែមានបញ្ហាជាមួយនឹងប្រទេសថៃ គឺយើងឃើញហើយថា ថៃ គឺជាប្រទេសមួយកំពុងឈ្លានពានប្រទេសកម្ពុជា យើងគិតពីថ្ងៃដែលធ្វើសង្រ្គាមមក គឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតទៅដល់ខែ៩ ហ្នឹង រយៈពេល២ខែ តែបើយើងគិតពីវិបត្តិសង្រ្គាមដែលកើតឡើងលើកដំបូង គឺថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ គឺថៃ បានបាញ់កងទ័ពរបស់យើងម្នាក់ គឺសួន រ៉ោន នៅតំបន់មុំបីហ្នឹងតែម្ដង ។ អ៊ីចឹងយើងក្រឡេកមើលនៅលើពិភពលោកនេះ ប្រទេសណាក៏ដោយ ក៏គេគិតរឿងប្រយោជន៍ផ្ទាល់ខ្លួន ។ សម្រាប់ខ្ញុំគិតថា ចិន គឺជាមិត្តដែកថែបរបស់កម្ពុជា តាំងពីអតីតកាល យើងរំលឹកប្រវត្តិសាស្រ្តបន្តិចទៅ គឺថាតាំងពីសម័យសម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ គឺជាមិត្តភាពចិនយើងស្អិតល្មួត តាំងពីហ្នឹងមក ។ អ៊ីចឹងហើយយើងឃើញថា សម័យតេជោ-ធិបតី នេះក៏បានរឹតចំណងមិត្តភាពចិន ទ្វេដង គឺដើរគំរូតាមសម្ដេចតា តែម្ដង ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ប្រទេសចិន ជាការកត់សម្គាល់របស់ខ្ញុំ គ្រាន់តែជាការចោទជាសំណួរទេថា ប្រទេសចិន ធ្លាប់ជួយយើងច្រើន ហើយក៏ធ្លាប់ឲ្យនយោបាយការទូតយើង ក៏បែកបាក់ក្នុងសម័យរបបខ្មែរក្រហមដែរ គឺការទទួលឥទ្ធិពលពីចិន ។ អ៊ីចឹងខ្ញុំមិនរំលឹកអីឲ្យវែងឆ្ងាយដល់រឿងហ្នឹងទេ គ្រាន់តែចង់បន្ថែមនៃប្រវត្តិសាស្រ្តក្នុងប្រទេសកម្ពុជា តែប៉ុណ្ណឹង ។ អ៊ីចឹងអ្វីដែលយើងមើលឃើញកត់សម្គាល់ថា ប្រទេសកម្ពុជា និងថៃ កំពុងតែវ៉ៃគ្នា បែរជាមិត្តចិន ដែកថែប របស់យើងហ្នឹងទៅធ្វើសមយុទ្ធដែលមានឈ្មោះថា “Falcon Strike 2025″ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ”។

 លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងសម្រាប់ខ្ញុំៗចោទសួរថា នៅពេលដែលប្រទេសកម្ពុជា កំពុងតែមានបញ្ហាជាមួយនឹងប្រទេសថៃ បែរជាមិត្តដែកថែបចិនយើង ឬសំណួរសាមញ្ញថា យើងជាពួកម៉ាក ជាមួយចិន នៅពេលដែលកម្ពុជា កំពុងមានបញ្ហាជាមួយថៃ តើពួកម៉ាកយើងហ្នឹង ហេតុអីក៏ទៅធ្វើសមយុទ្ធខុសពេល? សម្រាប់ខ្ញុំៗយល់ឃើញថា ការធ្វើសមយុទ្ធហ្នឹង ខុសពេល ថ្វីត្បិតតែកម្ពុជា ក៏ធ្វើសមយុទ្ធនឹងចិន ដូចគ្នា ប៉ុន្តែនៅពេលកំពុងមានជម្លោះ ហេតុអីក៏ត្រូវធ្វើនៅពេលនេះ? អ៊ីចឹងសម្រាប់ខ្ញុំៗយល់ឃើញថា ការធ្វើសមយុទ្ធសម្រាប់ចិន នៅប្រទេសថៃ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅនេះ បង្ហាញឲ្យឃើញរូបភាពពីរយ៉ាង។ ទី១ បង្ហាញថា ប្រទេសចិននេះ គឺឥទ្ធិពលរបស់ខ្លួន ទាំងកម្ពុជា ទាំងថៃ ដែលមានទំនាក់ទំនងការទូតល្អ រហូតដល់មិត្តភាព ។ សម្រាប់កម្ពុជា គេហៅមិត្តភាពដែកថែប (Iron club friendship) តែចំពោះថៃ វិញ គឺមិត្តភាពរបស់គេ គឺជាមិត្តភាពគ្រួសារ (family friendship) ។ អ៊ីចឹងហើយយើងមើលឃើញថា សូម្បីតែពាក្យអង់គ្លេស ប្រើហ្នឹង គឺជាមិត្តភាពខុសគ្នា ។ អ៊ីចឹងយើងបើកវង់ក្រចកបន្តិច បើសិនជាយើងគិតពីប្រវត្តិសាស្រ្តវិញ គឺថៃ កើតចេញពីស្រុកចិន ហ្នឹងតែម្ដង គឺអាពួកតៃ ហ្នឹងតែម្ដង អ៊ីចឹងសូម្បីតែប្រើពាក្យបច្ចេកទេសអង់គេ្លស ហ្នឹងក៏វាខុសជាមួយនឹងខ្មែរដែរ ។ អ៊ីចឹងហើយ នេះគឺជារឿងប្រវត្តិសាស្រ្ត ប៉ុន្តែនៅក្នុងដំណាក់កាលនេះ ខ្ញុំយល់ឃើញថា វាជាសង្រ្គាមភូមិសាស្រ្តនយោបាយ យកប្រទេសកម្ពុជា ធ្វើជាកន្លែងលក់អាវុធសម្រាប់ចិន ទៅវិញ ។ អាហ្នឹងខ្ញុំហ៊ាននិយាយអ៊ីចឹង ក្នុងនាមបុគ្គលទេ ព្រោះយើងមើលឃើញថា ការធ្វើសង្រ្គាមរវាងកម្ពុជា និងថៃ ដែលថៃ ចាប់ផ្ដើមឡើងនេះ គឺជាការសម្អាត ឬក៏លាងឃ្លាំង ដែលការសង្កេត យើងឃើញថា គ្រាប់មួយចំនួនដែលបាញ់មកប្រទេសកម្ពុជា សុទ្ធតែគ្រាប់ចាស់ យោងទៅតាមអង្គភាពស៊ីម៉ាក់ ដែលបានបង្ហាញទិន្នន័យមកថា គ្រាប់មួយចំនួនហ្នឹង មានអាយុកាល៥០ឆ្នាំ ២០ឆ្នាំ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងយើងអាចបញ្ជាក់ឃើញថា រយៈពេលនេះ គឺថៃ ឆ្លៀតឱកាសបាញ់ទម្លាក់គ្រាប់គ្រប់ប្រភេទ សូម្បី F16 ក៏ជាយន្តហោះចាស់មួយដែរ ។ អ៊ីចឹងហើយ ការលាងយន្តហោះប្រភេទនេះ ដើម្បីទិញយន្តហោះថ្មី នៅក្នុងប្រទេសថៃ ហើយចិន ឆ្លៀតធ្វើសមយុទ្ធនោះ ក៏បង្ហាញអំពីការលក់អាវុធ ។ លក់អាវុធប្រភេទណា គឺយើងមិនដឹងទេ ក៏ប៉ុន្តែអាវុធចុងក្រោយ គឺជាអាវុធទំនើបរបស់ចិន QBZ-195T ហ្នឹងតែម្ដង សម្រាប់បង្ហាញពីឥទ្ធិពលរបស់ខ្លួន ដើម្បីកំញើញឲ្យប្រទេសកម្ពុជា តែម្ដង ។ អ៊ីចឹងយើងមើលឃើញថា ជម្លោះប្រទេសកម្ពុជា មិនទាន់បានចប់សព្វគ្រប់នៅឡើយ មិត្តចិន របស់យើងបែរទៅជាសហការជាមួយនឹងប្រទេសថៃ បើកសមយុទ្ធ បង្ហាញពីសព្វាវុធនេះ គឺទី១ បង្ហាញពីភូមិសាស្រ្តនយោបាយ យើងឃើញថា ប្រទេសថៃ មាននិន្នាការជាមួយនឹងសហរដ្ឋអាមេរិក នៅពេលដែលសហរដ្ឋអាមេរិក ជាពិសេសគឺលោកដូណាល់ ត្រាំ បង្ហាញពីជំហរចង់ឲ្យការគោរពបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានធ្វើថ្ងៃទី២៨ កក្កដា នៅប្រទេសម៉ាឡេ ក៏ប៉ុន្តែថៃ អត់បានគោរពនូវបទឈប់បាញ់នេះទេ គឺថៃ បំពានម្ដងហើយម្ដងទៀត ។ អ៊ីចឹងយើងមើលឃើញថា ជំហរទូតអន្តរជាតិ មិនមានឥទ្ធិពលអ្វីសម្រាប់ក្នុងការជួយឲ្យប្រទេសថៃ គោរពបទឈប់បាញ់ទេ ជាពិសេសទាហាន ១៨នាក់ ដែលត្រូវបានថៃ ចាប់ជាឈ្លើយសឹកហ្នឹង ក៏អត់មានន័យអីសម្រាប់ថៃ ក្នុងការបញ្ជូនមកវិញ នៅក្រោយការឈប់បាញ់ហ្នឹងទេ ។ អ៊ីចឹងជម្លោះភូមិសាស្រ្តនយោបាយ នៅពេលដែលប្រធានាធិបតីត្រាំ មានការនិយាយហើយនិយាយទៀត ពីប្រទេសកម្ពុជា យើងឃើញថា ហាក់ដូចជាប្រទេសមហាមិត្តចិន យើងហ្នឹងចាប់អារម្មណ៍ថា ប្រហែលជាកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងអាគាំង ហើយប្រហែលជាមិនមានទំនាក់ទំនងល្អជាមួយចិន អ៊ីចឹងហើយបានចិន ធ្វើសមយុទ្ធនៅថ្ងៃទី១៥ ខែកញ្ញា ហ្នឹង គឺបង្ហាញពីសព្វាវុធផ្សេងៗ ជាពិសេសគឺបង្រៀនថៃ កងទ័ពថៃ តែម្ដង ឲ្យចេះប្រើប្រាស់អាវុធជំនាន់ក្រោយរបស់ចិន តែម្ដង ។ អ៊ីចឹងមើលឃើញថា សង្រ្គាមភូមិសាស្រ្តនយោបាយ ចាប់ផ្ដើមកើតឡើង បានបង្ហាញនៅក្នុងពេលមានសង្រ្គាមកម្ពុជា-ថៃ នេះមិនទាន់ចប់ ហើយបែរជាមិត្តចិន របស់យើង ទៅគាំទ្រ បង្ហាញយុទ្ធសាស្រ្តទាហាននេះទៅវិញ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងខ្ញុំយល់ឃើញថា នេះជាចំណុចមួយដែលយើងត្រូវការរៀនសូត្រសម្រាប់ប្រទេសកម្ពុជា បើខ្លួនយើងខ្សោយ គឺគេមិនគាំទ្រទេ ទាល់តែយើងខ្លាំង ។ អ៊ីចឹងការគាំទ្ររបស់បរទេស មកលើយើង ទាំងផ្នែកទូត ទាំងផ្នែកសម្ភារៈ ទាំងថវិកាក៏ដោយ គេមើលជំហរនៃប្រទេសកម្ពុជា ឬមើលជំហរប្រទេសណាក៏ដោយ បើខ្លាំង គឺគេបន្តគាំទ្រ តែបើយើងខ្សោយ ហើយយើងមានជំហរនយោបាយពហុពណ៌ គឺនយោបាយចម្រុះពណ៌ ដូចដែលរាជរដ្ឋាភិបាល ធ្លាប់ប្រកាន់ជំហរថា កម្ពុជា ប្រកាន់គោលនយោបាយពហុពណ៌ មានន័យថា នយោបាយទូតណាក៏ត្រូវ ប៉ុន្តែអានយោបាយទូតណាក៏ត្រូវនេះ ក៏ធ្វើឲ្យប៉ះពាល់សម្រាប់ប្រទេសកម្ពុជា ទៅថ្ងៃអនាគតដែរ ។ អ៊ីចឹងរួមសេចក្ដីមកវិញ ខ្ញុំយល់ឃើញថា សមយុទ្ធចិន នៅក្នុងប្រទេសថៃ នេះ គឺបង្ហាញឲ្យឃើញពីរយ៉ាង ។ ទី១ ចង់បញ្ជាក់ប្រាប់ថា កម្ពុជា ត្រូវតែឈររឹងមាំដោយខ្លួនឯង ដើម្បីឈរនៅលើភាពរឹងមាំ ទាំងសេដ្ឋកិច្ច ទាំងបញ្ញា ទាំងភាពអីក៏ដោយ កុំពឹងពាក់នឹងបរទេសច្រើនពេក ។ ទី២ ការធ្វើសង្រ្គាមជាមួយថៃ ក៏បានបង្ហាញឲ្យឃើញថា កម្ពុជា កំពុងតែងើបឈរពង្រឹងនូវចលនាជាតិនិយម ហើយទី២ ក៏ជាការពង្រឹងនូវផលិតផលរបស់ខ្លួន ក៏ប៉ុន្តែពឹងពាក់ប្រើប្រាស់នូវផលិតផលរបស់ខ្លួន ជាពិសេសគឺផលិតផលថៃ ដែលកំពុងប្រើប្រាស់ច្រើននៅក្នុងប្រទេសកម្ពុជា លើសលប់ ។ អ៊ីចឹងទី៣ ក៏គួរបង្រៀនកូនខ្មែរយើង ឲ្យចងចាំថា យើងពឹងទៅលើបរទេសខ្លាំងពេក ក៏វាមិនជាជំហរមួយរឹងមាំសម្រាប់ការពារនូវប្រទេសជាតិរបស់យើង ទៅថ្ងៃអនាគតបានដែរ ។ អ៊ីចឹងសរុបមកវិញ ខ្ញុំយល់ឃើញថា សមយុទ្ធរបស់ចិន ដែលបានធ្វើនៅក្នុងប្រទេសថៃ គឺជាមេរៀនដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រឲ្យយល់ដឹងអំពីបញ្ហាអំពីមិត្ត បើគ្មានប្រយោជន៍ គឺគេមិនហៅមិត្តនោះទេ អ៊ីចឹងមិត្តណាក៏ដោយ គឺត្រូវតែមានប្រយោជន៍គេ បានគេនឹងធ្វើប្រយោជន៍មកដល់សម្រាប់ខ្លួន“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត គុជ លី ខាងលើនេះ បានធ្វើឡើងក្រោយពីក្រសួងការពារជាតិ របស់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសថា ចិន និងថៃ ធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដែលមានឈ្មោះថា “Falcon Strike 2025″។ តាមរយៈសមយុទ្ធនេះ ចិន បានដាក់ពង្រាយយន្តហោះជាច្រើនប្រភេទ និងប្រព័ន្ធការពារដែនអាកាសដីគោក ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសយោធា និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សមយុទ្ធនេះ ត្រូវបានកត់សម្គាល់ថា ធ្វើឡើងចំពេលដែលភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែក្តៅគគុក ដោយទាហានថៃ នៅតែបន្តឈ្លានពានទឹកដីកម្ពុជា រួមទាំងចង់វាយប្រហារដណ្តើមយកទឹកដីកម្ពុជា តាមខ្សែបន្ទាត់ព្រំដែន ១៧ចំណុច ដោយមិនគោរពនិងអនុវត្តនូវបទឈប់បាញ់ ដែលមានលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាស្ថាបនិក ។

ជាមួយគ្នានេះ ចិន និងថៃ បានចុះកិច្ចព្រមព្រៀងលក់-ទិញនាវាមុជទឹកទំនើប មួយគ្រឿង ដើរដោយថាមពលអគ្គិសនី ស្របពេលដែលមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ នាវាមុជទឹកនេះ ជាប្រភេទ Type 039a មានតម្លៃប្រមាណ ៤០០លានដុល្លារ ត្រូវបានថៃ បញ្ជាទិញពីចិន តាំងពីឆ្នាំ២០១៧ តែត្រូវចិន ពន្យារពេលលក់ឱ្យ។ នាវានេះ មានបណ្តោយប្រវែង៧៧.៦ម៉ែត្រ និងទទឹង ៦.៧ម៉ែត្រ អាចមុជទឹកជម្រៅ ២៥០ម៉ែត្រ ក្នុងល្បឿនប្រមាណ ៣៧គីឡូម៉ែត្រ ក្នុងមួយម៉ោង។

Type 039a បំពាក់ជាមួយមីសស៊ីលទំនើប ជាច្រើន ដូចជា wired-guided និង wake-homing torpedoes ជាពិសេសប្រព័ន្ធគ្រាប់មីសស៊ីលកម្ទេចនាវាចម្បាំង ដែលបាញ់ចេញពីក្រោមបាតសមុទ្រ។

តាមកិច្ចព្រមព្រៀង ចិន នឹងបង្វឹកទាហានថៃ រយៈពេល ៤០ខែ សម្រាប់ការបញ្ជានិងប្រើប្រាស់នាវាមុជទឹកនេះ មុននឹងប្រគល់ឱ្យថៃ នៅឆ្នាំ២០២៨ ។

ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ បានបញ្ជាក់ថា កងកម្លាំងពិសេសរបស់ថៃ  នឹងជ្រើសរើសប្រើកាំភ្លើងដៃថ្មី QBZ-195T ផលិតដោយចិន ។ កាំភ្លើង QBZ-195T ផលិតនៅប្រទេសចិន ត្រូវបានរាយការណ៍ថា ផ្តល់នូវដំណើរការល្អជាង បើប្រៀបធៀបទៅនឹងកាំភ្លើង M16A4 និង M4 ដែលបច្ចុប្បន្នប្រើដោយកងកម្លាំងពិសេសរបស់ប្រទេសថៃ ជាពិសេសទាក់ទងនឹងភាពត្រឹមត្រូវនៃការបាញ់ និងម៉ូឌុល។

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយចិន ប្រទេសថៃ គឺជាទីផ្សារនាំចេញដំបូងសម្រាប់កាំភ្លើងនេះ ដែលនឹងត្រូវបានប្ដូរតាមបំណងដើម្បីបំពេញតម្រូវការជាក់លាក់របស់កងកម្លាំងពិសេសរបស់ប្រទេសថៃ។ QBZ-195T ដែលបង្កើតឡើងដោយក្រុមហ៊ុនការពារជាតិចិន Norinco គឺជាប្រភេទ QBZ-191 ។ ការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការធ្វើពិពិធកម្មអាវុធធុនតូចរបស់ខ្លួន ដែលបច្ចុប្បន្នរួមមានអាវុធពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឆ្លុះបញ្ចាំងពីសកម្មភាពយុទ្ធសាស្ត្រ ដើម្បីចៀសវាងការពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែមួយ។

ជុំវិញបញ្ហាចិន ធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាជាមួយថៃ និងការចុះកិច្ចព្រមព្រៀងសំខាន់មួយទៀត ក្នុងការលក់នាវាមុជទឹក ឲ្យថៃ ព្រមទាំងលក់អាវុធឲ្យថៃ នេះ បានធ្វើឲ្យមហាជននិងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល បើទោះជាផែនការសមយុទ្ធទ័ពអាកាស និងការលក់សព្វាវុធយុទ្ធសាស្ត្ររបស់ចិន ទៅឲ្យថៃ ត្រូវបានគ្រោងទុកជាយូរមកហើយក្ដី ដោយមជ្ឈដ្ឋានទាំងនោះ បានលើកឡើងថា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ហាក់ស្មើនឹងក្រដាស ១សន្លឹកប៉ុណ្ណោះ គឺពុំមានអត្ថន័យធំធេងអ្វីទេ។

ទោះបីយ៉ាងណា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បញ្ជាក់តាមបណ្តាញសង្គមថា ចំណងមិត្តភាពដែកថែប រវាងចិន និងកម្ពុជា រឹងមាំដូចថ្ម។

ជាសរុបមក ការធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា រវាងចិន និងថៃ និងការដែលចិន លក់សព្វាវុធយុទ្ធសាស្ត្រឲ្យថៃក្នុងអំឡុងពេលថៃ និងកម្ពុជា កំពុងមានជម្លោះព្រំដែន ត្រូវបានមហាជន ក៏ដូចជាបញ្ញវន្តខ្មែរយល់ឃើញថា គឺជារូបភាពដែលប៉ះពាល់ដល់ទំនាក់ទំនងដែកថែប រវាងកម្ពុជា និងចិន ទោះបីជាទំនាក់ទំនងរវាងចិន និងថៃ ជាទំនាក់ទំនងអន្តរជាតិ រវាងប្រទេសនិងប្រទេសក៏ដោយ ៕ កុលបុត្រ

RELATED ARTICLES