Wednesday, February 4, 2026
Homeតារាខ្មែរព្រាប សុវត្ថិ បានកាដូ មាន់ស្រែ បន្លែស្រស់

ព្រាប សុវត្ថិ បានកាដូ មាន់ស្រែ បន្លែស្រស់

ភ្នំពេញ ៖ នៅលើឆាកតន្រ្ដីសប្បុរសធម៌ នាទឹកដីខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកព្រាប សុវត្ថិ ទទួលបានកាដូពី Fan ជាបុរសម្នាក់ យកមាន់ ២ក្បាល និងបន្លែត្រកួន ទៅឲ្យលោក ដល់លើឆាក «DAZZ 8h Concert» នៅពេលដែលលោកកំពុងតែច្រៀងសម្ដែងបទ «មាន់ស្រែ បន្លែស្រស់» ។ នេះគឺជាកាដូចម្លែក ឬកម្រមាន ព្រោះតារាល្បីៗ ច្រើនតែទទួលបានកាដូពីអ្នកគាំទ្រ ដូចជាតុក្កតា និងផ្កាដើម ប៉ុន្ដែលើកនេះ ឧកញ៉ាសុវត្ថិ បែរជាបានមាន់ស្រែរស់ ជាមួយបន្លែស្រស់ពិតៗ ហេតុនេះគ្រាន់តែចុះពីលើឆាក អាចនឹងចម្អិនញ៉ាំបានភ្លាមៗ។ យ៉ាងណា កាដូបែបនេះ មិនមែនជាលើកទីមួយទេ សម្រាប់លោកព្រាប សុវត្ថិ ព្រោះកាលពីខែមករា ឆ្នាំ២០២៤ អំឡុងពេលលោកកំពុងច្រៀងឆាកធំមួយ នៅខេត្តសៀមរាប គ្រាន់តែចុះមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាម មាន Fan ខ្ចប់កាដូមួយកន្រ្ដក ឲ្យលោកសុវត្ថិ ដែលក្នុងនោះ មានត្រីអណ្ដែងឆ្អើរ និងប្រហុក ជាដើម ហើយដើម្បីឲ្យអ្នកគាំទ្ររូបនោះពេញចិត្ត លោកសុវត្ថិ ឲ្យបុរសនោះ ថើបមួយខ្សឺត ។ អ្នកលេងបណ្ដាញសង្គម ថាលោកសុវត្ថិ បានជួប Fan ពិតហើយ ដែលការគាំទ្រ និងបង្ហាញពីក្ដីស្រលាញ់នោះ ផុសចេញពីបេះដូងតែម្ដង ។

 គួរបញ្ជាក់ថា ក្រៅពីព្រាប សុវត្ថិ ដែលច្រៀងលើឆាកសុខៗ គេយកមាន់ ២ក្បាល មកឲ្យនោះ កន្លងមកតារាចម្រៀង អ៊ីណូ ក៏ធ្លាប់ទទួលបានកាដូពី Fan លើឆាកតន្រ្ដី មានដូចជា ខ្សែក ដែលធ្វើពីផ្លែឈើ និងម្ជូរ ជាដើម ហើយគ្រាន់តែចុះពីលើឆាក អីណូ យកខ្សែកនោះមកចុចអំបិលម្ទេសបាន ។ ចំពោះលោកព្រាប សុវត្ថិ បានបើកភោជនីយដ្ឋាននៅភ្នំពេញ និងខេត្តមណ្ឌុលគិរី  ហើយជាញឹកញាប់ លោកបង្ហាញស្នាដៃធ្វើម្ហូប ដូចជា សម្លកកូរ ជាដើម ខណៈដែលភរិយា លោកស្រីឡុង ស្រីមុំ ជំនាញខាងចុងភៅ ជូនស្វាមី និងភ្ញៀវ នៅហាងលោកស្រី ដែលសកម្មភាពបែបនេះហើយ ធ្វើឲ្យ Fan ខ្លះ ខ្ជិលឲ្យកាដូ ជារបស់ប្រេនប្រេន គឺយកមាន់ស្រែ បន្លែស្រស់ ទៅឲ្យលោក ទុកចម្អិនតែម្ដង។

ព្រាប សុវត្ថិ បន្ដច្រៀងឲ្យ Galaxy នៅឆ្នាំទី៦ ខណៈដែលកុងត្រាដំណាក់កាលដំបូងរបស់លោក រយៈពេល៥ឆ្នាំ បានអស់សុពលភាព កាលពីឆ្នាំ២០២៥ ។ តាមរយៈការបង្ហាញខ្លួនលើឆាកតន្រ្ដីថ្មីៗនេះ ព្រាប សុវត្ថិ បានចាប់ដៃជាមួយកូនទី១ សុវត្ថិ មុនីវណ្ណ និងកូនទី៣  សុវត្ថិ សិរីវុឌ្ឍ ជាថ្មី ខណៈថ្មីៗនេះ លោកបានរាំឡង់សេ បទ «Pop Out»កូនទី២ សុវត្ថិ មុនីនាគ(N. John) ដែលកំពុងច្រៀងនៅអាមេរិក ផងដែរ ។ អ្វីដែលមហាជនចាប់អារម្មណ៍ គឺពេលនេះលោកព្រាប សុវត្ថិ នៅតែបន្ដច្រៀងបទចាស់ល្បីចាស់ៗរបស់លោក នៅហង្សមាស ដដែល បើទោះ ជាមានលោកស្រី អ៊ឹង គឹមលាង ដែលជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស ត្រូវជាកូនអ្នកឧកញ៉ា អ៊ឹង ឆៃងួន ថៅកែហង្សមាស បានលើកឡើងកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥ ថា អតីតតារាហង្សមាស គួរតែយក បទដែលខ្លួនបានផលិតថ្មីៗ ទៅប្រើប្រាស់ មិនចាំបាច់តោងកាលីពបទចាស់ៗ ក៏ដោយ ។          

ទស្សនិកជន បានលើកឡើងថា លោកព្រាប សុវត្ថិ ក្នុងវ័យ៥១ឆ្នាំនេះ កាន់តែមានទ្រព្យច្រើន ព្រោះបានពង្រីកមុខរបរថ្មីៗ ជាបន្ដបន្ទាប់ និងថែមទាំងរុញឲ្យកូនទី១ សុវត្ថិ មុនីវណ្ណ បើកហាងកាហ្វេផ្ទាល់ខ្លួនទៀតផង ។ ទោះជាយ៉ាងណា តាំងពីចេញពីហង្សមាស ជាង៥ឆ្នាំ សន្ទុះនៃការគាំទ្រទៅលើលោកសុវត្ថិ មានការប្រែប្រួលមិនដូចមុន ដែលពេលខ្លះ លោកពិបាកប្រឈមជាមួយ Fan ព្រោះអ្នកគាំទ្រ ក្លាយទៅជាអ្នករិះគន់ នៅពេលលោកចេញមុខការពារថៅកែ និងអ្នកនយោបាយ។ ប៉ុន្ដែនៅពេលលោកសុវត្ថិ ស្ងាត់ការពារថៅកែ និងមានបទថ្មីផ្ទុះ លោកនៅតែមានការគាំទ្រឡើងវិញ ពិសេសតាមរយៈរូបភាព Fan យកកាដូឲ្យ ទាំងមាន់ និងបន្លែ នៅលើឆាកបែបនេះ បញ្ជាក់ថា ព្រាប សុវត្ថិ នៅតែមានអ្នកគាំទ្រច្រើនជាងរិះគន់ ៕

RELATED ARTICLES