Saturday, November 15, 2025
Homeនយោបាយគឹម សុខ-អ៊ុ សំអាន ថារបបសម្តេចហ៊ុន ម៉ាណែត នឹងដួលរលំប៉ុន្មានឆ្នាំខាងមុខ

គឹម សុខ-អ៊ុ សំអាន ថារបបសម្តេចហ៊ុន ម៉ាណែត នឹងដួលរលំប៉ុន្មានឆ្នាំខាងមុខ

ភ្នំពេញ ៖ លោកគឹម សុខ ប្រធានស្ថាប័នយុទ្ធសាស្ត្រ និងរៀបចំប្រទេសឡើងវិញ និង ជាអ្នកនាំពាក្យរដ្ឋាភិ បាលកម្ពុជាឯករាជ្យ ២៣តុលា និងលោកអ៊ុ សំអាន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលបង្កើតឡើងដោយលោក សម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានលើកឡើងថា របបប៉ុល ពត ផលិតមាសស (អង្ករ) របបសម្តេចហ៊ុន សែន ផលិតមាសក្រហម (មាសសុទ្ធ) បញ្ជូនទៅចិន ដែលរបបទាំងពីរនេះសុទ្ធតែធ្វើឲ្យគាំងពាណិជ្ជកម្មអន្តរជាតិ ជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យដូចគ្នា ហើយថា របបសម្តេចហ៊ុន ម៉ាណែត បច្ចុប្បន្ន នឹងដួលរលំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។

  លោក គឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា “របប-ប៉ុល ពត ផលិតមាសស (អង្ករ) បញ្ជូនទៅចិន ។ របបហ៊ុន សែន ផលិតមាសក្រហម (មាសសុទ្ធ) បញ្ជូនទៅចិន ។ ដំណើរគាំងពាណិជ្ជកម្មអន្តរជាតិ ជាមួយបណ្ដាមិត្តប្រជាធិបតេយ្យ គឺជាន័យរួមនៃរបបទាំងពីរ“ ។

  បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា របបសម្តេចហ៊ុន ម៉ាណែត ក៏នឹងដូចរបបប៉ុល ពត ដែរ គឺស្ថិតក្នុងស្ថានភាពផុយស្រួយ លើដំណើរដួលរលំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។

  លោក គឹម សុខ បានមានប្រសាសន៍ថា “របបប៉ុល ពត ដួលរលំក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ រីឯរបបភ្នំពេញ ដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត ក៏ស្ថិតក្នុងស្ថានភាពផុយស្រួយ លើដំណើរដួលរលំក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខនេះ”  ។

  ស្របនឹងការលើកឡើងរបស់លោក គឹម សុខ ខាងលើនេះ លោក អ៊ុ សំអាន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ ថា ពិតជាត្រឹមត្រូវហើយ របបប៉ុល ពត ពឹងទៅលើចិន របបសម្តេចហ៊ុន សែន-ហ៊ុន ម៉ាណែត ក៏ពឹងទៅលើចិន ហើយអាចនឹងមានភាពផុយស្រួយនៃការដួលរលំនៃរបបគ្រួសារត្រកូលហ៊ុន និងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា ។

  លោកអ៊ុ សំអាន បានមានប្រសាសន៍ថា “ ខ្ញុំយល់ស្របនឹងលោក គឹម សុខ និយាយត្រូវហើយ របបប៉ុល ពត ពឹងទៅលើចិន របបហ៊ុន សែន-ហ៊ុន ម៉ាណែត ក៏ពឹងទៅលើចិន ។ សូម្បីប៉ុល ពត នាំអង្ករ ទៅចិន ឥឡូវយើងផ្ទេរមាស ពីប្រទេសសេរី ទៅប្រទេសកុម្មុយនីស្ត ដោយសារមិនទុកចិត្ត ខ្លាចអន្តរជាតិ គេបង្កកលុយ បង្កកមាសហ្នឹង ដូចបង្កកលុយរបស់ឧកញ៉ា ចេន ហ្ស៊ី អ៊ីចឹង ។ អ៊ីចឹងមានតែផ្ទេរទៅប្រទេសកុម្មុយនីស្ត នេះបទពិសោធន៍ដូចរុស្ស៊ី អ៊ីចឹង ខ្លាចគេបង្កកលុយមហាសេដ្ឋីរុស្ស៊ី នៅអឺរ៉ុបអីហ្នឹង យកទៅឲ្យអ៊ុយក្រែន ខ្ចីទិញអាវុធ ។ ដូច្នេះវាមិនខុសគ្នានោះទេ វាអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចនៅកម្ពុជា ដោយសារប្រទេសលោកសេរី គេអត់ទុកចិត្ត ហើ យអាចនឹងមានភាពផុយស្រួយនៃការដួលរលំនៃរបបគ្រួសារត្រកូលហ៊ុន និងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា“ ។

ជុំវិញការលើកឡើងរបស់លោក គឹម សុខ និងលោកអ៊ុ សំអាន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិ កម្ម ឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ

RELATED ARTICLES