ភ្នំពេញ ៖ រោងចក្រទឹកកក ១កន្លែង បានលេចធ្លាយចេញនូវឧស្ម័នអាម៉ូញាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ធ្វើឱ្យផ្អើលប្រជាពលរដ្ឋក្បែរខាង រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះធ្វើអន្តរាគមន៍ទាំងកណ្តាលយប់។

ហេតុការណ៍ធ្លាយឧស្ម័នអាម៉ូញាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចរោងចក្រផលិតទឹកកក ឈាង មួ មានទីតាំងស្ថិតនៅដីឡូត៍លេខ១៦១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ករណីលេចធ្លាយឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក ១កន្លែង បង្កការភ្ញាក់ផ្អើលដល់មន្ត្រីពន្លត់អគ្គិភ័យ សមត្ថកិច្ចនិងប្រជាពលរដ្ឋជិតខាង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចរោងចក្រផលិតទឹកកក ឈាង មួ ស្ថិតក្នុងភូមិព្រៃសាលា។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ទីតាំងរោងចក្រធុនតូចផលិតទឹកកក ឈាង មួ បានលេចធ្លាយនូវ ឧស្ម័នអាម៉ូញាក់ សាយភាយពេញរោងចក្រផលិតទឹកកក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នារាយការណ៍ទៅមន្ត្រីជំនាញ ដើម្បីសុំកិច្ចអន្តរាគមន៍។

ក្រោយទទួលដំណឹងនេះភ្លាម កម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍កាកាបទី២ មន្ត្រីក្នុងមូលដ្ឋាន រួមទាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ និងរថយន្តកង្ហារស្រូបបាញ់ឧស្ម័ននោះទៅកាន់ផ្ទៃអាកាស ដើម្បីទប់ស្កាត់ទាន់ពេលវេលា ៕

