ខេត្តព្រះវិហារ ៖ រថយន្ត ១គ្រឿង ដឹកជ្រូករស់ ចំនួន១៦០ក្បាល នាំចេញពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្ត នៅតាមបណ្តារាជធានី-ខេត្ត ដោយគ្មានលិ ខិតអនុញ្ញាឱ្យនាំចូល ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយមន្ត្រីជំនាញ ស្ទាក់បង្ក្រាបបាន ប្រគល់ឱ្យផ្នែកជំនាញ។

ការបង្ក្រាបករណីនាំចូលជ្រូករស់ ដោយពំមានលិខិតអនុញ្ញាតនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង។

តាមប្រភពមន្ត្រីជំនាញ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្តែង ការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ដឹកជ្រូករស់ ចំនួន១៦០ក្បាល នាំចេញពីប្រ ទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្តារាជធានី-ខេត្ត។

ក្រោយពីមន្ត្រីជំនាញ បានពិនិត្យជាក់ស្តែង ឃើញថា ការដឹកជញ្ជូនជ្រូករស់ ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូល ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

មន្ត្រីជំនាញ បាននាំយកវត្ថុតាំង មករក្សាទុកនៅមណ្ឌលចត្តាឡីស័ក របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធី៕


