Wednesday, November 12, 2025
Homeសង្គម និងជីវិតក្មេងស្រី៤ឆ្នាំ ឆ្កែ៧ក្បាលខាំ បញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ជា

ក្មេងស្រី៤ឆ្នាំ ឆ្កែ៧ក្បាលខាំ បញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ ៖ ស្ថានភាពក្មេងស្រីរងគ្រោះ វ័យ៤ឆ្នាំ ដែលត្រូវហ្វូងឆ្កែ ៧ក្បាល ព្រួតខាំ បណ្តាលឱ្យរងរបួសសុសខ្លួន (ជាង១០០ចង្កូម)  កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្រុកកោះកុង ខេត្តកោះកុង នោះ ត្រូវបានបញ្ជូនមកវះកាត់បន្ត នៅមន្ទីរពេទគន្ធបុប្ជាភ្នំពេញ គិតមកត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសភាពធូរស្រាល និងបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយកំពុងបន្តព្យាបាលរបួសនៅបន្ទប់ថែទាំក្រោយវះកាត់។

យោងតាមប្រភពក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រោយទទួលបានការព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ក្មេងស្រីរងគ្រោះ ឈ្មោះឌី ដានីន ត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសញ្ញាស្លេកស្លាំង និងមានវៀចមាត់ខាងស្តាំ។

ប្រភពដដែល បន្តថា ចំពោះសភាពក្មេងស្រីរងគ្រោះ នៅពេលមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានសភាពស្លន់ស្លោ យំ ស្លេកស្លាំង វៀចមាត់ខាងស្តាំ និងមានការឈឺចាប់របួសច្រើនកន្លែងដែលបានដេរ (នៅត្រង់ថ្ពាល់ស្តាំ របួសជ្រៅ) និងលើភ្លៅ និងជើងទាំងសងខាងច្រើនកន្លែង ដែលរបួសខ្លះ មិនទាន់ស្ងួតល្អ តែមិនមានការប៉ះពាល់ខួរក្បាលនោះទេ។ ក្មេងស្រីរងគ្រោះ ត្រូវបានព្យាបាលដោយបញ្ចូលឈាម ១ប្លោក និងធ្វើការលាង សម្អាតរបួសឡើងវិញ។ នៅចំពោះមុខ ក្រុមគ្រូពេទ្យ នឹងបន្តការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ឱ្យគ្រប់ដូស។

គួររំលឹកថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើត ឡើង នៅចំណុចចម្ការកៅស៊ូ ១កន្លែង ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដោ យក្មេងស្រីតូច ២នាក់បងប្អូន ទើបនឹងចេញពីសាលារៀន បណ្តើរគ្នាដើរត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវសត្វឆ្កែ ចំនួន៧ក្បាល ព្រួតខាំទៅលើក្មេងស្រីជាប្អូន ដែលមានអាយុ៤ឆ្នាំ បណ្តាលឱ្យរងរបួសសុសខ្លួន និងត្រូវបានម្ចា ស់ឆ្កែ ស្ទុះចូល ទៅជួយក្មេងស្រីតូច ស្រែកហៅគេឯងឱ្យជួយ រួចប្រញាប់ដឹកបញ្ជូនក្មេងស្រីរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្មេងស្រីរងគ្រោះដែលត្រូវសត្វឆ្កែ ចំនួន៧ក្បាល ព្រួតខាំ របួសធ្ងន់ មានឈ្មោះឌី ដានីន អាយុ៤ឆ្នាំ មានឪពុកឈ្មោះជួង ឌីណា អាយុ៣៥ឆ្នាំ មុខរបរកម្មករចៀរជ័រកៅស៊ូ ម្តាយឈ្មោះឃាង សុខលាភ អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីចៀរជ័រកៅស៊ូ ស្នាក់នៅក្នុងដីចម្ការ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។

ស្ត្រីឈ្មោះហាក់ ចាន់ថា ជាម្ចាស់សត្វឆ្កែ បានរៀបរាប់ប្រាប់ថា ក្មេងស្រីរងគ្រោះ តែងត្រូវឪពុកម្តាយជូនទៅរៀន និងទទួលយកត្រឡប់មកវិញជារៀងរាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះ បានដើរត្រឡប់មកផ្ទះវិញ ដោយខ្លួនឯង ហើយស្របពេលនោះ គាត់បានឮសូរសំឡេងសត្វឆ្កែព្រុស និងសំឡេងក្មេងយំ ទើបស្ទុះរត់ទៅមើល ស្រាប់តែប្រទះឃើញសត្វឆ្កែចំនួន៧ក្បាល កំពុងព្រួតខាំក្មេងស្រីរងគ្រោះ ភ្លាមនោះគាត់បានស្ទុះចូលទៅចាប់ឆ្កែ និងទាញក្មេងស្រីរងគ្រោះចេញ បណ្តាលឱ្យគាត់ក៏រងរបួសដៃផងដែរ។ លុះឃើញស្ថានភាពរបស់ក្មេងស្រីរងគ្រោះ មានរបួសហូរឈាមពេញផ្ទៃមុខនិងដងខ្លួន ទើបគាត់ភ័យតក់ស្លុត យំផងស្រែកផង ហៅគេឯងឱ្យជួយ ហើយភ្លាមៗនោះ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ ដែលកំពុងចៀរជ័រកៅស៊ូក្នុងចម្ការ បានរត់មកដល់ ឱបបីកូនស្រី និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមសម្តីស្ត្រីឈ្មោះឃាង សុខលាភ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជាធម្មតា នាងនិងប្តី តែងឆ្លាស់គ្នាជូនកូនស្រីទៅរៀន ដោយតែងជិះម៉ូតូជូនកូនទៅសាលា និងទៅទទួលត្រឡប់មកវិញ មិនដែលខានឡើយ ប៉ុន្តែនៅថ្ងៃកើតហេតុ ដោយសារតែ នាងរវល់ចៀរជ័រកៅស៊ូបង្ហើយ ទើបកូនរបស់នាងទាំង២នាក់បងប្អូន បានបណ្តើរគ្នាដើរមកផ្ទះ ស្រាប់តែជួបនឹងរឿងអកុសលបែបនេះតែម្តង។

ស្ត្រីជាម្តាយ បានបញ្ជាក់ថា នាងមិនបានឃើញហេតុការណ៍ផ្ទាល់នោះទេ គ្រាន់តែបានលឮសំឡេងម្ចាស់សត្វ ឆ្កែនោះ ស្រែកឱ្យជួយ ទើបនាងបានប្រាប់ប្តី ឱ្យជិះម៉ូតូទៅមើល ស្រាប់តែមិនទាន់ទៅដល់ផង ឃើញបុរសម្នាក់បានបីកូនស្រីរបស់នាង ក្នុងសភាពរបួស និងហូរឈាមពេញខ្លួន ដោយកូនស្រីរបស់នាង របួសឡើងសុសខ្លួន ត្រង់ថ្ពាល់ ដាច់ស្លឹកត្រចៀក និងជើងដាច់រយះសាច់ទាំងដុំៗ និងបានត្រឹមស្រែកយំថា “ម៉ាក់អើយ ជួយកូនផង!” ធ្វើឱ្យរូបនាងជាម្តាយ ស្លុតចិត្តស្ទើរគាំងបេះដូងស្លាប់។

ជុំវិញករណីនេះ លោកវរសេនីយ៍ទោ ស៊្រីន សុខលីន អធិការនគរបាលស្រុកកោះកុង បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ម្ចាស់សត្វឆ្កែ ចំនួន៧ក្បាល ដែលព្រួតខាំក្មេងស្រីឈ្មោះឌី ដានីន អាយុ៧ឆ្នាំ បានចូលខ្លួនដោះស្រាយ ទូទាត់ថ្លៃសេវាព្យាបាលក្មេងស្រីរងគ្រោះ ទាំងស្រុង នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ លោកបន្តថា ក្រៅពីឱ្យម្ចាស់សត្វឆ្កែចេញមុខទទួលខុសត្រូវ ដោះស្រាយជាមួយគ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានណែនាំឱ្យបង្ខាំងឆ្កែទាំងនោះ ដោយមិនឱ្យលែងពាសវាលពាសកាលទៀតទេ និងបានឱ្យធ្វើកិច្ចសន្យា មិនឱ្យកើតមានករណីសត្វឆ្កែទាំងនោះទៅខាំមនុស្សណាម្នាក់ជាលើកទី២ នោះឡើយ៕

RELATED ARTICLES