ភ្នំពេញ ៖ គ្រាប់បែកចង្កោម មិនទាន់ផ្ទុះ ចំនួន១២០គ្រាប់ ដែលយោធាថៃឈ្លានពាន បាញ់មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញស៊ីម៉ាក់ រកឃើញចំនួន ១២០គ្រាប់ នៅរាយប៉ាយក្នុងតំបន់ស៊ីវិលកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកម្ចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ រួមទាំងគ្រាប់បែកចង្កោម របស់យោធាថៃ មកលើតំបន់ស៊ីវិលកម្ពុជា ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា បានបញ្ជាក់ថា ជាបឋម ស៊ីម៉ាក់ បានរកឃើញគ្រាប់បែកចង្កោម មិនទាន់ផ្ទុះ ចំនួន ១២០គ្រាប់ ដែលបង្កដោយយោធាថៃ ឈ្លានពានមកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ការធ្វើបទបង្ហាញនេះ បានធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន តំណាងដោយលោកស្រី ធន សយនារីរ័ត្ន ទីប្រឹក្សាក្រសួង ដឹកនាំអ្នកសារព័ត៌មាន មកពីរាជធានីភ្នំពេញ ចុះថតផ្តិតយកទិដ្ឋភាពដោយផ្ទាល់ នៅទីតាំងរងគ្រោះ៕