
ភ្នំពេញ ៖ គណបក្សជំនាន់ថ្មី ដែលមានលោកមាជ សុវណ្ណារ៉ា ជាប្រធាន បានដាក់ញតិ្តទៅ រដ្ឋាភិបាលស៊ុយអែត ទាមទារស្នើសុំឈប់ផ្ដល់អាវុធឲ្យថៃ ឈ្លានពានកម្ពុជា ក្នុងនោះរួមាន ទាមទារឱ្យបិទមុខងារបច្ចេកទេសនៃយន្តហោះ Gripen ជាបន្ទាន់ ដើម្បីបង្ការកុំឱ្យយន្តហោះទាំងនេះ អាចហោះហើរមកកម្ទេចជីវិតជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា បន្តទៀត រហូតដល់មានការស៊ើបអង្កេតពេញលេញពីអន្តរជាតិ ។ បន្ថែមពីនេះ ទាមទារឱ្យមានការផ្ដាច់ការផ្គត់ផ្គង់គ្រឿងបន្លាស់ ការថែទាំបច្ចេកទេស និងការហាមឃាត់ការលក់យន្តហោះចម្បាំង ឬដ្រូនបន្ថែមទៀត ឱ្យយោធាថៃ ជាដាច់ខាត ព្រោះយោធាថៃ បានរំលោភលើវិញ្ញាបនបត្រប្រើប្រាស់ចុងក្រោយ ដោយយកអាវុធការពារខ្លួន មកប្រើក្នុងសង្គ្រាមឈ្លានពាន និងកម្ទេចបេតិកភណ្ឌពិភពលោក ។
លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានសរសេរពីខ្លឹមសារដាក់ញត្តិនេះ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ថា “ឱសានវាទផ្ញើទៅកាន់ស៊ុយអែត ៖ «ឈប់ផ្ដល់អាវុធឱ្យចោរឈ្លានពាន» !
ក្នុងនាមប្រជាជាតិខ្មែរ ជាង ១៧លាននាក់ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានដាក់ញត្តិ និងឱសានវាទផ្លូវការ ទៅកាន់ក្រុមហ៊ុន SAAB និងរដ្ឋាភិបាលស៊ុយអែត ដើម្បីទាមទារឱ្យ «បិទមុខងារបច្ចេកទេសនៃយន្តហោះ Gripen» ជាបន្ទាន់ ។
យន្តហោះដែលផលិតដោយបច្ចេកវិទ្យាស៊ុយអែត មិនត្រូវប្រើដើម្បីបង្ហូរឈាមរាស្ត្រខ្មែរ និងបំផ្លាញប្រាសាទបេតិកភណ្ឌពិភពលោកឡើយ ខណៈដែលបណ្ដឹងត្រូវបានដាក់ទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC រួចរាល់ ដោយសួរថា តើប្រទេសស៊ុយអែតត្រូវតែជ្រើសរើសយកប្រាក់ចំណេញ ឬជ្រើសរើសយកសីលធម៌មនុស្សធម៌អន្តរជាតិ?
៤ចំណុចធំៗនៃញត្តិ ៖
១. ការបិទមុខងារបច្ចេកទេសជាបន្ទាន់ (Emergency Deactivation) : យើងខ្ញុំទាមទារឱ្យក្រុមហ៊ុនផលិត និងរដ្ឋាភិបាលស៊ុយអែត ប្រើប្រាស់សិទ្ធិជាម្ចាស់បច្ចេកវិទ្យា ដើម្បីផ្អាក ឬបិទមុខងារប្រព័ន្ធបញ្ជា (Software/Technical Lockout) នៃយន្តហោះ Gripen ដែលកំពុងប្រើប្រាស់ដោយកងទ័ពថៃ ជាបន្ទាន់។ ការណ៍នេះ គឺដើម្បីបង្ការកុំឱ្យយន្តហោះទាំងនេះ អាចហោះហើរមកកម្ទេចជីវិតជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា បន្តទៀត រហូតដល់មានការស៊ើបអង្កេតពេញលេញពីអន្តរជាតិ។
២. ការទប់ស្កាត់អវិសមភាពយោធា (Military Asymmetry) : សង្គ្រាមដែលថៃ កំពុងធ្វើ គឺជាសង្គ្រាមអវិសមភាពយ៉ាងធ្ងន់ធ្ងរ (Extreme Asymmetry) ខណៈដែលកម្ពុជា គ្មានយន្តហោះចម្បាំង សូម្បីតែមួយគ្រឿង។ ការបន្តអនុញ្ញាតឱ្យថៃ ប្រើប្រាស់បច្ចេកវិទ្យា Gripen ដើម្បីវាយប្រហាររដ្ឋដែលគ្មានសមត្ថភាពការពារផ្លូវអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សមមាត្រ (Principle of Proportionality) នៃច្បាប់សង្គ្រាមអន្តរជាតិ។
៣. ការបិទផ្លូវលក់ និងការផ្ដាច់ការថែទាំ (Full Arms Embargo) : យើងខ្ញុំទាមទារឱ្យមានការផ្ដាច់ការផ្គត់ផ្គង់គ្រឿងបន្លាស់ ការថែទាំបច្ចេកទេស និងការហាមឃាត់ការលក់យន្តហោះចម្បាំង ឬដ្រូនបន្ថែមទៀត ឱ្យយោធាថៃ ជាដាច់ខាត។ យោធាថៃ បានរំលោភលើ «វិញ្ញាបនបត្រប្រើប្រាស់ចុងក្រោយ» (End-User Certificate) ដោយយកអាវុធការពារខ្លួន មកប្រើក្នុងសង្គ្រាមឈ្លានពាន និងកម្ទេចបេតិកភណ្ឌពិភពលោក។
៤. ការស៊ើបអង្កេតផ្អែកលើសន្ធិសញ្ញាប្រវត្តិសាស្ត្រ ៖ រាល់កិច្ចអន្តរាគមន៍ការទូតណាមួយ ត្រូវតែផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩០៤-១៩០៧។ ស៊ុយអែត មិនត្រូវក្លាយជាចំណែកនៃ “អ្នករំលោភច្បាប់” តាមរយៈការផ្ដល់អាវុធដល់ភាគីឈ្លានពានឡើយ…” ។


បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ថា នៅក្នុងការដាក់ញត្តិនេះ ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល គណបក្សជំនាន់ថ្មី គ្រាន់តែចង់មើលឲ្យឃើញថា មនុស្សជាតិ កំពុងតែបាត់នូវសន្តិសុខនៃប្រទេសមួយទៅប្រទេសមួយ តាមរយៈការបង្កសង្រ្គាម ឲ្យមានឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៅនឹងមនុស្សធម៌អន្តរជាតិ ពីជម្លោះព្រំដែន មកជាជម្លោះនៃការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ទៅលើប្រទេសមួយដែលទន់ខ្សោយទាំងផ្នែកយោធា ទន់ខ្សោយទាំងសេដ្ឋកិច្ច ហើយរំលោភនូវធម្មនុញ្ញភាពរបស់អង្គការសហប្រជាជាតិ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “យើងមិនអាចទៅចាប់បង្ខំក្រៅពីអ្វីដែលយើងមិនទាន់ដឹងពីច្បាប់នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសស៊ុយអែត ឬក៏សហរដ្ឋអាមេរិក ហើយច្បាប់ក្នុងការលក់យុទ្ធោបករណ៍ សម្ភារៈយោធា ដូចជាកាំភ្លើង ដូចជារបស់របរអីដែលវាប៉ះពាល់ទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម ហើយកិច្ចព្រមព្រៀងការលក់ដូរអាវុធ ឬក៏សម្ភារៈយោធា ក៏យើងមិនអាចទៅស៊ីជម្រៅរវាងរដ្ឋាភិបាលទ្វេភាគីនៃការលក់ដូរឲ្យគ្នា ប្រទេសមួយ ទៅប្រទេសមួយ ហើយក៏យើងអត់ដឹងច្បាស់ពីរដ្ឋធម្មនុញ្ញ ទៅនឹងអ្វីដែលរដ្ឋសភានៃប្រទេសស៊ុយអែត និងប្រទេសអាមេរិក ហ្នឹង គេមានកិច្ចព្រមព្រៀង លក្ខន្តិកៈ ឬក៏លក្ខខណ្ឌណា គឺថា សុទ្ធតែយើងអត់ដឹងអំពីសន្ធិសញ្ញានៃសម្ព័ន្ធមិត្តយោធា ឬក៏សម័្ពន្ធមិត្តក្នុងការលក់ដូរសម្ភារៈយោធា អាវុធទំនើប សម្ភារៈដែលពាក់ព័ន្ធនឹងការធ្វើសង្រ្គាម ។ អ៊ីចឹងហើយ ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល បក្សជំនាន់ថ្មី យើងគ្រាន់តែចង់បង្ហាញ ចង់មើលឲ្យឃើញថា មនុស្សជាតិកំពុងតែបាត់នូវសន្តិសុខនៃប្រទេសមួយទៅប្រទេសមួយ តាមរយៈការបង្កសង្រ្គាម ឲ្យមានឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៅនឹងមនុស្សធម៌អន្តរជាតិ ពីជម្លោះព្រំដែន មកជាជម្លោះនៃការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ទៅលើប្រទេសមួយដែលទន់ខ្សោយទាំងផ្នែកយោធា ទន់ខ្សោយទាំងសេដ្ឋកិច្ច ហើយរំលោភនូវធម្មនុញ្ញភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេសស្មើមុខស្មើមាត់ ដែលទទួលដឹងឮ ឬក៏មានការអន្តរាគមន៍បែបណា ក្នុងកម្រិតណា ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំង១៥ប្រទេស ប្រទេសមហាអំណាចអចិន្រ្តៃយ៍ ទាំង៥ ហើយនិងច្បាប់សន្ធិសញ្ញា ច្បាប់អន្តរជាតិ សន្ធិសញ្ញាទីក្រុងឡាអេ នៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដូចជាតុលាការឧក្រិដ្ឋកម្មសង្រ្គាម (ICC) អីជាដើមហ្នឹង ។ អ៊ីចឹងហើយ បានយើងចង់ដឹងថា តើរដ្ឋាភិបាល សភា ក្រុមហ៊ុនសភា ទៅនឹងរដ្ឋសភា នៃស៊ុយអែត ក៏ដូចជាសហរដ្ឋអាមេរិក ហ្នឹង តើមើលឃើញអំពីការរំលោភបំពាននៃកងទ័ពសៀមជ្រុលនិយម មកលើប្រទេសកម្ពុជា ហ្នឹងជារបៀបជម្លោះព្រំដែន ឬក៏ជាឧក្រិដ្ឋកម្មសង្រ្គាម បង្កើតដើម្បីរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា? ហើយការស៊ីជម្រៅបែបណា ការស្នើហ្នឹងវាទទួលបាននូវភាពអវិជ្ជមាន ឬក៏វិជ្ជមាន វាមិនមែនជាការសម្រេចចិត្ត ការស្នើហ្នឹងបានផលប្រយោជន៍ បានវិជ្ជមានមកគណបក្សក្រៅរដ្ឋាភិបាលទេ ហើយយើងក៏មិនដឹងថា រដ្ឋាភិបាល បានប្ដឹង បានស្នើ ឬក៏យ៉ាងណា អាហ្នឹងជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាល នៃសន្តិសុខជាតិ ការពារជាតិ របស់រដ្ឋាភិបាល“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ប៉ុន្តែសម្រាប់យើងបក្សក្រៅរដ្ឋាភិបាល ដែលជាបក្សគូប្រកួតប្រជែងនៅក្នុងរបបសេរី ពហុបក្ស តាមនីតិបញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ គឺថាយើងស្នើក្នុងនាមជាប្រទេសជាតិមួយ ក្នុងនាមយើងជាបក្សនយោបាយ ដែលបង្កើតបក្ស ដើម្បីបម្រើជាតិ បម្រើប្រជាពលរដ្ឋ នូវអ្វីជាស្ថាប័នជាតិ អ្វីជាបក្សក្រៅរដ្ឋាភិបាល ជាដៃគូប្រកួតប្រជែងតាមបែបសង្គមប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព អាហ្នឹងយើងត្រូវតែមានវិធានការ យើងត្រូវតែមានការដាក់ញត្តិ ការស្នើសុំនៅក្នុងវិធានការណា ដើម្បីបញ្ចប់នូវការឈ្លានពានពីប្រទេសមួយ ទៅលើអធិបតេយ្យនៃប្រទេសមួយ ក្នុងនាមយើងជាសមាជិកនៃអង្គការសហប្រជាជាតិ តើយើងត្រូវស្ដាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ? ហើយយើងត្រូវមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ក្នុងការកាត់ក្ដី ឬក្នុងការសម្របសម្រួលបែបណា ជាលក្ខណៈតាមសន្ធិសញ្ញាដែលកម្ពុជា-សៀម មាននៅឆ្នាំ១៩០៤ និង១៩០៧ ក៏ដូចជាតុលាការទីក្រុងឡាអេ ICJ អី ដែលមានស្រាប់ ហើយនិងកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៨ ខែកក្កដា ក៏ដូចជា២៦ ខែតុលា ឆ្នាំ២០២៥ អីជាដើម ហើយនិងអ្វីដែលជាយន្តការអាស៊ាន អីហ្នឹង ក្នុងការសម្របសម្រួលដោយប្រធានអាស៊ាន បន្តវេនពីប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ មក២០២៦ គឺប្រទេសហ្វីលីពីន ជាប្រទេសបន្តវេននៃប្រធានអាស៊ាន តើយន្តការបែបណា?ៗ ទៅនឹងផ្ទៃក្នុងនៃធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញភាពនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាដែលកម្ពុជា មាននៅក្នុង MOU ឆ្នាំ២០០០ ជាមួយនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ១៩០៧? ទាំងអស់ហ្នឹងហើយ តើយើងរកវិធីណាដោះដោយសន្តិវិធី មិនមានអរិភាពនៃប្រទេសជិតខាង ហើយយើងបង្កើតព្រំដែនដោយសន្តិភាព មិនមានព្រំដែនបង្ហូរឈាមនៃកងទ័ព និងជនស៊ីវិល រាលដាលពីការបង្កើតនូវការមើលមុខគ្នាមិនចំ ធ្វើឲ្យយើងបាត់បង់នូវស្ថិរភាព និងសន្តិភាពតាមព្រំដែន ធ្វើឲ្យយើងបាត់បង់នូវនយោបាយការទូតនៅក្នុងនាមប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាសមាជិកនៃអង្គការសហប្រជាជាតិ ធ្វើឲ្យយើងបាត់បង់នូវផលប្រយោជន៍នៃការធ្វើជំនួញជួញដូររវាងប្រទេសនិងប្រទេស ដែលពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច ចំណូលថវិកាជាតិ ក៏ដូចជាចំណូលថវិការបស់ប្រជារាស្រ្តនៅតាមបន្ទាត់ព្រំដែន ឬក៏ប្រទេសទាំងមូល នៃប្រទេសដែលកំពុងមានសង្រ្គាម មានបញ្ហាទំនាស់រឿងសង្រ្គាមជាមួយគ្នានោះ?“ ។
គួរបញ្ជាក់ថា ក្រៅពីដាក់ញត្តិទៅប្រទេសស៊ុយអែត នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ លោក ប៉ាត មុន្នី អនុប្រធានគណបក្សជំនាន់ថ្មី និងលោក នូ ណាន ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ក៏បាននាំយកលិខិតទៅដាក់នៅស្ថានទូតអាមេរិក និងស្ថានទូតសហភាពអឺរ៉ុប នៅកម្ពុជា ផងដែរ ។ មិនតែប៉ុណ្ណោះ គណបក្សជំនាន់ថ្មី ដឹកនាំដោយលោកមាជ សុវណ្ណារ៉ា ក៏អំពាវនាវសូមឲ្យបងប្អូនខ្មែរ ជួយចែករំលែកព័ត៌មាននេះ តាមបណ្ដាញសង្គមផងដែរ ដើម្បីឱ្យសំឡេងយុត្តិធម៌របស់ខ្មែរ លាន់ឮដល់ទ្វីបអឺរ៉ុប បន្ថែមទៀត ៕ កុលបុត្រ

