Wednesday, February 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអង្គុយនៅយឿត្រី ស្មានតែលក់ត្រី លក់ថ្នាំញៀនសោះ

អង្គុយនៅយឿត្រី ស្មានតែលក់ត្រី លក់ថ្នាំញៀនសោះ

ខេត្តកណ្តាល ៖ យុវជនម្នាក់ កំពុងអង្គុយលក់ថ្នាំញៀន នៅចំណុចយឿត្រី ១កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចុះល្បាតប្រទះឃើញ ចាប់ឃាត់ខ្លួន ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន១១កញ្ចប់។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៦និង០៥នាទីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅចំណុចយឿត្រី ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ថូ គង្គា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១១កញ្ចប់ ទម្ងន់ ០,៦២ក្រាម។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានចេញល្បាតក្នុងមូលដ្ឋាន។ លុះមកដល់ចំណុចកើតហេតុ ប្រទះឃើញជនសង្ស័យកំពុងអង្គុយ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច បានហៅសាកសួរនិងត្រួតពិនិត្យ រហូតរកឃើញថ្នាំញៀន ចំនួន១១កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅខោក្រោយ ខាងឆ្វេង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ថ្នាំញៀន ទាំងនេះ គឺជារបស់ឈ្មោះណាំ ភេទប្រុស អាយុប្រហែល ៣៦ឆ្នាំ ដែលបានយកមកផ្ញើឱ្យខ្លួនលក់បន្ត ក្នុងតម្លៃ ១កញ្ចប់ ១ម៉ឺនរៀល។ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES