Thursday, October 30, 2025
Homeព័ត៌មានជាតិកិច្ចព្រមព្រៀងកម្ពុជា-ថៃ អ្នកឃ្លាំមើលថា បារម្ភបើកម្ពុជា ទទួលយកលទ្ធផលមិនស្មើភាព

កិច្ចព្រមព្រៀងកម្ពុជា-ថៃ អ្នកឃ្លាំមើលថា បារម្ភបើកម្ពុជា ទទួលយកលទ្ធផលមិនស្មើភាព

ភ្នំពេញ ៖ អ្នកឃ្លាំមើល បានសម្ដែងការអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃ បានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី ក្រោមការចូលរួមជាសាក្សី ពីប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកឃ្លាំមើលកម្ពុជា ក៏បានសម្ដែងក្ដីបារម្ភពីកិច្ចព្រមព្រៀងនេះផងដែរ បើកម្ពុជា ទទួលយកលទ្ធផលមិនស្មើភាពជាមួយភាគីថៃ ។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងតាមគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ថា «សូមអបអរសាទរកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលភាគីថៃ សន្យារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី តែក៏បារម្ភដែរ បើកម្ពុជា ទទួលយកលទ្ធផលមិនស្មើភាព» ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ  លោក ម៉ែន ណាត បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ថា “ជាដំបូងហ្នឹង គឺខ្ញុំអបអរសាទរចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានដូណាល់ ត្រាំ មាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកអ៊ីប្រាហ៊ីម ចូលរួមជាសាក្សី ជាសក្ខីកម្មនៅក្នុងកិច្ចព្រមព្រៀង ថ្ងៃទី២៦ តុលា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ហ្នឹងហើយយើងអបអរសាទរ ។ ប៉ុន្តែខ្ញុំនៅតែមានក្ដីបារម្ភដដែល ពីព្រោះនៅក្នុងខ្លឹមសារកិច្ចព្រមព្រៀងនេះ ថ្នមចិត្តថៃ នៅឡើយ ហើយនិយាយពីការរុករកមីន ដោះមីន នៅក្នុងទឹកដីដែលថៃទាមទារពីមុនហ្នឹង ក្នុងដីខ្មែរ ។ និយាយទៅ ដោះមីននៅក្នុងទឹកដីខ្មែរ ដែលពួកកងទ័ពថា សល់ពីសម័យសង្រ្គាមអីហ្នឹង ឥឡូវហ្នឹង ថៃ គេទាមទារឲ្យដោះមីន ។ អាហ្នឹងយើងបារម្ភរឿងអតីតកាលក្នុងប្រវត្តិសាស្រ្តសម័យលង្វែក គឺសៀម បាចប្រាក់ឌួង ក្នុងព្រៃឫស្សី ប្រជាពលរដ្ឋខ្មែរ ចូលកាប់ឫស្សី យកប្រាក់ឌួង ពេលនោះហើយ ធ្វើឲ្យបន្ទាយលង្វែក ត្រូវបែកខ្ចាយ ហើយយុទ្ធសាស្រ្តដោះគ្រាប់មីននេះ ជាក្ដីបារម្ភមួយ ក្នុងស្ថានភាពបច្ចុប្បន្ន ។ និយាយទៅ គ្រាប់មីន ត្រូវតែដោះ ក៏ប៉ុន្តែស្ថានភាពនៅពេលបច្ចុប្បន្ន ត្រូវពិនិត្យមើលដែរ មើលឥរិយាបថថៃ នោះ តើព្រមពិតប្រាកដជាមួយខ្មែរ ឬក៏ជាល្បិចកលនៅឡើយ? យើងមិនទាន់ប្រាកដក្នុងចិត្តទេ ។ អ៊ីចឹងខ្ញុំអាចឆ្លើយតបក្នុងរឿងនេះ យើងមានការបារម្ភ អាហ្នឹងចំណុចទី១ រឿងមីនហ្នឹង ។ ចំណុចទី២ យើងបារម្ភថា តើសៀម ហ្នឹងប្រាកដអូសបន្លាលួស អូសកង់ឡាន ត្រលប់ទៅវិញ ហើយប្រគល់ភ្នំទ្រព្យ ប្រគល់តំបន់អានសេះ ប្រគល់តំបន់មុំបី ប្រគល់ប្រាសាទតាមាន់ធំ ឲ្យកម្ពុជា វិញទេ? យើងមើលទៅ ដូចអត់ទេ“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “ចំណែកប្រាសាទតាមាន់ធំ ដែលពីដើមឡើយ ធ្លាប់ដាក់ចែកគ្នាគ្រប់គ្រងមួយចំហៀងម្នាក់ហ្នឹង បើរក្សាស្ថានភាពដើម តាមកិច្ចព្រមព្រៀងហ្នឹង គឺឲ្យគ្រប់គ្រងរួមគ្នាដដែល ហើយបញ្ហាតំបន់ផ្សេងៗទៀត ដូចភូមិជោគជ័យ និងភូមិព្រៃចាន់ ហ្នឹង ថៃ កម្ទេចខ្ទេចអស់ហើយ បើថៃ ប្រគល់ឲ្យកម្ពុជា វិញ តើថៃ សងកម្ពុជា ទេ? ពីព្រោះជាការបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ជាការបំផ្លាញទឹកចិត្តខ្មែរ អាហ្នឹងអ៊ីចឹង តើថៃ សងទេ? ហើយបើថ្ងៃក្រោយ មានការបោះបង្គោលព្រំដែន បើថៃ ទាមទារដូចអ្វីដែលថៃ លើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ កន្លងទៅ របស់លោកឡាំ ជា ហ្នឹង និយាយពីការកែសម្រួល និយាយពីការពិនិត្យលើខ្សែបន្ទាត់ព្រំដែន ដែលហៅថា កែសម្រួលនិងដែនសីមា ទៅលើដីជាក់ស្ដែងហ្នឹង យើងបារម្ភអំពីដឺហ្វិកតូ នៅក្នុងសន្ធិសញ្ញាបញ្ហាព្រំដែន ។ ដឺហ្វិកតូ មានន័យថា អ្នកណាឈរជើងនៅកន្លែងណា គឺភាគីឈរជើងនៅកន្លែងហ្នឹង ហើយនាំគ្នាដោះស្រាយនៅកន្លែងហ្នឹង អាហ្នឹងខ្ញុំបារម្ភមួយទៀត តើថៃ ដកថយឬទេ? ប៉ុន្តែពាក់ព័ន្ធនឹងការដកថយអាវុធធុនធ្ងន់ អាហ្នឹងវាមិនជាបញ្ហាអីទេ យើងយល់ស្រប ឯចំណែករឿងដទៃទៀត ដូចជាបញ្ហាការប្រើប្រាស់ផែនទីនៅក្នុងកិច្ចព្រមព្រៀងហ្នឹង អត់បាននិយាយឲ្យជាក់លាក់ទេ និយាយតែប្រើប្រាស់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយផ្អែកទៅលើសន្ធិសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងអន្តរជាតិ ច្បាប់អន្តរជាតិ អីអ៊ីចឹងជាដើមហ្នឹង ប៉ុន្តែសួរថា តើថៃ ព្រមដែរឬទេ? អាហ្នឹង GBC ហ្នឹង យើងបារម្ភថា ក្នុងស្ថានភាពកម្ពុជា នៅតែទន់ខ្សោយ ជំហរកម្ពុជា នៅតែទន់ខ្សោយ យើងបានយ៉ាងច្រើន ឲ្យថៃ ហ្នឹងឈប់គឃ្លើន ប៉ុន្តែសួរថា ថៃ ហ្នឹងកែសម្រួលស្ថានភាពហ្នឹងយ៉ាងណា? យើងមិនទាន់ដឹងនៅឡើយទេ“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងកន្លែងហ្នឹង ខ្ញុំមិនទាន់ធ្វើការវាយតម្លៃទេ ប៉ុន្តែខ្ញុំបារម្ភអំពីអ្វីដែលកើតឡើងហើយហ្នឹង តើថៃ ហ្នឹងព្រមដកខ្លួនទៅវិញទេ? ហើយតើថៃ ហ្នឹងត្រូវគិតយ៉ាងម៉េច ដោះស្រាយយ៉ាងម៉េចជាមួយភាគីកម្ពុជា? អាហ្នឹងជាក្ដីបារម្ភរបស់យើង តែសម្រាប់យើង យើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ឈរជំហរឲ្យបានម៉ឺងម៉ាត់ ឲ្យរឹងមាំ ការពារបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ ហើយនិងផែនទីខ្នាត ១/២០០ ០០០ ហ្នឹង ។ អាហ្នឹងដែលជាជំហររបស់យើង ហើយនិងលិខិតពាក់ព័ន្ធដទៃៗទៀត ដែលពាក់ព័ន្ធហ្នឹង កម្ពុជា ត្រូវតែលើកមកសំអាងពីការដោះស្រាយបញ្ហាជាមួយថៃ ហើយដោះស្រាយដោយប្រយ័ត្នប្រយែង ដើម្បីចៀសវាងការចាញ់ប្រៀបថៃ ហើយទទួលយកនូវលទ្ធផលដែលចាញ់ប្រៀប វានាំឲ្យអយុត្តិធម៌ នាំឲ្យបាត់បង់ទឺកដី ទៅថៃ្ងក្រោយ ហើយវានាំឲ្យប្រវត្តិសាស្រ្តហ្នឹង សរសេរចារឈ្មោះមេដឹកនាំមិនល្អ ទៅថ្ងៃក្រោយ អាហ្នឹងដែលយើងបារម្ភ ។ អ៊ីចឹងរដ្ឋាភិបាល ត្រូវតាំងជំហរឲ្យបានម៉ឺងម៉ាត់ នៅក្នុងរឿងហ្នឹង ហើយធ្វើយ៉ាងណា ជំរុញឲ្យថៃ គោរពនូវកិច្ចព្រៀងហ្នឹង ឲ្យបានជាដាច់ខាតទៅ។ ហើយមួយទៀត ថៃ ក៏បានសន្យាថា ដោះលែងចំណាប់ខ្មាំង ១៨នាក់ហ្នឹង ក៏យើងអំពាវនាវដុតដៃដុតជើងដែរ រដ្ឋាភិបាលកម្ពុជា ហ្នឹង ធ្វើយ៉ាងណាឲ្យពួកគាត់ត្រលប់មកជួបជុំគ្រួសារ ដោយសុខសប្បាយទាំងអស់គ្នា“ ។

ដោយឡែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី មានសុទិដ្ឋិនិយមថា ក្រោយសន្ធិសញ្ញាសន្តិភាពកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាសាក្សី នៃហត្ថលេខី រដ្ឋាភិបាលថៃ នឹងដោះស្រាយបញ្ហាដែលខ្លួនកំពុងបង្កឡើង ចំនួន ៣ចំណុចធំៗ ដោយក្នុងនោះ រួមមាន ដោះលែងវីរកងទ័ពកម្ពុជា ទាំង១៨នាក់ ជាដើម ។ ជាមួយនេះ លោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រយ័ត្នប្រយែង ហើយមានភាពឆ្លាតវៃក្នុងការចរចា ដែលមិនបាត់បង់ទឹកដីកម្ពុជា ហើយត្រូវបញ្ចប់ការប្រទាញប្រទង់គ្នា សម្រាប់អនាគតកម្ពុជា នៃអ្នកជំនាន់ក្រោយ ។

លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថា «ខ្ញុំនឹងមានសុទិដ្ឋិនិយម ដោយក្តីសង្ឃឹមថា ក្រោយសន្ធិសញ្ញាសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាសាក្សីនៃហត្ថលេខី ៖ ទី១- ថៃ ត្រូវដោះលែងវីរកងទ័ពកម្ពុជា ១៨នាក់?  ទី២- ថៃ ត្រូវដកបន្លាលួស ឱ្យផ្ទះសម្បែង និងដីធ្លីរបស់ខ្មែរ មកវិញ?  ទី៣- ថៃ ត្រូវដកទ័ពចេញពីតំបន់ភ្នំទ្រព្យ ប្រាសាទតាមាន់ធំ និងអានសេះ? ខ្ញុំជាអ្នកនយោបាយ មិនមែនជាអ្នកឯកទេស ឬជំនាញកិច្ចការព្រំដែនទេ តែអ្វីដែលខ្ញុំគិតឃើញថា បើកម្ពុជា ឈរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឬអនុស្សរណៈ MOU ឆ្នាំ២០០០ និង ២០០១ ផ្នែកលើផែនទី ១/២០០ ០០០ ដោយយើងរង់ចាំគណៈកម្មាធិការកិច្ចការចម្រុះព្រំដែន JBC និង GBC នាំគ្នាដោះស្រាយបញ្ហានៅចំពោះមុខ ។ ដោយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងប្រយ័ត្នប្រយែង ហើយមានភាពឆ្លាតវៃក្នុងការចរចា ដែលមិនបាត់បង់ទឹកដីកម្ពុជា ហើយត្រូវបញ្ចប់ការប្រទាញប្រទង់គ្នា សម្រាប់អនាគតកម្ពុជា នៃអ្នកជំនាន់ក្រោយៗ“  ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ថា  “វាជាការពិត នៅពេលដែលកិច្ចព្រមព្រៀងណាមួយ នៃទ្វេភាគី ឬក៏ត្រីភាគី ពហុភាគី ចតុភាគី ហើយបាត់នូវអ្វីដែលពាក់ព័ន្ធទៅនឹងអធិបតេយ្យ បូរណភាពទឹកដី គឺថា កម្ពុជា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រយ័ត្នខ្ពស់ ត្រង់ថា កម្ពុជា អាចត្រូវបានការចោទប្រកាន់ពីពលរដ្ឋម្ចាស់ឆ្នោត ពលរដ្ឋម្ចាស់ប្រទេស ហើយកម្ពុជា ត្រូវរងនូវការរិះគន់ពីសហគមន៍អន្តរជាតិ ទៅនឹងអ្វីដែលយើងដើរប្រាសចាកពីច្បាប់អន្តរជាតិ ហើយយើងមិនយកអ្វីជាផលប្រយោជន៍រួម អាហ្នឹងគឺថាខ្ញុំនៅតែមានជំនឿ ហើយមិនជឿថា រដ្ឋាភិបាលកម្ពុជា លោកមិនមានភាពឆ្លាតវៃទេ ហើយខ្ញុំមើលថា កិច្ចព្រមព្រៀងជាមួយប្រទេសសៀម ប្រសិនជាយើងមិនយកអង្គហេតុ អង្គច្បាប់ និងច្បាប់អន្តរជាតិ ទាក់ទងទៅនឹងសន្ធិសញ្ញាអ្វីដែលកម្ពុជា មើលឃើញថា មានប្រៀប ហើយមិនចាញ់ប្រៀប ។ អ៊ីចឹងហើយ កម្ពុជា ត្រូវតែប្រុងប្រយ័ត្នទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ជាតិ ទាក់ទងទៅនឹងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ហើយខ្ញុំនៅតែជឿជាក់ថា ការរកដំណោះស្រាយនៃប្រទេសជាតិ ទាក់ទងទៅនឹងអធិបតេយ្យ បាត់ទឹក បាត់ដី គឺថាជារឿងចាំបាច់ ដែលកម្ពុជា ត្រូវតែប្រុងប្រយ័ត្នបំផុត“ ៕ កុលបុត្រ

RELATED ARTICLES