Thursday, December 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃ្លាំងអេតចាយ ភ្លើងឆេះហ្មត់

ឃ្លាំងអេតចាយ ភ្លើងឆេះហ្មត់

ភ្នំពេញ ៖ ឃ្លាំងស្តុកអេតចាយ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចដីឡូត៍ ស្តុកអេតចាយ ផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ម្ចាស់ទីតាំងឃ្លាំងស្តុកអេតចាយ មានឈ្មោះម៉ាង ស្រីពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរទិញ-លក់អេតចាយ ស្នាក់នៅកន្លែងកើតហេតុ។

តាមការរៀបរាប់ពីស្ត្រីជាម្ចាស់ទីតាំង បានឱ្យដឹងថា ទីតាំងទិញ-លក់អេតចាយ របស់គាត់ បានជួលដីឡូត៍ ចំនួន២ម្ចាស់ ដើម្បីធ្វើអាជីវកម្មទិញ-លក់អេតចាយ ហើយកន្លែងរបស់គាត់ មានកម្មករប្រុសស្រី ធ្វើការនិងស្នាក់នៅ ចំនួន១៩នាក់ មាន៧រោង ទាំងរោងលក់ចាប់ហួយ។

ប្រភពបន្តថា ពេលកើតហេតុ ពួកគាត់កំពុងតែនៅចាំទិញ-លក់អេតចាយដូចធម្មតា ស្រាប់តែទុស្សេខ្សែភ្លើង នៅបន្ទប់កម្មករស្នាក់នៅ ហើយប្តីគាត់ បានទៅពន្លត់ម្តងហើយ តែមិនរលត់ ក៏បង្កឲ្យមានការឆាបឆេះរាលដាលសន្ធោសន្ធៅតែម្តង ដោយសារតែមានខ្យល់បក់ផង ទើបធ្វើឲ្យឆេះរាលដាលកាន់តែខ្លាំងទៅៗ បាននាំគ្នារាយ ការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច សុំជំនួយរថយន្តពន្លត់អគ្គិភ័យ ឱ្យជួយចេញអន្តរាគមន៍បាញ់ពន្លត់។

ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះរាលដាល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ ១៤ឡាន ស្មើនឹង ៧២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះ គឺជាប្រភេទឈើប្រកស័ង្កសី ទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ និងទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ឆេះខូចខាតរោងឈើ ម៉ូតូ ចំនួន៣គ្រឿង និងឆេះអេតចាយមួយចំនួន ដែលមានទំហំ ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ព្រមទាំងឆេះរាលដាលដល់ផ្ទះ ១ខ្នងផ្សេងទៀត អស់ទាំងស្រុង។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES