Saturday, May 16, 2026
Homeសង្គម និងជីវិតគូស្នេហ៍ជិតភ្ជាប់ពាក្យ លង់ទឹកស្លាប់ទាំង២

គូស្នេហ៍ជិតភ្ជាប់ពាក្យ លង់ទឹកស្លាប់ទាំង២

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានធ្វើដំណើរទៅលេងផ្ទះគូស្នេហ៍ ដែលជិតដល់ថ្ងៃភ្ជាប់ពាក្យជាមួយគ្នាទៅហើយ នៅពេលទៅដល់ នាំគ្នាទៅស្ទូចត្រីលេង រួចក៏ចុះលេងទឹក ស្រាប់តែពេលនោះខាងស្រី បានរអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ បណ្តាលឱ្យលង់ លុះបុរសជាគូស្នេហ៍ ស្ទុះហក់ទៅជួយនារីជាសង្សារ ក៏លង់ស្លាប់ទាំងពីរនាក់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចទំនប់បឹងធំ ស្ថិតក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពបុរសម្នាក់ ដែលអះអាងថា ត្រូវជាឪពុកមារបស់នារីរងគ្រោះ បានឱ្យដឹងថា ក្មួយស្រីរបស់គាត់ ដែលលង់ទឹកស្លាប់នេះ មានឈ្មោះ អ៊ុយ លីហៀង អាយុ២៥ឆ្នាំ មានលំនៅ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកយុវជនដែលជាអនាគតក្មួយប្រសា គាត់ស្គាល់ត្រឹមតែឈ្មោះ ហួរ មិនស្គាល់នាមត្រកូលទេ និងដឹងថា ជាអ្នករស់នៅរាជធានីភ្នំពេញ។

បុរសជាឪពុកមា បានបន្តថា រវាងក្មួយស្រីគាត់ និងយុវជនជាអនាគតគូដណ្តឹងនេះ ធ្វើការនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក៏បានស្រឡាញ់គ្នា ដោយខាងប្រុស បាននាំមកឱ្យចាស់ទុំស្គាល់គ្នា និងត្រៀមភ្ជាប់ពាក្យ នាពេលខាងមុខនេះ បែរជាអកុសល ជួបគ្រោះថ្នាក់ បាត់បង់ជីវិតទាំងគូបែបនេះតែម្តង។

ប្រភពដដែល បានឱ្យដឹងបន្តថា នៅថ្ងៃកើតហេតុ ក្មួយស្រីគាត់ និងអនាគតក្មួយប្រសា ព្រមទាំងក្មួយប្រុសម្នាក់ ទៀត ឈ្មោះអ៊ុយ លីឆ័ន្ត អាយុ១៥ឆ្នាំ បាននាំគ្នាមកស្ទូចត្រី កម្សាន្តនៅបឹងធំ លុះក្រោយមកស្រាប់តែពួកគេបានចុះលេងទឹក និងបានលង់ស្លាប់ ទាំង២នាក់ តែម្តង។

តាមប្រភពឈ្មោះ អ៊ុយ លីឆន្ត័ ដែលនៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ក្រោយពេលស្ទូចត្រី បានមួយស្របក់ បងស្រីខ្លួន ឈ្មោះអ៊ុយ លីហៀង បានចុះងូតទឹកលេង ប៉ុន្តែពេលចុះបានបន្តិច ក៏រអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ។ ឃើញដូច្នោះ ជនរងគ្រោះឈ្មោះ ហួរ បានស្ទុះហក់ទៅជួយ ហើយក៏ឃើញលង់ទាំង២នាក់តែម្តង។ ពេលនោះ រូបគេ (អ៊ុយ លីឆ័ន្ត) មិនហ៊ានចុះទៅទេ ហើយក៏រត់ទៅហៅគេជួយ ប៉ុន្តែទម្រាំមានអ្នកភូមិមកដល់កន្លែងកើតហេតុ ហួសពេលទៅហើយ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុ បានឱ្យដឹងថា សកម្មភាពចុះរាវរកសពជន រងគ្រោះ គឺប្រើរយៈពេល ជាង២ម៉ោង ទើបរកឃើញសពជនរងគ្រោះ ទាំង២នាក់ នៅជិតគ្នា។

ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏បានប្រគល់សព ឱ្យក្រុមគ្រួសារ  យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES